ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(ក.ប.ទ.) នៅថ្ងៃទី ១៤ មករា បានជូនដំណឹងស្ដីពី ការហាមឃាត់ការនាំចូល ចែកចាយ ដំឡើង ប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ,ឧបករណ៍បញ្ជូនទទួលសេវាទូរសព្ទ ក្លែងក្លាយ,អាកាសយានគ្មានមនុស្សបើក,ឧបករណ៍កាត់ផ្តាច់សេវា ដោយពុំមានលិខិតអនុញ្ញាតឱ្យនាំចូល។
ការហាមឃាត់នេះ ធ្វើឡើងបន្ទាប់ពី ក.ប.ទ. ឃើញមានសកម្មភាពនាំចូល ចែកចាយ ដំឡើង ប្រើប្រាស់ និងការផ្សព្វផ្សាយពាណិជ្ជកម្មលក់ ឧបករណ៍ទូរគមនាគមន៍ ឬឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ នៅលើទីផ្សារកម្ពុជា ដូចជា ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ(Booster/Repeater) ឧបករណ៍បញ្ជូនទទួលសេវាទូរសព្ទ ក្លែងក្លាយ (Fake Base Transceiver Station - Fake BTS) អាកាសយានគ្មានមនុស្សបើក (Drone) ឧបករណ៍កាត់ ផ្តាច់សេវា (Jammer) ដោយពុំមានលិខិតអនុញ្ញាតឱ្យនាំចូលពីនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.)។
ផ្អែកតាមច្បាប់ស្តីពីទូរគមនាគមន៍ ការនាំចូល និងចែកចាយឧបករណ៍ ទូរគមនាគមន៍ ឬឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ ត្រូវធ្វើឡើងដោយបុគ្គលដែលមានការទទួលស្គាល់គុណវុឌ្ឍ សម្រាប់នាំចូលនិងចែកចាយ និងត្រូវមានវិញ្ញាបនបត្រទទួលស្គាល់យថាប្រភេទ (Type Approval Certificate) ព្រមទាំងត្រូវមានលិខិតអនុញ្ញាតឱ្យនាំចូលពី ន.ទ.ក. ដើម្បីធានាបានថា ឧបករណ៍ទាំងនេះ ពុំបង្កហានិភ័យដល់ អ្នកប្រើប្រាស់ និងបង្កផលប៉ះពាល់ទៅដល់គុណភាពសេវាទូរគមនាគមន៍ ជាពិសេសចៀសវាងការយកទៅប្រើប្រាស់ ដើម្បីប្រព្រឹត្តបទល្មើសនានា ដែលបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងសន្តិសុខជាតិ។
ក.ប.ទ. គូសបញ្ជាក់ថា ការធ្វើប្រតិបត្តិការក្នុងវិស័យទូរគមនាគមន៍ដោយគ្មានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតពី ន.ទ.ក. និងការធ្វើសកម្មភាពទាំងឡាយណាផ្ទុយពីការកំណត់របស់ច្បាប់ស្តីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ គឺនឹងត្រូវទទួលរងទណ្ឌកម្មស្របតាមបទបញ្ញត្តិជាធរមាន៕