ភ្នំពេញ៖អនុប្រធានអចិន្រ្តៃយ៍លេខាធិការរដ្ឋានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនលោកស្រី កុយ ពិសី បានប្តេជ្ញាជាសាធារណៈថា លោកស្រី និងថ្នាក់ដឹកនាំព្រំដែន ជាពិសេសសម្តេច ហ៊ុន សែន បានដាក់ទាំងជីវិតដើម្បីការពារទឹកដីមួយនេះរហូតមក ដូច្នេះលោកស្រី មិនដែលភ្លេចនូវកាតព្វកិច្ចរបស់ខ្លួនឡើយ។
ការថ្លែងរបស់ អនុប្រធានអចិន្រ្តៃយ៍លេខាធិការរដ្ឋានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនរូបនេះ បានធ្វើឡើងបន្ទាប់ពី មានមតិរិះគន់ចំពោះការថ្លែងរបស់លោកស្រីជាមួយវិទ្យុបារាំង នៅលើបណ្តាញសង្គម Facebook ដោយចោទថា «គណ:កម្មាធិការព្រំដែនតំណាងជាតិ ឬតំណាងបក្ស បានជាពន្យល់រឿងយួនបោះតង់ របៀបក្មេងបៀមដៃ?»។
បើតាមលោកស្រី កុយ ពិសី ថ្នាក់ដឹកនាំព្រំដែន ជាពិសេសសម្តេច ហ៊ុន សែន គឺការពារឲ្យបាន បូរណភាពទឹកដី និងមិនឲ្យបរទេសណាមកបំពានកម្ពុជា ហើយកម្ពុជាក៏មិនបំពានទឹកដីគេវិញដែរ។រឿងដែលវៀតណាមបោះតង់៤០ ខាងមហាផ្ទៃ បាននឹងកំពុងធ្វើការងារនេះ ហើយកម្ពុជាវៀតណាម អាចនិយាយគ្នាបាន ជា ទ្វេភាគី មិនមែនធំដុំដោះស្រាយមិនចេញ ហើយចាំបាច់ទៅរកគេជួយនោះទេ។សម្រាប់លោកស្រីកម្ពុជាបានធ្វើការតវ៉ាតាមរយៈក្រសួងការបរទេសមួយដងជាពីរដងទៅវៀតណាមហើយៗវៀតណាមថា អស់ Covid គេនឹងដក ចេញ។
អនុប្រធានអចិន្រ្តៃយ៍លេខាធិការរដ្ឋានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានចាត់ទុកអ្នករិះគន់ទាំងអស់នោះ មានទម្លាប់បន្លំបោកប្រាស់ និងបំផ្លើសពាក្យសម្តីរបស់ថ្នាក់ដឹកនាំ ដើម្បីបម្រើផលប្រយោជន៍ និងមហិច្ចតាទុច្ចរឹតរបស់ខ្លួនដោយពុំបានបន្តស្រង់យកការពន្យល់របស់លោកស្រីមកជូនអ្នកស្តាប់នោះទេ ធ្វើឲ្យអ្នកមើលបណ្តាញសង្គមរបស់ជនអគតិមានការយល់ខុស។
គួរបញ្ជាក់ថា តង់ដែលវៀតណាមបោះជាង ៤០ កន្លែងនោះ គឺនៅតំបន់មិនទាន់ឯកភាពគ្នាលើខ្សែព្រំដែន មានន័យថា ទីនោះមិនមែនជាដីវៀតណាម ហើយក៍មិនទាន់ជាដីកម្ពុជា ពេញលេញនោះដែរ ប្រទេសទាំងពីរត្រូវបន្តការពិភាក្សារកចំណុចឯកភាពបន្តទៅទៀត៕