681 ezgif.com resize
Swift cc time

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំឱ្យអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បែងចែកកម្លាំងការពារសុវត្ថិភាពពលរដ្ឋភៀសសឹក ដើម្បីបង្ការ និងបង្ក្រាបជនបង្កប់ផ្តល់ព័ត៌មានសម្ងាត់ឱ្យខ្មាំងសត្រូវ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ៩ ខែធ្នូ បានណែនាំដល់អភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវបែងចែកកម្លាំង និងចាត់វិធានការរដ្ឋបាលនិងសន្តិសុខដើម្បីគ្រប់គ្រង និងថែរក្សា ការពារសន្តិសុខ និងសុវត្ថិភាពនៅតាមទីជម្រកសុវត្ថិភាព ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបជនបង្កប់ឬជនល្មើស ដែលធ្វើសកម្មភាពស៊ើបការណ៍ និងផ្តល់ព័ត៌មានសម្ងាត់ ឬទីតាំងរបស់យោធាកម្ពុជាទៅឱ្យខ្មាំងសត្រូវបរទេស។

យោងតាមលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំថា ដើម្បីគ្រប់គ្រងសភាពការណ៍តាមព្រំដែន និងឆ្លើយតបនឹងការឈ្លានពានពីសំណាក់កងទ័ព ថៃ ព្រមទាំងធានាការពារនូវសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងចូលរួមថែរក្សាការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃកម្ពុជា ក្រសួងមហាផ្ទៃសូមធ្វើការណែនាំដល់ លោកដ លោកស្រី អភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវអនុវត្តវិធានការបែងចែកកម្លាំង និងចាត់វិធានការរដ្ឋបាលនិងសន្តិសុខដើម្បីគ្រប់គ្រង និងថែរក្សា ការពារសន្តិសុខ និងសុវត្ថិភាពនៅតាមទីជម្រកសុវត្ថិភាព ព្រមទាំងការពារផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋភៀសសឹកពីការលួចគាស់និងការបំផ្លិចបំផ្លាញពីសំណាក់ ជនខិលខូច។

ទន្ទឹមនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ថែមថា ត្រូវចាត់កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានធ្វើការយាម ល្បាត២៤/២៤ម៉ោង ដើម្បីចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបជនបង្កប់ឬជនល្មើស ដែលធ្វើសកម្មភាពស៊ើបការណ៍ និងផ្តល់ព័ត៌មានសម្ងាត់ ឬទីតាំងរបស់យោធាកម្ពុជាទៅឱ្យ ខ្មាំងសត្រូវបរទេស៕

Khcct banner

អត្ថបទទាក់ទង