ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យដំណើរការឡើងវិញ នូវសកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីធ្លាសាធារណៈនៅតាមរាជធានី ខេត្ត និងបរិវេណស្តាតអូឡាំពិក លើកលែងតែសកម្មភាពហាត់ប្រាណតាមក្លឹបដែលប្រើប្រាស់សម្ភារៈរួមគ្នា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី២៨កក្កដានេះ។
បើតាមសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ដោយសារបច្ចប្បន្ននេះ ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាមានសភាពល្អប្រសើរ និងអាចគ្រប់គ្រងបាន និងដើម្បីលើកកម្ពស់ការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ប្រជាពលរដ្ឋតាមរយៈការហាត់ប្រាណ និងការលេងកីឡា ក្រសួងអប់រំបានការអនុញ្ញាតពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីដំណើរការឡើងវិញនូវសកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីធ្លាសាធារណៈ និងបរិវេណស្តាតអូឡាំពិក៕