ភ្នំពេញ៖ កម្ពុជា និងគុយបា នៅថ្ងៃទី៩ ខែកុម្ភៈ បានពិភាក្សាលើលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងវិស័យជីវឱសថ ផ្តោតលើការព្យាបាលជំងឺមហារីក និងជំងឺទឹកនោមផ្អែម។ ការពិភាក្សានេះ ធ្វើឡើងក្នុងជំនួបរវាងលោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងលោកស្រី Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតគុយបា ប្រចាំនៅកម្ពុជា និងលោកវេជ្ជបណ្ឌិត Pedro Camilo Rodríguez Rodríguez ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម នៃក្រុមហ៊ុន BIOCUBAFARMA របស់សាធារណរដ្ឋគុយបា។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើលទ្ធភាពជំរុញគំរូអាជីវកម្ម និងកិច្ចសហប្រតិបត្តិការ សម្រាប់ការនាំចូល និងការប្រើប្រាស់ផលិតផលជីវឱសថ របស់ប្រទេសគុយបា ដោយផ្តោតសំខាន់លើការព្យាបាលជំងឺមហារីក និងជំងឺទឹកនោមផ្អែម ស្របតាមតម្រូវការព្យាបាល និងអាទិភាពសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ លោករដ្ឋលេខាធិការ បានលើកឡើងបន្ថែម ពីសារៈសំខាន់នៃការធានាគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពផលិតផល ដោយគោរពតាមបទប្បញ្ញត្តិជាធរមាន។
លោកវេជ្ជបណ្ឌិត ង៉ូវ កាង ក៏បានថ្លែងអំណរគុណចំពោះលោកស្រីអគ្គរដ្ឋទូត និងសហការី ដែលតែងតែគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល រួមមាន ការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ អ្នកជំនាញ ការគាំទ្របច្ចេកទេស និងពង្រឹងសមត្ថភាព ធនធានមនុស្សសុខាភិបាល ព្រមទាំងបានបញ្ជាក់ពីការគាំទ្រក្រសួង ចំពោះសកម្មភាព ក្រោមកិច្ចសហប្រតិបត្តិការដែលមានគោលបំណងរួមចំណែក ដល់ការលើកកម្ពស់គុណភាព សេវាសុខាភិបាល និងសុខភាពសាធារណៈ នៅកម្ពុជា៕