ព្រះសីហនុ៖ក្រុមអ្នកវិនិយោគ ធុរជនពីសភាពាណិជ្ជកម្ម, សមាគម, ក្រុមហ៊ុនតាមបណ្តាកោះ និង ឆ្នេរ, ក្រុមហ៊ុនម្ចាស់តំបន់សេដ្ឋកិច្ចពិសេស, ក្រុមហ៊ុនក្នុងតំបន់សេដ្ឋកិច្ចពិសេស និង ម្ចាស់អគារជាប់គាំង សរុបប្រមាណ ១៨០ នាក់ កាលពីថ្ងៃទី ១៣ មីនាម្សិលមិញ បានជួបប្រជុំគ្នា ដើម្បីសិក្សាស្វែងយល់ពីសារប្រយោជន៍នៃគោលនយោបាយពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាអគារជាប់គាំងក្នុងក្រុងព្រះសីហនុ។ជាកិច្ចប្រជុំដឹកនាំដោយលោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។
ក្នុងកិច្ចប្រជុំនោះ អង្គកម្មវិធីបានបើកជាវេទិកាអនុញ្ញាតឱ្យក្រុមអ្នកវិនិយោគ ម្ចាស់អាជីវកម្ម ម្ចាស់អគារជាប់គាំង អាចចោទជាសំណួរ និង លើកឡើងនូវមតិ ការស្នើផ្សេងៗ ដោយចំហរដោយត្រង់ៗ ដើម្បីជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា កម្មវិធីពិសេសដើម្បីជំរុញការវិនិយោគនៅខេត្តព្រះសីហនុ មានវិសាលភាពគ្របដណ្តប់លើគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច ដែលស្នើសុំ និង អនុវត្តក្នុងឆ្នាំ ២០២៤ ដោយផ្តោតលើគម្រោងបីប្រភេទគឺ៖ ១) គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចពាក់ព័ន្ធនឹងអគារជាប់គាំង, ២) គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចដែលមិនពាក់ព័ន្ធនឹងអគារជាប់គាំង, និង ៣) ការពង្រីកគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចដែលមានស្រាប់ ស្របតាមលក្ខណៈវិនិច្ឆ័យជាក់លាក់ ។
លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានថ្លែងថា ប្រភេទគម្រោងទាំងនេះ រាជរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្តពន្ធ និង ការលើកទឹកចិត្តមិនមែនពន្ធ ដែលជាអត្ថប្រយោជន៍ពិសេស មានជាអាទិ៍ ការអនុគ្រោះនានា ដូចជា ពន្ធអាករនាំចូល ពន្ធប៉ាតង់ ពន្ធលើផ្ទាំងផ្សព្វផ្សាយ, ពន្ធកាត់ទុកលើការជួលអចលនទ្រព្យ និង កម្រៃសេវាចុះបញ្ជី។ ការលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធប្រចាំខែ និង ពន្ធអប្បបរមារយៈពេល ៣ ឆ្នាំ ការលើកលែងអាករលើតម្លៃបន្ថែម តាមអត្រាសូន្យភាគរយ លើការផ្គត់ផ្គង់ទំនិញ និង សេវាកម្មក្នុងស្រុកសម្រាប់ការបញ្ចប់ ឬ ជួសជុលអគារដែលសង់មិនទាន់រួចរាល់ ឬ ធាតុចូលផលិតកម្មក្នុងស្រុក។ការលើកលែងពន្ធកាត់ទុកលើការជួលអចលនវត្ថុ និង ការលើកលែងពន្ធលើអចលនទ្រព្យ និង ការពិន័យរដ្ឋបាលសម្រាប់ឆ្នាំ ២០១៦-២០២៥ ។
ទាក់ទងនឹងការផ្តល់ការលើកទឹកចិត្តមិនមែនពន្ធ គឺរាជរដ្ឋាភិបាលលើកលែងការបង់ថ្លៃសេវាសាធារណៈនៃការស្នើលិខិតអនុញ្ញាតសាងសង់ លិខិតបើកការដ្ឋាន និង លិខិតបិទការដ្ឋាន និង វិញ្ញាបនប្រើប្រាស់សំណង់,សម្រួលនីតិវិធីលើការចុះបញ្ជី រួមទំាងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និង ការចុះបញ្ជីសហគ្រាស,សម្របសម្រួលចំពោះនីតិវិធីដែលពាក់ព័ន្ធចំពោះធុរកិច្ច និង ការវិនិយោគ,សម្របសម្រួលការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅតុលាការ,ផ្តល់ទិដ្ឋាការរយៈពេល ៣ ឆ្នាំសម្រាប់ការទិញ ឬ ជួលរយៈពេលវែងនៃទ្រព្យសម្បត្តិដែលមានតម្លៃលើសពី ១០០ ០០០ ដុល្លារអាមេរិក និង ពន្លឿននីតិវិធីគយនៅពេលភ្ញៀវមកដល់ និង ត្រឡប់ទៅវិញ៕