ភ្នំពេញ៖ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន២ គឺ ពានរង្វាន់ “HCM Excellence Award 2025” និង “2026 Brandon Hall Group HR Prediction Champion” នៅក្នុង “កម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត” ពី Brandon Hall Group អាម៉េរិក ដែលជាស្ថាប័នស្រាវជ្រាវ និង វិភាគឯករាជ្យដ៏ល្បីល្បាញលំដាប់ពិភពលោក។
កម្មវិធីប្រគល់ពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិនេះ ត្រូវបានរៀបចំឡើងនៅអាម៉េរិក ដោយមានអ្នកចូលរួមសរុប ប្រមាណ ៥០០ រូប ដែលជាតំណាងមកពី ២០០ ស្ថាប័ន នៃបណ្តាប្រទេសចំនួន ២០ ជុំវិញសកលលោក។ នៅក្នុងនោះ ក៏មានវត្តមានក្រុមហ៊ុនយក្សលំដាប់អន្តរជាតិល្បីៗ ចូលរួមទទួលរង្វាន់ផងដែរ រួមមាន៖ Bank of America, GE, Google, HP, Lexus, Pfizer, Qatar Airways, Harman, និង McDonald, ។ល។
លោក ផាន់ ផល្លា និង លោក គង់ ម៉ារី ជាថ្នាក់ដឹកនាំនៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និង ជារដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រគល់ពានរង្វាន់ឆ្នើមនេះ ជូនចំពោះលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានចាត់ទុកថា បានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា៕