ភ្នំពេញ៖ ពិធីបុណ្យសែនក្បាលទឹក គឺជាពិធីបុណ្យប្រពៃណីជនជាតិចិនបង្ហាញឱ្យឃើញពី ពហុជំនឿ និង ទំនាក់ទំនងរបស់ប្រជាជនកម្ពុជា និងចិន។ទំនៀមទំលាប់ វប្បធម៌ នៃពិធីសែនក្បាលទឹកនេះ មិនមានប្រភពណាមួយបញ្ជាក់ថា កើតឡើងតាំងពីពេលណានោះទេ ប៉ុន្តែគ្រាន់តែដឹងថាពិធីនេះ បាននាំចូលមកប្រទេសកម្ពុជាដោយជនជាតិចិនទៀជីវដែលមករស់នៅកម្ពុជាតាមដងទន្លេមេគង្គចាប់ពីសតវត្សរ៍ទី១៥មកម្លេះ ដើម្បីរៀបចំរម្លឹកគុណទឹកទន្លេមេគង្គ។
ក្នុងបទសម្ភាសន៍ជាវិទ្យមិត្តភាពកម្ពុជាចិន បណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានលើកឡើងថា ពិធីសែនក្បាលទឹក បានបង្ហាញឱ្យឃើញពីសញ្ញាណដ៏ល្អមួយ នៃ ទំនាក់ទំនងល្អរវាងប្រជាជនកម្ពុជា និងចិនតាមរយៈការគោរពប្រតិបត្តិពហុជំនឿ សាសនា និងប្រពៃណីវប្បធម៌ ខណៈដែលពិធីនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិនរៀបចំសែនជារៀងរាល់ឆ្នាំ។ ដោយឆ្នាំនេះពិធីសែនក្បាលទឹកត្រូវនឹងថ្ងៃសៅរ៍១៥ កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ ហើយក៏ត្រូវនឹងថ្ងៃសីល និងពេញបូណ៌មី។
បើតាមលោកបណ្ឌិត ជា មុនីឫទ្ធិ ទំនៀមទំលាប់ វប្បធម៌ នៃពិធីសែនក្បាលទឹកនេះ មិនមានប្រភពណាមួយបញ្ជាក់ថា កើតឡើងតាំងពីពេលណានោះទេ ប៉ុន្តែគ្រាន់តែដឹងថាពិធីនេះ បាននាំចូលមកប្រទេសកម្ពុជាដោយជនជាតិចិនទៀជីវដែលមករស់នៅកម្ពុជាតាមដងទន្លេមេគង្គចាប់ពីសតវត្សរ៍ទី១៥មកម្លេះ ដោយមានការច្របាច់បញ្ចូលគ្នាជាមួយប្រពៃណីទំនៀមទម្លាប់របស់ខ្មែរផងដែរ។
លោកថ្លែងថា « ពិធីនេះជាសញ្ញាណ នៃទំនាក់ទំនងដ៏ល្អ រវាងប្រជាជាតិនៃប្រទេសយើងទាំងពីរ បានផ្សាភ្ជាប់ពីទំនាក់ទំនង ការផ្សាភ្ជាប់បេះដូង រវាងប្រជាជន និងប្រជាជនប្រទេសទាំងពីរ។ មិនត្រឹមតែប៉ុណ្ណោះ ការប្រតិបត្តិជាហូហែរ នៃពិធីនេះ គឺជាការឈ្វេងយល់ ការចែករម្លែក ការរួមរស់ដោយសុខដុមនីយកម្មក្នុងពហុវប្បធម៌ និង ពហុជំនឿរបស់ជនជាតិយើងទាំងពីរផងដែរ»។
លោកបណ្ឌិត ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនរួបនេះបានបន្តថា ពិធីសែនក្បាលទឹកនេះ គេរៀបចំតែមួយព្រឹកឬមួយថ្ងៃប៉ុណោះ ដើម្បីរម្លឹកថា ទឹកទន្លេមេគង្គចាប់ផ្តើមឡើងហើយ និងជាការដឹងគុណដល់ទឹកទន្លេ ដែលបាននាំផ្តល់សារសំខាន់ក្នុងការស្រោចស្រពផលដំណាំ និងប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនជាពិសេសប្រាប់ដល់អ្នករស់នៅតាមដងទន្លេទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗផងដែរ។
បុណ្យនេះគេមិនបានរៀបចំផ្ទះ ទិញគ្រឿងលំអរតាំងស្កេកស្កះដូចចូលឆ្នាំនោះទេ គេគ្រាន់តែរៀបចំសែនជាធម្មតា ដែលចែកជាពីរដង លើកទីមួយនៅពេលថ្ងៃ សែនដល់កុងម៉ា ជីដូនជីតា ហើយលើកទីពីរនៅពេលល្ងាច គឺសែនដល់ខ្មោចបិសាចអនាថា ដែលគ្មានញាតិ គ្មានផ្ទះសម្បែង ឬរកផ្ទះញាតិមិនឃើញ។
ជំនឿនៃការសែន និងសំណែនត្រូវបានធ្វើតាមការជឿដោយរៀងៗខ្លួន គ្រួសារខ្លះគេសែនផ្លែឈើ នំនែកពីព្រឹក ហើយពេលថ្ងៃត្រង់សែនបាយសម្លរម្តងទៀតក៏សន្មត់ថាចប់ ដោយមិនសែនពេលល្ងាចនោះទេ តែគ្រួសារខ្លះក៏សែនល្ងាចម្តងទៀតតាមជំនឿ និងធនធានដែលខ្លួនមាន។បន្ទាប់ពីការសែនព្រែនរួចហើយ គេនៅមានដុតបូជាក្រដាសសែនផ្សេងៗ មានលុយ មាសប្រាក់ សំលៀកបំពាក់ និងគ្រឿងសែនក្រដាសផ្សេងៗទៀត មានតាំងពីប៉ាស្ព័រ វីសារ សំបុត្រយន្តហោះ រថយន្ត ផ្ទះ ជាដើម។ហើយសុំផ្សងមកវិញនូវពរជ័យ សុខសប្បាយ និងរកស៊ីមានបាន។
ពិធីសែនក្បាលទឹកដែលគេដឹងថា មានប្រភពមកពីជនជាតិចិននេះ ពីមួយជំនាន់ទៅមួយជំនាន់ ត្រូវបានប្រជាជនខ្មែរជាប់សែស្រឡាយចិន ឬអ្នកមិនជាប់សែស្រឡាយចិនសោះ ក៏រៀបចំធ្វើពិធីសែនក្បាលទឹកនេះដែរ ដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន។គេសង្កេតឃើញមានការរៀបចំឡើងដោយបានការច្របាច់បញ្ចូលគ្នានូវជំនឿបែបព្រហ្មញសាសនាតាមរយៈសែនជីដូនជីតា និងបែបព្រះពុទ្ធសាសនាដោយនាំយកចង្ហាន់ទេយ្យទានផ្សេងៗទៅវត្តប្រគេនព្រះសង្ឃជាដើម៕