Cctimesw1140xh150cm copy

ទឹកជំនន់៖ពលរដ្ឋខ្មែរប្រមាណ៦០ម៉ឺននាក់ប្រឈមនឹងបញ្ហាជីវភាព

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ បច្ចុប្បន្នស្ថានភាពទឹកជំនន់បានធូរស្រាលជាងមុន ដោយប្រជាពលរដ្ឋមួយចំនួនធំវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញ។ ប៉ុន្តែប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជាង៦០ម៉ឺននាក់នៅតែជួបផលលំបាក ដោយសារតែជំនន់ទឹកភ្លៀងនេះ បានធ្វើឲ្យប៉ះពាល់ខ្លាំងដល់លំនៅដ្ឋាន ដំណាំ ស្រែចម្ការ និងទ្រព្យសម្បត្តិផ្សេងៗត្រូវខូចខាត ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋនៅតែមិនទាន់អាចមានលទ្ធភាពស្តាជីវភាពឡើងវិញបានភ្លាមៗ។

លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា បច្ចុប្បន្នស្ថានភាពទឹកជំនន់នៅតាមបណ្តាបណ្តាខេត្តទាំង២០ និង រាជធានីភ្នំពេញមានភាពប្រសើរឡើង ហើយប្រជាពលរដ្ឋដែលបានជម្លាសពីផ្ទះសម្បែងបានត្រឡប់ទៅវិញអស់ហើយ។ ប៉ុន្តែដោយសារតែជំនន់ទឹកភ្លៀងនេះ បានធ្វើឲ្យប៉ះពាល់ខ្លាំងដល់ជីវភាព ពោលគឺប្រជាពលរដ្ឋនៅមិនទាន់អាចមានលទ្ធភាពស្តាជីវភាពឡើងវិញបានភ្លាមៗនៅឡើយ។

បើតាមលោក ឃុន សុខា គិតមកដល់បច្ចុប្បន្ននេះ ជំនន់ទឹកភ្លៀងនៅទូទាំងប្រទេសកម្ពុជាប៉ះពាល់ប្រជាពលរដ្ឋប្រមាណ៦០ម៉ឺននាក់ ពលរដ្ឋ៤៣នាក់បានស្លាប់ លំនៅដ្ឋានប្រមាណ១៣០ពាន់ខ្នងត្រូវរងផលប៉ះពាល់ សាលារៀនជិត១ពាន់កន្លែង វត្តអារាមចំនួនជាង៣០០កន្លែង ដំណាំស្រូវប្រមាណ ២៨០ហិកតា ដំណាំផ្សេងទៀតដូចជា១សែនហិកតា ផ្លូវជាតិ ផ្លូខេត្តប្រមាណជាង៦០០គីឡូម៉ែត្រក៏រងផលប៉ះពាល់ ផ្លូវលំជនបទប្រវែង១៦០០គីឡូម៉ែត្រ។

ឆ្លើយតបតាមការបញ្ជារបស់សម្តេច ហ៊ុន សែន កាលពីទី២៦ខែតុលា ក្រសួង៤រួមមានក្រសួងធនធានទឹក ក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងបំពេញភារកិច្ចក្នុងការស្តាឡើងវិញ ដើម្បីធ្វើយ៉ាងណាឲ្យលើកកម្ពស់ និងស្តាជីវភាពរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេល។ នេះបើតាមលោក ឃុន សុខា។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រសួងទាំងបួនបានចុះទៅដល់ទីកន្លែងដែលរងគ្រោះធ្ងន់ធ្ងរ ហើយបានរៀបចំចាប់ផ្តើមធ្វើការងារនេះ នៅតាមមូលដ្ឋានពីថ្នាក់ជាតិចុះទៅដល់មូលដ្ឋាន ហើយកំពុងតែសិក្សា និងធ្វើការស្តាឡើងវិញបន្ទាន់ដូចជាកន្លែងដែលដាច់ ការបាក់ស្ពាន កំពុងតែចាប់ផ្តើមដំណើរការជួសជុលបន្ទាន់។ ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយទឹកជនន់នេះ ខាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយនៅតែបន្តជួយសង្រ្គោះ និងបម្រើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក៏ដូចជាជួយប្រជាពលរដ្ឋឲ្យមានលទ្ធភាពងើបឈរខ្លួនឯងដូចធម្មតាឡើងវិញ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង