681 ezgif.com resize
Swift cc time

លើសពីការសន្សំប្រាក់ «ក្រុមសន្សំប្រាក់នារី» ក្លាយជាចលករជួយលើកកម្ពស់សិទ្ធិអំណាច និងសាមគ្គីភាពស្រ្តី

បទយកការណ៍
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្នុងបរិបទដែលការគ្រប់គ្រងហិរញ្ញវត្ថុបានក្លាយជាកត្តាសំខាន់សម្រាប់ជីវភាពរស់នៅ «ក្រុមសន្សំប្រាក់នារី» បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែជាកន្លែងសន្សំទ្រព្យនោះទេ ប៉ុន្តែជាសហគមន៍មួយដែលជួយជ្រោមជ្រែង និងបង្កើនសមត្ថភាពស្រ្តីឱ្យមានភាពម្ចាស់ការលើខ្លួនឯង។ នេះបើយោងតាម អ្នកនាង ជឹម សុភ័ក្រ ប្រធានគ្រប់គ្រងទូទៅថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ក្នុងបទសម្ភាស។

ជឹម សុភ័ក្រ ប្រធានគ្រប់គ្រងទូទៅនៃក្រុមសន្សំប្រាក់នារី

អ្នកនាង ជឹម សុភ័ក្រ ប្រធានគ្រប់គ្រងទូទៅនៃក្រុមសន្សំប្រាក់នារីនៃក្រុមសន្សំប្រាក់នារី បានប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ថា ក្រុមនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១០ ដោយមានស្ថាបនិកដំបូងជាជានិស្សិតស្រីចំនួន ៨នាក់។ មូលហេតុចម្បងនៃការបង្កើតក្រុមនេះ គឺផ្ដើមចេញពីការសង្កេតឃើញនូវបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុក្នុងចំណោមស្រ្តី ដូចជាកង្វះថវិកាសម្រាប់បង់ថ្លៃសិក្សា ខ្វះដើមទុនសម្រាប់អាជីវកម្មខ្នាតតូច ឬការទិញសម្ភារៈសិក្សានានាក្នុងកំឡុងពេលសិក្សានៅសកលវិទ្យាល័យ។

បើតាម ប្រធានគ្រប់គ្រងទូទៅនៃក្រុមសន្សំប្រាក់នារី អ្វីដែលធ្វើឱ្យក្រុមនេះមានលក្ខណៈពិសេស គឺការប្រកាន់ខ្ជាប់នូវគោលការណ៍សន្សំ «ស.ម.ច.ល» ដែលរួមមាន៖ ស (សុខភាព)៖ ការយកចិត្តទុកដាក់លើសុខុមាលភាព, ម (មិត្តភាព)៖ ការបង្កើតបណ្តាញទំនាក់ទំនង និងសាមគ្គីភាព, ច (ចំណេះដឹង)៖ ការអភិវឌ្ឍសមត្ថភាព និងការរៀនសូត្រឥតឈប់ឈរ, និង ល (លុយ)៖ ការគ្រប់គ្រង និងការសន្សំដើម្បីស្ថិរភាពសេដ្ឋកិច្ច។ ដើម្បីធានានូវគុណភាព និងទំនុកចិត្ត សមាជិកថ្មីដែលចង់ចូលរួម ត្រូវតែមានការធានាពីសមាជិកចាស់នៅក្នុងក្រុម ដើម្បីបញ្ជាក់ពីគុណសម្បត្តិ និងការប្តេជ្ញាចិត្តពិតប្រាកដ។

គិតត្រឹមខែមេសា ឆ្នាំ២០២៦ ក្រុមសន្សំប្រាក់នារី មានសមាជិកសរុបប្រមាណ ២៧០នាក់ ដែលមានអាយុចន្លោះពី ១៨ ដល់ ៥៥ឆ្នាំ រួមមានទាំងសហគ្រិន បុគ្គលិកក្រុមហ៊ុន និស្សិត និងមេផ្ទះ។ សមាជិកដែលចូលរួមក្នុងក្រុមនេះ មិនត្រឹមតែទទួលបានឱកាសក្នុងការសន្សំ និងខ្ចីប្រាក់សម្រាប់តម្រូវការចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវការគាំទ្រផ្នែកផ្លូវអារម្មណ៍ និងការចែករំលែកបទពិសោធន៍ជីវិតជាក់ស្តែង។ កម្មវិធីចែករំលែកទាំងនោះមានដូចជា ការចិញ្ចឹមកូន ការបង្កើនជំនាញនិយាយជាសាធារណៈ និងការផ្តល់ប្រឹក្សាលើការបង្កើតអាជីវកម្មជាដើម។

ឆ្លងកាត់រយៈពេលជាង ១៦ឆ្នាំមកនេះ សមាជិកជាច្រើនបានសម្រេចនូវគោលដៅធំៗក្នុងជីវិតតាមរយៈការគាំទ្រពីក្រុម។ សមាជិកខ្លះអាចបន្តការសិក្សារហូតចប់បរិញ្ញាបត្រតាមរយៈប្រាក់កម្ចីសន្សំ ខ្លះទៀតអាចទិញមធ្យោបាយធ្វើដំណើរ និងកុំព្យូទ័រសម្រាប់បម្រើការងារ។ ជាឧទាហរណ៍ជាក់ស្តែង អាជីវកម្ម «បាយស្លឹកចេក» ក៏ជាសមាជិកមួយរូបដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីក្រុមសន្សំប្រាក់នារីនេះផងដែរ។

គួររំលឹកថា ក្រុមសន្សំប្រាក់នារី (Lady Saving Group - LSG) គឺជាបណ្តាញស្ម័គ្រចិត្តលើកកម្ពស់សេដ្ឋកិច្ចស្ត្រីនៅកម្ពុជា តាមរយៈការសន្សំប្រាក់ កសាងសមត្ថភាពដឹកនាំ និងសហគ្រិនភាព។ ក្រុមនេះជួយឱ្យស្ត្រីមានលទ្ធភាពសន្សំប្រាក់ ខ្ចីប្រាក់យកការប្រាក់កម្រិតទាប ក្នុងការបង្កើតអាជីវកម្ម និងបង្កើនប្រាក់ចំណូលគ្រួសារ៕

Khcct banner

អត្ថបទទាក់ទង