
ថ្មីៗនេះ អ្នកនយោបាយប្រទេសថៃ បានប្រាប់អ្នកសារព័ត៌មាន ខ្លួនកំពុងសិក្សាលើគំនិតនៃការសាងសង់ ជញ្ជាំងនៅតាមព្រំដែន របស់ខ្លួនជាប់ប្រទេសកម្ពុជា ដើម្បីរារាំងការឆ្លងដែនខុសច្បាប់ និង ប្រឆាំងនឹងអំពើឆបោកតាមអនឡាញ។ នៅពេលដែលអ្នកនយោបាយប្រទេសថៃនិយាយជាសាធារណៈបែបនេះ ធ្វើអោយអ្នកកាសែតមានរឿងសរសេរ ផ្សាយយ៉ាងព្រោងព្រាត។ ទោះជាយ៉ាងណាក៏ដោយ ការលើកឡើងបែបនេះ ត្រូវបានគេមើលឃើញថា ជាលើកឡើងមិនសមហេតុផល និងមិនអាចធ្វើទៅរួច ហាក់បីដូចជាគ្រាន់តែនិយាយអោយគេឃើញថាប្រទេសគាត់ខំខ្លាំងណាស់ចំពោះបញ្ហាប្រឆាំងនឹងអំពើឆបោកតាមអនឡាញ។
ប៉ុន្តែទង្វើអ្នកនយោបាយថៃបែបនេះ ធ្វើអោយមានយល់ច្រឡំដោយប្រយោល អាចនាំឱ្យពិភពយល់ច្រឡំថា បញ្ហាបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតនៅប្រទេសកម្ពុជាធ្ងន់ធ្ងរជាងប្រទេសថៃទៅវិញ។ ការនិយាយពាក្យដែលមិនចាំបាច់បែបនេះ វាអាចផ្ទុយទៅនឹងស្មារតីនៃការគោរពគ្នាទៅវិញទៅមានក្នុងនាមជាប្រទេសជិតខាង។
ដូចយើងទាំងអស់គ្នាបានដឹងហើយថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ពាក់ព័ន្ធនឹងករណីបោកប្រាស់តាមអនឡាញជារឿងដ៏ស្មុគស្មាញ ហើយមេក្លោងឧក្រិដ្ឋកម្មសុទ្ធតែមកពីប្រទេសទីបី ហើយបទល្មើទទាំងអស់នេះ មិនអាចលុបបំបាត់បានដោយប្រទេសតែមួយឯកឯងនោះទេ។ ប្រទេសជាច្រើន នៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះ ហើយគួរប្រើមធ្យោបាយយន្តការទប់ស្កាត់ និងសហការបង្រ្កាបរួមគ្នា ទើបអាចជើករំលំឬសគស់នៃបញ្ហានេះបាន។
ដោយមើលឃើញថា ប្រទេសថៃ កំពុងប្រឈមមុខនឹងសម្ពាធពីអ្នកនយោបាយក្នុងស្រុកផង និង សហគមន៍អន្តរជាតិផង ដូច្នេះរាជរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃមានចិត្តចង់ បង្ហាញពីសមិទ្ធិផលនឹងស្នាដៃរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត យើងអាចយល់ពីអារម្មណ៌មួយនេះ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការបង្ហាញឆន្ទៈយ៉ាងតក់ក្រហល់ ក្អេងក្អាងហួសហេតុពេក វាអាចប្រែក្លាយទៅជាភាពមិនចាស់ទុំខាងការទូត និង ហើយវាអាចឈានទៅដល់ប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសជិតខាងផងដែរ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សកាន់អំណាចរបស់ប្រទេសខ្ញុំ កាលពីពេលថ្មីៗនេះ បានបញ្ចេញអារម្មណ៌អបអរសាទរជាសាធារណៈចំពោះការជោគជ័យរបស់ព្រះរាជាណាចក្រថៃ ដែលក្នុងមួយរយៈចុងក្រោយនេះ បានខិតខំយ៉ាងខ្លាំងក្នុងការបង្រ្កាបបទល្មើសឆបោក ។ ប៉ុន្តែ សម្តេច ហ៊ុន សែន បានបញ្ចាក់ហើយថា រឿងបទល្មើសមិនទាន់ចប់ទេនៅបន្តបង្រ្កាបតទៅទៀត ដែលទាមទារនូវកិច្ចសហការអន្តររដ្ឋាភិបាល ទើបអាចធ្វើទៅមានប្រសិទ្ធភាព។
