Cctimesw1140xh150cm copy

កម្ពុជាមាន«កេសរកូល ឬផ្កាអ័រគីដេព្រៃ»៥ពាន់អាចច្រើនជាងឡាវ ថៃ និង វៀតណាម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ប្រទេសកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានសិក្សាជ្រាវស្រាវអំពី«កេសរកូលព្រៃ ឬផ្កាអ័រគីដេព្រៃ» បានប្រមូលសំណាកកេសរកូលចំនួន ៥០០០សំណាកស្មើនឹង២១០ប្រភេទ និង បានកត់ត្រាចូលប្រព័ន្ធទិន្នន័យបានចំនួន ១១៤ប្រភេទ។ក្នុងនោះសំណាកចំនួន ២៣ប្រភេទ បានបញ្ជូនទៅសារមន្ទីរប្រវត្តិសាស្ដ្រធម្មជាតិប៉ារីស ដើម្បីធ្វើការកំណត់អត្តសញ្ញាណ និងចុះបញ្ជីធនធានពន្ធុ។ អ្នកជំនាញគិតថា«កេសរកូល»នៅកម្ពុជានេះ អាចប្រទេសដ៏ទៃទៀតគ្មាន។

យោងតាមសៀវភៅមគ្គុទេសន៍ស្ដីអំពីកេសរកូលព្រៃ ភាគ២ ចេញផ្សាយដោយក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ប្រជាជនខ្មែរភាគច្រើនគិតថា កេសរកូល ជាប្រភេទផ្កាដែលនាំចូលពីបរទេស និង មិនមានវត្តមាននៅប្រទេសកម្ពុជាឡើយ។ ការយល់បែបនេះដោយសារតែកេសរកូលដែលគេឃើញមាននៅតាមទីផ្សារ ក្នុងសួន ឬថ្នាលលក់កូនឈើ និងនៅតាមកន្លែងលក់ផ្កានានា ភាគច្រើនជាប្រភេទកេសរកូលដែលបង្កាត់ចេញពីពូជកេសរកូលព្រៃធម្មជាតិ ដើម្បីបង្កើនចំនួនផ្កា ទំហំ ភាពធន់ បង្កាត់ពណ៌ និងសោភ័នណ្ឌភាពរបស់ផ្កា។

បើតាមប្រភពដដែល បានពន្យល់ថា ការពិតកេសរកូលមានវត្តមាននៅប្រទេសកម្ពុជាតាំងពីបុរាណកាលមកម្លេះ។ ជាក់ស្ដែង ចម្លាក់កេសរកូលមាននៅលើជញ្ជាំងប្រាសាទបាយ័ន បន្ទាយស្រី និង អង្គរវត្ត ជាភស្ដុតាងសំខាន់មួយ ដែលបានបញ្ជាក់ពីវត្តមានរបស់រុក្ខជាតិនេះនៅកម្ពុជា ហើយគេក៏សន្និដ្ឋានបានថា កេសរកូល ត្រូវបានបុព្វបុរសខ្មែរយើង អាចនឹងប្រើប្រាស់ជាវត្ថុលម្អតាំងពីសម័យអង្គរ ឬមុនអង្គរមកម្លេះ។

លោក ឈិន សុភា ប្រធានការិយាល័យសិក្សាស្រាវជ្រាវជីវៈចម្រុះ បានឱ្យដឹងថា កេសរកូល ជាប្រភេទរុក្ខជាតិដែលត្រូវការសំណើមខ្ពស់ ដូច្នេះហើយកេសរកូលនៅកម្ពុជាភាគច្រើនប្រមូលបានពីជួរភ្នំក្រវាញ ភាគនិរតីនៃប្រទេស ដែលស្ទើរតែលើស៥០%នៃកេសរកូល នៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។ចំណែកតំបន់ភាគឥសាន្ដជាតំបន់ស្ងួត ប៉ុន្ដែនៅជិតសមុទ្រដែលមានចំហាយ ក៏ដូចជាសន្សើមច្រើន ដូច្នេះក៏មានវត្តមានកេសរកូលច្រើន នៅតំបន់នេះផងដែរ។

កេសរកូល នៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ ត្រូវបានប្រមូលពី០៤តំបន់ មានតំបន់ភ្នំ ខ្ពង់រាប ទំនាប និងតំបន់កោះ ឬសមុទ្រ ហើយតំបន់ដែលប្រមូលបានច្រើនមានតំបន់ភ្នំ និងតំបន់ខ្ពង់រាប។ ដោយឡែកតំបន់ទំនាប តំបន់កោះ និងសមុទ្រ មិនទាន់បានប្រមូលច្រើននៅឡើយទេ ដោយសារវាស្ថិតនៅឆ្ងាយ។

ក្រុមអ្នកជំនាញ បានរកឃើញថា នៅកម្ពុជាមានកេសរកូលច្រើនជាងឡាវមានជាង ៥០០ប្រភេទ វៀតណាមមានជាង ៧០០ប្រភេទ ជាពិសេសប្រទេសថៃ ដែលមានជាង១២០០ប្រភេទ។មើលតាមលក្ខណៈភូមិសាស្រ្ត កម្ពុជាគួរតែមានច្រើន ដោយសារកម្ពុជាមានសមុទ្រ ភ្នំ ដែលមានស្ទើរគ្រប់ទីកន្លែងទាំងអស់។ ប៉ុន្ដែអ្វីដែលជាបញ្ហា គឺកម្ពុជាមានកង្វះខាតអ្នកសិក្សាស្រាវជ្រាវ។ ប្រសិនបើធ្វើការប្រៀបធៀបជាមួយប្រទេសជិតខាង កម្ពុជាប្រាកដជាមានប្រភេទដែលប្រទេសដ៏ទៃទៀតគ្មាន។

ដូច្នេះមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន នឹងដើរតួនាទី ជាកន្លែងរក្សាពូជកន្លែងសម្រាប់បណ្ដុះបណ្ដាល និងជាកន្លែងសិក្សាស្រាវជ្រាវ សម្រាបនិស្សិតចុះសិក្សាអំពីកេសរកូលព្រៃ ព្រមទាំងជាកន្លែងពិសោធសម្រាប់និស្សិតនៅក្នុងប្រទេស ឬមកពីបរទេសផងដែរ។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសារៈមន្ទីរប្រវត្តិសាស្ត្រធម្មជាតិប៉ារីស ប្រទេសបារាំង និង Royal Botanic Gardens (KEW Garden) ប្រទេសអង់គ្លេស ដើម្បីពង្រឹងកិច្ចសហការក្នុងការសិក្សាស្រាវជ្រាវ កំណត់អត្តសញ្ញាណ និងចែករំលែកចំណោះដឹង និងបច្ចេកវិទ្យា និង ចូលរួមរៀបចំតំបន់ទេសចរណ៍ធម្មជាតិ ការអភិរក្ស ប្រភេទរុក្ខជាតិ ការផលិតបន្លែធម្មជាតិ និងស្វែងរកទីផ្សារ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង