ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២៤ កម្ពុជា ត្រូវបានគេរំពឹងថានឹងមានសន្ទុះនៃការវិនិយោគខ្លាំងបំផុត។ ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុប (GDP) ដែលត្រូវបានព្យាករណ៍ក្នុងអត្រា ៦.១% ក្នុងឆ្នាំ ២០២៤ កើនឡើងពី ៥.៦% ក្នុងឆ្នាំ ២០២៣។ IMF រំពឹងថាប្រទេសកម្ពុជានឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់ FDI ។
ការសិក្សាលើម៉ាក្រូសេដ្ឋកិច្ច និងការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ FDI លើប្រទេសគោលដៅកំពូលទាំង ៥០ របស់ពិភពលោក គឺប្រើទិន្នន័យពី IMF និងការត្រួតពិនិត្យការវិនិយោគបរទេស fDi Markets បែងចែកប្រទេស ដែលនឹងឈានជើងចូលម៉ាក្រូសេដ្ឋកិច្ច និងការវិនិយោគផ្ទាល់ពីបរទេស ដ៏រឹងមាំ នៅក្នុងឆ្នាំ២០២៤នេះ អំឡុងពេលដែលពិភពលោកបន្តជួបប្រទះនឹងការស្តារឡើងវិញក្រោយកូវីដ១៩។
បើតាម FDI អាស៊ីបានដំណើរការបានយ៉ាងល្អនៅក្នុងការឃ្លាំមើលឆ្នាំនេះ ដែលមានប្រទេសចំនួន ៦ នៅក្នុងកំពូលទាំង ១០ ក្នុងនោះ កម្ពុជា បាននាំមុខតារាងឃ្លាំមើលទាំងមូល ហ្វីលីពីននៅលេខ២ អ៊ីរ៉ាក់នៅលេខ៤ កាហ្សាក់ស្ថានលេខ៦ អាស៊ែបៃហ្សង់នៅលេខ៧ និងឥណ្ឌានៅលេខ១០ ។ ប្រទេសអាហ្វ្រិកតែបីប៉ុណ្ណោះ ដែលបានជាប់ចំណាត់ថ្នាក់កំពូលទាំង១០។ ក្នុងនោះ ប្រទេសកេនយ៉ានៅលេខ៣ ណាមីប៊ីនៅលេខ៥ និងម៉ារ៉ុកនៅលេខ៨។ ប្រទេសស៊ែប៊ី ជាប្រទេសតែមួយគត់ដែលនៅក្រៅអាស៊ី និងអាហ្រ្វិក ដែលអាចជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ ដោយទទួលបានចំណាត់ថ្នាក់លេខ ៩ ។
ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុប (GDP) ដែលត្រូវបានព្យាករណ៍ក្នុងអត្រា ៦.១% ក្នុងឆ្នាំ ២០២៤ កើនឡើងពី ៥.៦% ក្នុងឆ្នាំ ២០២៣។ IMF រំពឹងថាប្រទេសកម្ពុជានឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៥ ជាមួយនឹងអតិផរណាមានកម្រិត ៣% ក្នុងឆ្នាំ ២០២៣ និង ២០២៤។
កម្ពុជា បានពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ដែលកិច្ចព្រមព្រៀងទាំងពីរបានចូលជាធរមានក្នុងឆ្នាំ ២០២២។ ហើយកម្ពុជា ក៏ជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ និងមានសិទ្ធិចូលទៅទីផ្សារសហភាពអឺរ៉ុប ទោះបីជាវាត្រូវបានដកចេញពីប្រព័ន្ធអនុគ្រោះពន្ធ EBA ជុំវិញបញ្ហាសិទ្ធិមនុស្សក្នុងឆ្នាំ ២០២០ ក៏ដោយ៕