ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបានលិខិតសរសើរពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ប្រទេសជប៉ុន (MLIT) នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានជួយលើកកម្ពស់គុណភាពការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា តាមរយះគម្រោងស្តារឡើងវិញស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១)។
គម្រោងស្តារឡើងវិញស្ពានមិត្តភាព កម្ពុជា-ជប៉ុន ស្ពាននេះត្រូវបានជួលជុលជាមួយនឹងការឌីហ្យាញនូវគុណភាពខ្ពស់តាមបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ប្រទេសជប៉ុន ដែលអាចធានាបាននូវភាពរឹងមាំ និងអាយុកាលវែងរបស់ស្ពាន។ ស្ពានមានប្រវែងសរុប ៧០៩ម៉ែត្រ និងទទឹងសរុប ១៣,៨ ម៉ែត្រ មានគន្លងយានយន្ត ២គន្លង ផ្លូវទោចក្រយានយន្ត និងចិញ្ចើមផ្លូវ។ វិសាលភាពគម្រោងជាសង្ខេបរួមមាន៖ ការធ្វើឱ្យប្រសើរឡើងនូវសសរ និងគ្រឹះស្ពាន ប្រព័ន្ធលូបង្ហូរទឹក ការអ៊ុតកៅស៊ូកម្រាស់ ១៥សង់ទីម៉ែត្រ ការស្ថាបនាឡើងវិញនូវក្បាលស្ពានសងខាង ការលាបថ្នាំ ជួសជុល និងតម្លើងបង្កាន់ដៃថ្មី បង្គោលបំភ្លឺផ្លូវ និងការជួលជុលនូវផ្នែកផ្សេងៗទៀតនៃស្ពាន។
គួរបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ត្រូវបានសាងសង់ និងសម្ពោធនៅឆ្នាំ១៩៦៣ ដោយជំនួយហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន។ ស្ពាននេះត្រូវបានខូចខាតដោយសង្រ្គាមស៊ីវិល ហើយត្រូវបានសាងសង់ឡើងវិញនៅឆ្នាំ១៩៩២ ដោយជំនួយរបស់ប្រទេសជប៉ុន និងត្រូវប្តូរឈ្មោះទៅជាស្ពានមិត្តភាពកម្ពុជា-ជប៉ុនវិញ ប៉ុន្តែដោយសារអាយុកាលប្រើប្រាស់របស់ស្ពាន កំណើនសេដ្ឋកិច្ច និងរំហូរចរាចរណ៍កើនឡើងជាលំដាប់ ទើបស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់ និងត្រូវបានទទួលការជួសជុលស្តារឡើងវិញ ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ដែលមានតម្លៃគម្រោង ៣,៣២៣ លានយ៉េន (ប្រមាណ ៣៣លានដុល្លារអាម៉េរិក) ដែលចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ហើយបញ្ចប់ការសាងសង់ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការឡើងវិញនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩៕