
ភ្នំពេញ៖លោកស្រី អ៊ាត សោភា គឺជាអ្នកការទូតស្រ្តីចាស់វស្សាមួយរូប ដែលបានចាប់ផ្ដើមបម្រើការងារជាមន្ត្រីការិយាល័យព័ត៌មាននៃក្រសួងការបរទេស តាំងពីឆ្នាំ១៩៨៥។បច្ចុប្បន្នលោកស្រី អ៊ាត សោភា ជា រដ្ឋលេខាធិការក្រសួងការបរទេស និង ជាទីប្រឹក្សាសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានឋានៈស្មើរដ្ឋមន្រ្តី។ជាជោគជ័យដល់សព្វថ្ងៃនេះ គឺលោកស្ត្រីទទួលបានការផ្តល់តម្លៃ និង ការជួយគាំទ្រខ្ពស់ពីក្រុមគ្រួសារលោកស្ត្រី។
ក្នុងបទសម្ភាសន៍ជាមួយ ឯកអគ្គរាជទូតចក្រភពអង់គ្លេស លោក Dominic Williams លោកស្រី អ៊ាត សោភា បានថ្លែងចែករំលែកពីបទពិសោធន៍ជីវិតក្នុងនាមជាស្ត្រីអ្នកការទូតចាស់វស្សាមួយរូបតំណាងប្រទេសកម្ពុជា ដែលបានពុះពារគ្រប់ឧបសគ្គតាំងពីកម្ពុជារួចពីសម័យសង្គ្រាមរហូតទទួលបានសន្តិភាពមកដល់ពេលបច្ចុប្បន្ន។សម្រាប់លោកស្រីសោភា ជាស្ត្រីបន្តឈរជើងជាអ្នកការទូតនៅពេលនេះ គឺបានមកពី ការគាំទ្ររវាងសមាជិកក្នុងគ្រួសារទាំង ស្វាមី កូន និង ក្រុមគ្រួសារ ដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យស្រ្តីអាចបំពេញតួនាទីបានយ៉ាងល្អ។
នៅក្នុងបទសម្ភាសន៍លោកស្រី អ៊ាត សោភា បានចែករំលែកថា លោកស្រីមិនមានជាវិធីសាស្រ្តគ្រប់គ្រងពេលវេលា ឬ គ្រប់គ្រងគ្រួសារលោកស្រីបែបណានោះឡើយ តែលោកស្រី បានព្យាយាមធ្វើឱ្យសមាជិកនៅក្នុងគ្រួសារយល់ពីការងាររបស់លោកស្រី ក្នុងវិស័យការទូត ដើម្បីសមាជិកក្រុមគ្រួសារអាចយល់ និង គាំទ្រឱ្យលោកស្រីបំពេញការងារទាំងនេះបានផ្ចិតផ្ចង់ និង ល្អ។សម្រាប់លោកស្រី សោភា ការងារការទូត គឺធ្វើយ៉ាងណាបម្រើការងារផលប្រយោជន៍ និង កិត្តិយស មាតុភូមិជាតិជាសំខាន់ និង តាមដានស្ថានការណ៍ជាប្រចាំ។
បទសម្ភាសន៍របស់លោកស្រី អ៊ាត សោភា គឺទទួលបានការគាំទ្រ និង ផ្តល់តម្លៃជាគំរូដ៏សំខាន់សម្រាប់ស្ត្រីដែល លោក Dominic Williams បានភ្ជាប់ជាមួយនឹងខ្លឹមសារថា “នៅ British Embassy in Cambodia យើងតែងតែចូលរួមអបអរសាទរមេដឹកនាំស្ត្រីដែលទទួលបានជោគជ័យ”។
សូមរម្លឹកថា លោកស្រី អ៊ាត សោភា ជាមន្ត្រីការទូតស្ត្រីជើងចាស់មួយរូប ដែលបានចូលបំរើការងារនៅក្នុងក្រសួងការបរទេសចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ និង ធ្លាប់បានកាន់តំណែងជាអនុរដ្ឋលេខាធិការ ធ្លាប់បំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃរយៈពេលប្រមាណ៣ឆ្នាំ ធ្លាប់ធ្វើជានាយកខុទ្ទកាល័យអតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង និងជាអតីតឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និង ប្រចាំប្រទេសកាណាដា។
ក្នុងពេលកម្ពុជាទទួលធ្វើជាប្រធានអាស៊ាន កាលពីឆ្នាំ២០២២ លោកស្ត្រីជាស្ត្រីអ្នកការទូតម្នាក់ ដែលបានចូលរួមយ៉ាងសកម្មផ្នែកការទូត។បច្ចុប្បន្ននេះ អ្នកស្រី អ៊ាត សោភា ត្រូវបានព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជាទីប្រឹក្សាផ្ទាល់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានឋានៈស្មើ រដ្ឋមន្ដ្រី៕