ភ្នំពេញ៖ បន្ថែមពីវិបត្តិកូវីដ១៩ ប្រទេសកម្ពុជាកំពុងស្ថិតក្នុងសភាពនៃការដាក់សម្ពាធ កៀបសង្កត់ពីប្រទេសមហាអំណាចលោកខាងលិចមួយចំនួន ឱ្យដើរតាមគន្លងនយោបាយខ្លួន។ នេះបើតាមប្រសាសន៍សម្ដេចហ៊ុន សែន ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។
ក្នុងសារលិខិតសម្ដេចហ៊ុន សែន នាឱកាសទិវាសន្តិភាពអន្តរជាតិថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា មហិច្ឆតាក្ដោបក្ដាប់និងដឹកនាំពិភពលោករបស់ប្រទេសមហាអំណាចខ្លះ ប្រកាន់យកនយោបាយឯកតោភាគីនិយម និងគាំពារនិយម ដែលបានជំរុញឱ្យសណ្ដាប់ធ្នាប់អន្តរជាតិ ទទួលរងសម្ពាធជាងពេលណាៗទាំងអស់។
សម្ដេចបានបន្តថា ក្នុងបរិបទនេះ ប្រទេសមហាអំណាច និងលោកខាងលិចខ្លះបាន និងកំពុងប្រទាក់ក្រឡាគ្នាជាប្រព័ន្ធ ក្នងការដាក់សម្ពាធ កៀបសង្កត់ឱ្យកម្ពុជាដើរតាមគន្លងនយោបាយរបស់ខ្លួន ដូចដែលធ្លាប់ធ្វើដាក់កម្ពុជាកន្លងមកក្នុងទស្សវត្តឆ្នាំ១៩៧០-១៩៨០ ដោយរំលោភលើគោលការណ៍សមភាពអធិបតេយ្យរវាងបណ្ដារដ្ឋ និងគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ ដែលមានចែកនៅក្នុងរដ្ឋធម្មនុញ្ញ អ.ស.ប និងនៅក្នុងច្បាប់អន្តរជាតិ។
ទន្ទឹមនឹងនេះ សម្ដេចបានឱ្យដឹងទៀតថា រយៈពេល៤១ឆ្នាំមកនេះ រដ្ឋាភិបាល និងប្រជាជនកម្ពុជាបានធ្វើពលិកម្ម កែប្រែមាតុភូមិកម្ពុជាពីកំនរផេះផង់ឱ្យឈានដល់ដំណាក់កាលអភិវឌ្ឍន៍ប្រកបដោយមោទនភាព ទាំងក្នុងបុព្វហេតុការពារជាតិ ការរស់ឡើងវិញរបស់ប្រជាជន ការបង្រួបបង្រួមជាតិ កសាង និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា។
សម្ដេចសង្កត់ធ្ងន់ថា កម្ពុជាដាច់ខាត មិនចូលបក្សសម្ព័ន្ធ ដោយនឹងកំពុងបន្តបោះជំហានយ៉ាងរឹងមាំនៅលើមាគ៌ានយោបាយសន្តិភាពសហវិជ្ជមាន អព្យាក្រឹត ជ្រោងខ្ពស់ស្មារតីជាតិនិយមការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។
ជាមួយគ្នានេះដែរ សម្ដេចលើកឡើងថា មហាអំណាចនិងប្រទេសលោកខាងលិចខ្លះ មិនញញើតក្នុងការអនុវត្តនូវស្ដង់ដារពីរចំពោះការវាយតម្លៃលើការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា និងបានប្រើប្រាស់បញ្ចាសិទ្ធិមនុស្សនេះ ជាឧបករណ៍នយោបាយ ឬជាលេសសម្រាប់ការលូកដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង រំលោភលើអធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា និងបណ្ដាប្រទេសទន់ខ្សោយផ្សេងទៀត៕