ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរៀបចំសម្ភារបច្ចេកទេសដើម្បីរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ី-អឺរ៉ុប តាមរយៈសន្និសីទវីដេអូពីចម្ងាយ(Videoconference) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ។
កិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ី-អឺរ៉ុប តាមរយៈសន្និសីទវីដេអូពីចម្ងាយ(Videoconference) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង នាយកដ្ឋាន និងអង្គភាពជំនាញពាក់ព័ន្ធ។កិច្ចប្រជុំនេះផ្តោតសំខាន់លើការរៀបចំសម្ភារបច្ចេកវិទ្យា និងគ្រឿងបរិក្ខារផ្សេងៗរួមមានដូចជា៖ កាមេរ៉ាចាប់រូបភាពពីចម្ងាយ បណ្តាញខ្សែតភ្ជាប់ កំព្យូទ័រ ម៉ាយក្រូហ្វូន ជាពិសេសបណ្តាញអ៊ីនទ័រណែតល្បឿនលឿនប្រកបដោយស្ថិរភាព និងការរៀបចំទង់ជាតិតំណាងកម្ពុជាចូលរួមកិច្ចប្រជុំនេះផងដែរ។
សូមជម្រាបដែរថា ដោយសារការរីករាលដាលជាសកលនៃមេរោគកូវីដ១៩នៅទូទាំងពិភពលោក កិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ី-អឺរ៉ុប គ្រោងនឹងរៀបចំសន្និសីទវីដេអូពីចម្ងាយរបស់ខ្លួននៅថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២០ ដោយមានការចូលរួមពីបណ្តាឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ី-អឺរ៉ុប ក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរ ៕