ភ្នំពេញ៖ ក្នុងរយៈពេល៣ទស្សវត្សរ៍ចុងក្រោយនេះ វិស័យធនាគារនៅកម្ពុជាបានផ្លាស់ប្តូរ និង អភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ឈានទៅរករបត់នៃកំណើនមួយប្រកដោយភាពរឹងមាំ ភាពធន់ និងនិរន្តរភាព។ គិតត្រឹមឆ្នាំ២០២៣ ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារមានទំហំ ៨៤,៣ ប៊ីលានដុល្លារអាមេរិក ឬជាង ២៦៥% នៃផលិតផលក្នុងស្រុកសរុប (GDP)។នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយសមាគមធនាគារនៅកម្ពុជា។
យោងតាមរបាយការណ៍ គិតត្រឹមឆ្នាំ២០២៣ ឥណទានអតិថិជនកើនដល់ ៥៧,៦ ប៊ីលានដុល្លារអាមេរិក ឬជាង ១៨០% នៃ ផលិតផលិតផលក្នុងស្រុកសរុប ដែលមានប្រជាជនប្រើប្រាស់ប្រមាណជា ៣,៨ លានគណនី។ រីឯប្រាក់បញ្ញើបានកើនឡើងដល់ ៤៧,៩ ប៊ីលានដុល្លារអាមេរិក ដែលមានប្រមាណជា ១៨,៦ លានគណនី។
លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងចាត់ទុកការអភិវឌ្ឍន៍ក្នុងវិស័យធនាគារនៅរយៈពេលចុងក្រោយនេះ បញ្ជាក់ឱ្យឃើញថា វិស័យធនាគារ និង ហិរញ្ញវត្ថុ បាននឹងកំពុងចូលរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។
បើតាមលោក រ័ត្ន សោភ័ណ វិស័យធនាគារ គឺជាវិស័យមួយដែលអនុលោមយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ និង បទប្បញ្ញត្តិជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រិតក្រមរបាយការណ៍ហិរញ្ញវត្ថុ កំរិតថ្នាក់ជាតិ និងអន្តរជាតិ និង ជាវិស័យដ៏ចម្បងមួយដែលបានចូលរួមចំណែកបង់ពន្ធជូនរដ្ឋយ៉ាងខ្ជាប់ខ្ជួន។
តែយ៉ាងណាក៏ដោយ ក្នុងរយៈពេល៣០ ឆ្នាំកន្លងមកនេះ វិស័យធនាគារបានពើបប្រទះកត្តាប្រឈម និង ឧបសគ្គជាច្រើនរួមមាន៖ វិបត្តិសេដ្ឋកិច្ចនៅអាស៊ី វិបត្តិហិរញ្ញវត្ថុសកល ជំងឺកូវីដ-១៩ ផលប៉ះពាល់ពីសង្គ្រាម រុស្សី និងអ៊ុយក្រែន ភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ និង អតិផរណាជាដើម។ សម្រាប់លោក រ័ត្ន សោភ័ណ ទោះជួបឧបសគ្គ ដំណើរការរបស់សមាគមពោរពេញទៅដោយភាពជឿជាក់ ភាពរឹងមាំ ក្នុងការចូលរួមចំណែករក្សានូវសិ្ថរភាពនៃប្រព័ន្ធធនាគារ រួមជាមួយនឹងកំណើននៃវិស័យធនាគារ ដែលសម្រេចបានគួរជាទីមោទនៈ៕