ដូនពេញ៖រដ្ឋបាលខណ្ឌដូនពេញ នៅថ្ងៃទី០៥ ខែសីហានេះ បានដឹកនាំក្រុមការងារត្រួតពិនិត្យសំណង់ខណ្ឌ ចុះផ្អាកទីតាំងសំណង់ស្ថិតនៅលើអគារអតីតសាលាបក្សកងទ័ព ក្បាលដីលេខ១៩៨ ច្រកផ្លូវលេខ៦៣ ភូមិ១២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ការចុះនេះដឹកនាំលោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ សហការជាមួយក្រុមការងារសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមលទ្ធផលពិនិត្យជាក់ស្តែង បានបង្ហាញថា មានការសាងសង់ហ្វ៊ែមដែកនៅលើអគារអតីតសាលាបក្សកងទ័ព ដែលចាស់ទ្រុឌទ្រោមបណ្តាលមកពីគ្រោះអគ្គីភ័យ កើតឡើងកាលពីយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ដែលអគារនេះមិនអាចប្រើប្រាស់បានទៀតទេ។ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ រដ្ឋបាលខណ្ឌដូនពេញបានណែនាំដល់ម្ចាស់ផ្ទះ ត្រូវផ្អាកការសាងសង់ជាបណ្តោះអាសន្ន បំពេញបែបបទសុំច្បាប់អនុញ្ញាតសាងសង់ឲ្យបានត្រឹមត្រូវ ។
ជាមួយគ្នានោះ ដើម្បីបង្ការហានិភ័យកើតឡើងដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងអគារសំណង់មន្ទីរបក្សកងទ័ព ត្រូវពិចារណាអំពីការចាកចេញពីអគារឆេះទៅរកទីតាំងស្នាក់នៅជាបណ្តោះអាសន្ន ។ ក្នុងករណីមានឧបទេវហេតុណាមួយកើតឡើងជាយថាហេតុពីអគារដែលចាស់ទ្រុឌទ្រោមនេះ សាមុីខ្លួនត្រូវទទួលខុសត្រូវដោយខ្លួនឯង៕