681 ezgif.com resize
Swift cc time

ចិនផ្ដល់បច្ចេកទេស «ដាំស្រូវ-ចិញ្ចឹមបង្កង» ដល់កសិករក្នុងខេត្តចំនួន ៣ របស់កម្ពុជា ដើម្បីបង្កើនទិន្នផល

CHINA-CAMBODIA HOTLINE
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

កម្ពុជា៖ ក្រុមកិច្ចសហប្រតិបត្តិការបច្ចេកទេសជលផលឡានឆាង-មេគង្គ ដឹកនាំដោយសាស្ត្រាចារ្យ Wu Xugan នៃសាកលវិទ្យាល័យ Shanghai Ocean បាននាំយកបច្ចេកវិទ្យាចិញ្ចឹមបង្កងក្នុងស្រែតាមបែបទំនើបមកអនុវត្តនៅកម្ពុជា ដើម្បីដោះស្រាយបញ្ហាអត្រារស់រានទាប និងកង្វះបច្ចេកទេសចិញ្ចឹមក្នុងស្រុក។នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។

តាមរយៈការចុះអង្កេតផ្ទាល់នៅតាមកសិដ្ឋានចំនួន ១៧៤ ក្នុងខេត្តបាត់ដំបង កំពង់ធំ និងតាកែវ ក្រុមការងារចិនបានដាក់ចេញនូវដំណោះស្រាយគន្លឹះចំនួន ៣ រួមមាន ការប្រើប្រាស់ប្រព័ន្ធបញ្ចេញអុកស៊ីសែន (Aeration) ការផ្គត់ផ្គង់ចំណីមានគុណភាពខ្ពស់ និងការតាមដានគុណភាពទឹកតាមពេលវេលាជាក់ស្តែង។ ជាលទ្ធផល អត្រារស់រាននៃកូនបង្កងបានកើនឡើងដល់ប្រមាណ ៧០% ជាមួយទម្ងន់មធ្យម ៥,២ ក្រាម ដែលជាសញ្ញាវិជ្ជមានបំផុតសម្រាប់ការផលិតកូនបង្កងទ្រង់ទ្រាយធំ។

ក្រៅពីការផ្ទេរបច្ចេកវិទ្យា គម្រោងនេះក៏បានសង្កត់ធ្ងន់លើការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងស្រុក ដោយបានរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសជាង ១០ ដង ដល់កសិករ និងអ្នកជំនាញជលផលកម្ពុជារាប់រយនាក់ ចាប់តាំងពីដើមឆ្នាំ២០២៤ មក។

ទន្ទឹមនឹងនេះ សាកលវិទ្យាល័យ Shanghai Ocean ក៏បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដើម្បីទៅសិក្សាជំនាញកសិកម្ម និងវារីវប្បកម្មនៅប្រទេសចិន ក្នុងគោលបំណងបង្កើតធនធានអ្នកជំនាញក្នុងស្រុកសម្រាប់អភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាព និងសន្តិសុខស្បៀងនៅកម្ពុជា។

នាពេលអនាគត ក្រុមការងារចិនក៏គ្រោងនឹងបង្កើតមន្ទីរពិសោធន៍រួមគ្នា កម្ពុជា-ចិន សម្រាប់ការចិញ្ចឹមវារីសត្វប្រកបដោយនិរន្តរភាព ដើម្បីក្លាយជាមជ្ឈមណ្ឌលនៃការស្រាវជ្រាវ និងការអនុវត្តជាក់ស្តែងសម្រាប់កសិករខ្មែរ៕

Khcct banner

អត្ថបទទាក់ទង