កាយវិការមិត្តភាពបែបនេះ បានឆ្លុះបញ្ចាំងពីភាពស្មោះត្រង់របស់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងអស់ រួមទាំងប្រទេសថៃ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ យើងមើលឃើញថា ថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា បានបញ្ចេញឥរិយាបថគោរពគ្នា និង ឆន្ទៈគាំទ្ររបស់ខ្លួន យើងខ្ញុំក៏ជឿជាក់វិញថា អ្នកនយោបាយប្រទេសថៃក៏គួរតែបង្ហាញពីភាពចាស់ទុំ និងការអត់ធ្មត់ ហើយជៀសវាងការប្រើពាក្យសម្តី ឬសកម្មភាពមិនចាំបាច់ណាមួយ ដែលអាចបង្កឱ្យមានការយល់ច្រឡំលើភាពជឿទុកចិត្តគ្នានោះទេ។
លើសពីនេះទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ជាខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត ដោយសម្តេច បានសម្រេចបង្កើត គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមាន សម្ដេច ជាប្រធាន ដឹកនាំក្តាប់ស្ថានការណ៌និងបញ្ជាដោយផ្ទាល់។ យើងជឿជាក់ថា កម្លាំងសមត្ថកិច្ចរបស់កម្ពុជាប្រហែលជាកំពុងតែរៀបចំផែនការសកម្មភាព យើងនឹងអាចឃើញលទ្ធផលជោគជ័យនៃការបង្ក្រាបអំពើឆបោកតាមអនឡាញនឹងលេចចេញជាបណ្តើរៗក្នុងរយ:ពេលដ៏ខ្លីខាងមុខ។ ដូច្នេះ គ្មានការសង្ស័យទេអំពីការប្តេជ្ញាចិត្ត និង ភាពរឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត។
យើងសង្ឃឹមថា អ្នកនយោបាយមកពីប្រទេសពាក់ព័ន្ធ នៅពេលចេញសេចក្តីថ្លែងការណ៍ជាសាធារណៈ គួរណាពិចារណាអំពីមិត្តភាព និង កិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងផង ជៀសវាងការបង្កើតយល់ច្រឡយល់ច្រឡំណាមួយដោយមិនចាំបាច់។ គួរតែដឹងថា ភាពចាស់ទុំពិតប្រាកដ ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាជាងការចង់ចាញ់ឈ្នោះគ្នាទៅវិញទៅមក ហើយកាន់តែមិនគួរបំប៉ោងបញ្ហារបស់ប្រទេសដទៃ ដើម្បីលើកតំកើនខ្លួនឯង ដើម្បីទទួលបានការថែមពិន្ទុផ្នែកនយោបាយនោះទេ។
ការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត យើងមិនមែនប្រៀបធៀបថា ពេលនេះអ្នកណាធ្វើបានប្រសើរជាងគេ ឬប្រទេសណាមានបញ្ហាតិចជាងគេនោះទេ ដោយគ្រប់ប្រទេសគួរតែមានទំនួលខុសត្រូវក្នុងការធ្វើការជាមួយគ្នា។ មានតែតាមរយៈការគោរពគ្នាទៅវិញទៅមក និង កិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ ទើបយើងអាចរក្សាសន្តិសុខ និង ស្ថិរភាពក្នុងតំបន់បានយ៉ាងពិតប្រាកដ៕ (អត្ថបទ បកប្រែទាំងស្រុងពីស៊ីស៊ីថាមស៍ភាសាចិន)