ភ្នំពេញ៖ លោក ជី ដេវីត និងអ្នកនាង ទេព បូព្រឹក្ស ព្រមទាំងសាច់ញាតិ នៅថ្ងៃទី៩ធ្នូនេះ ប្រកាសចូលរួមថវិកាសរុប ៣ម៉ឺនដុល្លារ ជួយពលរដ្ឋភៀសសឹក និងវីរកងទ័ពជួរមុខកម្ពុជា។ ជាមួយគ្នានេះ តាមរយៈទំព័រហ្វេកប៊ុកផ្លូវការរបស់លោក ជី ដេវីត បានប្រកាសថា ថ្ងៃស្អែកនេះ លោកនឹងរៀបចំបើក «មូលនិធិអ្នកចម្បាំងឈាមខ្មែរ ‘ KHMER WARRIORS FUND» ឡើងវិញ ហើយអ្នកគាំទ្រក៏ដូចជាជនរួមជាតិ ដែលមានបំណងចង់ចូលរួមបាន ដើម្បីជួយដល់បងប្អូនជនភៀសសឹក និង វីរកងទ័ពជួរមុខកម្ពុជា។
ខ្ញុំបាទ G-DEVITH និង ទេព បូព្រឹក្ស សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសសូមចូលរួមតាមលទ្ធភាព។
លោក ជី ដេវីត បានឲ្យដឹងពីគោលបំណង ៣ សម្រាប់មូលនិធិនេះគឺ:ទី១ ផ្តោតសំខាន់ទៅលើយោធាវីរកងទ័ពសមរភូមិជួរមុខគ្រប់មូលដ្ធាន។ ធានាបាននូវស្បៀង ដែលហែកហូបបានភ្លាមៗ និង ស្បៀងឆ្អិនស្រាប់ ថ្នាំសង្កូវ ឧបករណ៍ប្រើប្រាស់ចាំបាច់ និង បម្រុងសម្រាប់ករណីចាំបាច់។
គោលដៅទី២៖ ថវិការនឹងស្តុកទុកមួយចំណែកដើម្បីចូលរួមជាមួយរាជរដ្ធាភិបានផ្គត់ផ្គង់បន្ថែមក្នុងករណីចាំបាច់ផ្នែក ‘ ពេទ្យ និង យុវជនស្ម័ក្រចិត្ត។ គោលដៅទី ៣៖ ចូលទៅដល់ទីតាំង ជនភៀសសឹក ផ្គត់ផ្គង់របស់ចាំបាច់គ្រឿងឧបភោគបរិភោគ និង របស់ប្រើប្រាស់ចាំបាច់ ។ ដល់ដៃ ដល់ទីតាំង
ដោយគោលដៅ 3 ប្រការខាងលើនេះ លោក ជី ដេវីត និងអ្នកនាង ទេព បូព្រឹក្ស អាចធានាបាននូវថវិកាបងប្អូនដែលបានចូលរួម មិនឲ្យបាត់មួយកាក់មួយសេនណាឡើយ។ ក្នុងបុព្វហេតុជាតិលើកនេះទោះបីប្រទេសយើងតូចតែបេះដូងខ្មែរសាមគ្គីធំប៉ុនមហាមេឃ។
គួរបញ្ជាក់ថា« មូលនិធិអ្នកចម្បាំងឈាមខ្មែរ ‘ KHMER WARRIORS FUND» គឺគោលបំណងធំផ្តោតសំខាន់ទៅលើយោធា និង កងទ័ពសមរភូមិមុខ និង បងប្អូនជនភៀសសឹក៕