ភ្នំពេញ៖ Cambodia Public Speaking and Debate Association (CAMPSDA) នឹងរៀបចំព្រឹត្តិការណ៍ការតស៊ូមតិជាភាសាអង់គ្លេសសម្រាប់និស្សិតសាកលវិទ្យាល័យ នៅថ្ងៃទី២៨-២៩ ខែឧសភាខាងមុខនេះ។ កម្មវិធីតស៊ូមតិនោះមានឈ្មោះថា CAMPSDA University Invitational Debate Open 2022 (CUIDO 2022)។
យុវជន មាស សុបញ្ញា ជាសិស្សថ្នាក់ទី១១ នៃសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ និងជាMedia Officer របស់ CAMPSDA បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថាការតស៊ូមតិនេះ នឹងមានប្រមាណជា១០ក្រុម ដែលចូលរួមក្នុងការតស៊ូមតិនេះ ដែលក្នុងមួយក្រុមត្រូវមានសមាជិកតែបីនាក់ប៉ុណ្ណោះ និងត្រូវតែជានិស្សិតដែលកំពុងតែសិក្សានៅមហាវិទ្យាល័យ។
យុវជន សុបញ្ញា បានឲ្យដឹងទៀតថាការតស៊ូមតិនោះនឹងធ្វើឡើងចំនួនពីរថ្ងៃ គឺថ្ងៃទី២៨-២៩ ខែឧសភា ដែលប្រព្រឹត្តទៅតាមរយៈអនឡាញ និងនៅទីតាំងផ្ទាល់។ នៅថ្ងៃទីមួយ នៃការតស៊ូមតិនោះ នឹងធ្វើតាមរយៈអនឡាញ និងថ្ងៃទីពីនឹងមិនធ្វើតាមរយៈអនឡាញឡើយ។ ប៉ុន្ដែសម្រាប់ទីតាំងនៃការធ្វើនៅខាងក្រៅ CAMPSDA មិនទាន់បញ្ជាក់ច្បាស់ថានឹងធ្វើនៅទីកន្លែងណានៅឡើយទេ។
យុវជន សុបញ្ញា បានបន្ដថាសម្រាប់ក្រុម ដែលជាប់ជ័យលាភីនិងទទួលបានពាន ហើយបេក្ខជនផ្សេងទៀតនិងទទួលបានមេដាយ និងវិញ្ញាបនបត្រផងដែរ។ សម្រាប់បេក្ខជនដែលមិនបានជាប់ជ័យលាភី និងត្រូវបានជ្រើសរើសជាអ្នកពូកែនិយាយ (Best Speaker) និងទទួលបានមេដាយ ជាអ្នកដែលពូកែនិយាយទៀតផង។
គួរបញ្ជាក់ថា CAMPSDA កំពុងតែជ្រើសរើសអ្នកធ្វើការងារស្ម័គ្រចិត្តសម្រាប់កម្មវិធីនៃការតស៊ូមតិនេះផងដែរ។ ការជ្រើសរើសអ្នកធ្វើការងារស្ម័គ្រចិត្តនេះនឹងឈប់ទទួលពាក្យនៅថ្ងៃទី០៤ ខែមេសានេះ។