ចិន៖ ប្រធានាធិបតីចិន លោក ស៊ីជិនពីង បានចុះជួបសួរសុខទុក្ខផ្ទាល់ជាមួយពលរដ្ឋចិនក្នុងដំណើរ ទស្សនកិច្ចនិងត្រួតពិនិត្យរយៈពេលពីរថ្ងៃនៅទីក្រុងប៉េកាំង វីដេអូលោកប្រធានស៊ីដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានរាយការណ៍ថាលោកប្រធានស៊ីបានសម្តែងការកោតសរសើរដល់ការខិតខំប្រឹងប្រែង និងការរួមចំណែករបស់កម្មករដឹកជញ្ជូននៅទីក្រុងប៉េកាំង ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់អាហារដ្ឋានសហគមន៍សម្រាប់មនុស្សចាស់មួយកន្លែងក្នុងទីក្រុងប៉េកាំង។
លោក ស៊ី បានមានប្រសាសន៍ថាទីក្រុង មិនអាចដំណើរការដោយគ្មានកម្មករដូចជាអ្នកគ្រប់គ្នានោះទេ ការងាររបស់អ្នកបំពេញតម្រូវការរបស់គ្រួសាររបស់ពលរដ្ឋចិនជាច្រើន លោកក៏សង្ឃឹមថាពួកគេអាចរស់នៅបានល្អ និងធ្វើការបានល្អ។ លោក ស៊ី ក៏បានជំរុញឱ្យគណៈកម្មាធិការបក្ស និងរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ចំពោះកម្មករក្នុងទម្រង់ការងារថ្មី និងផ្តល់សេវាកម្មដែលមានគុណភាពដើម្បីគាំទ្រដល់ការងារ ជីវិតប្រចាំថ្ងៃ និងការសិក្សារបស់ពួកគេបន្ថែមទៀត។