ភ្នំពេញ៖ កម្ពុជានឹងចេញប័ណ្ណបើកបរអរន្តរជាតិបណ្ដោះអាសន្ន សម្រាប់ពលរដ្ឋដែលមានតម្រូវការទៅក្រៅប្រទេស ឬប្រទេសជិតខាង ដើម្បីផ្ដល់ភាពងាយស្រួល និងសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ។ នេះបើតាមប្រសាសន៍ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណោៈការ និង ដឹកជញ្ជូន។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម ស៊ុន ចាន់ថុល បានប្រកាសឱ្យដឹងថា ក្រសួងសាធារណោៈការ និង ដឹកជញ្ជូន នឹងចេញប័ណ្ណបើកបរអន្តរជាតិបណ្ដោះអាសន្ន សម្រាប់ជាតម្រូវការរបស់ពលរដ្ឋដែលត្រូវទៅក្រៅប្រទេស ជាពិសេសប្រទេសជិតខាង។
ឯកឧត្តមមានប្រសាសន៍ថា ៖«យើងអាចចេញប័ណ្ឌបើកបរជូនគាត់បាន ក្នុងកំឡុងខែ៧ ឬខែ៨ ដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន នឹងចេញប័ណ្ណបើកបរអន្តរជាតិ ពេលដែលពលរដ្ឋមានតម្រូវការទៅប្រទេសជិតខាង ចឹងប្រជាពលរដ្ឋដែលមានប័ណ្ណបើកបរស្រាប់ អាចយកមកដូរ ធ្វើជាប័ណ្ឌបើកបរបណ្ដោះអាសន្នបាន»។
ឯកឧត្តមបន្ថែមថា ក្រសួងអាចចេញប័ណ្ណបើកបរជូនអ្នកទាំងនោះបាន ហើយក្រសួងនឹងរៀបចំជាប្រភេទA B C ដោយបោះត្រាតាមប្រភេទដែលអ្នកបើបរស្នើសុំផងដែរ។ប្រសិនជាអ្នកបើកបរផ្នែកឡានទេសចរណ៍ គឺក្រសួងនឹងធ្វើប័ណ្ឌបើកបរដែលមានបោះត្រា ឬមានរូបថតលើប័ណ្ឌបើកបរប្រភេទនេះតែម្ដង ដូច្នេះទាក់ទងនឹងប័ណ្ឌបើកបរអន្តរជាតិនេះ ខាងក្រសួងនឹងចេញនៅខែក្រោយនេះហើយ៕