ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ កក្កដា ឆ្នាំ២០២០ បានចេញសេចក្តីណែនាំស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមគ្រឹះស្ថានសិក្សាឯកជន សម្រាប់ឆ្នាំសិក្សា២០១៩-២០២០។
ដោយសារតែមានការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជនបង្រៀន និងតាមការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក និងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរៀងខ្លួនៗ។
ចំពោះការដាក់ពាក្យស្នើសុំរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គ្រឹះស្ថានសិក្សាឯកជនត្រូវដាក់ពាក្យប្រឡង ដោយភ្ជាប់បញ្ជីរាយនាមបេក្ខជនត្រូវប្រឡង មកក្រសួងតាមរយៈមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ឲ្យបានមុនដំណាច់ខែកក្កដា ឆ្នាំ២០២០ ជាកំហិត ដើម្បីពិនិត្យ និងទទួលស្គាល់។
គួរបញ្ជាក់ថា ក្នុងករណីគ្រឹះស្ថានសិក្សាឯកជនណាដែលមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯង ត្រូវរង់ចាំចូលរួមការប្រឡងជាមួយសិស្សនៃគ្រឹះស្ថានសាធារណៈនៅពេលក្រោយតាមការជូនដំណឹងរបស់ក្រសួង៕