Cct850x100 1
1800px x h300px kh

ទីលានចាក់សំរាមស្ដង់ដានិងឡដុតសំរាម៦ក្នុងខេត្តព្រះសីហនុដើរតួសំខាន់ក្នុងការថែរក្សាបរិស្ថាន

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ឡានដឹកសំរាមមកចាក់នៅទីលានសំរាមអូតាសេក។
រូបភាព៖ សុវណ្ណ ស្រីពេជ្រ

ខេត្តព្រះសីហនុ៖ ទីលានចាក់សំរាមស្ដង់ដាដំបូងគេនៅកម្ពុជា និងឡដុតសំរាមចំនួន៦ក្នុងខេត្តព្រះសីហនុ កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកថែរក្សាបរិស្ថាន សណ្ដាប់ធ្នាប់ និងសម្រស់ក្នុងខេត្តព្រះសីហនុ ដើម្បីទាក់ទាញទេចរជាតិ និងអន្តរជាតិ។

លោក ហេង ប៉េងហាក់ ប្រធានសាខា របស់ក្រុមហ៊ុនKSWM ដឹកជញ្ជូនសំរាមប្រចាំខេត្តព្រះសីហនុ បានឱ្យដឹងថា ឡានសំរាមជាង១០៨គ្រឿង មានសមត្ថភាពដឹកជញ្ជូនសំរាមតាមផ្ទះប្រជាពលរដ្ឋបីដងក្នុងមួយថ្ងៃ ចំណែកបុគ្គលិកទូទៅមាន៣២០នាក់ ធ្វើការប្រមូលសំរាមនៅតាមទីតាំងនានាក្នុងក្រុងចន្លោះពី៣៥០តោន ទៅ៤០០តោន។

ប្រធានសាខាក្រុមហ៊ុនសំរាមរូបនេះ ក៏បានបន្ថែមដែរថា ប្រសិនបើមានភ្ញៀវទេសចរមកកម្សាន្តច្រើន សំរាមក៏កើនទៅតាមហ្នឹងដែរ ជាក់ស្ដែងដូចកាលថ្ងៃបុណ្យអុំទូកកន្លងទៅមានភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តព្រះសីហនុប្រមាណ១១ម៉ឺននាក់។

លោកបន្តថា ក្រៅពីបុគ្គលិកសម្អាតរបស់ក្រុមហ៊ុនឯកជន ក្នុងនោះការចូលរួមសម្អាតឆ្នេរ និងបរិស្ថាននៅតាមទីសាធារណៈក្នុងក្រុងព្រះសីហនុ ក៏មានការចូលរួមពីអ្នកសម្អាតរបស់មន្ទីរបរិស្ថានខេត្ត មន្ទីរទេសចរណ៍ និងអ្នកសម្អាតរបស់សាលាក្រុងផងដែរ ទើបធ្វើឱ្យសោភណ្ឌភាពឆ្នេរស្ទើតែគ្មានសំរាម។

លោកលម្អិតថា ពលរដ្ឋអាចទុកដាក់សំរាមចន្លោះម៉ោង៧ល្ងាច ដល់ម៉ោង៣ព្រឹក ចំណែកក្រុមហ៊ុនដឹកសំរាម នឹងមកយកពីម៉ោង៣ព្រឹក ដល់ម៉ោង៨ព្រឹក ហើយប្រសិនបើសំរាមមានច្រើនក្រុមហ៊ុននឹងដឹកពីរឬបីជើងក្នុងមួយថ្ងៃ។

លោកមានប្រសាសន៍ថា៖«ប្រសិនបើពលរដ្ឋបញ្ចេញសំរាមមិនបានទាន់ពេលវេលា នោះនឹងរងការផាកពិន័យតាមអនុក្រឹត១១៣ ចន្លោះ២ម៉ឺនរៀល ទៅ៤០ម៉ឺនរៀល ហើយករណីក្រុមហ៊ុនមិនគោរពទៅតាមពេលវេលា នៃការទៅប្រមូលសំរាមនឹងទទួលពិន័យទៅតាមកិច្ចសន្យារវាងក្រុមហ៊ុន និងរដ្ឋបាលក្រុង»។

ចំណែកលោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានបានគូសបញ្ជាក់ថា ចំណែកក្រុងស្រុកផ្សេងទៀតក្រៅពីក្រុងព្រះសីហនុ បាននឹងកំពុងរៀបចំការទុកដាក់សំរាមឱ្យបានត្រឹមត្រូវផងដែរ តួយ៉ាងដូចជាក្រុងកោះរ៉ុង ដោយសារតែមានភ្ញៀវទេចរទៅកម្សាន្តច្រើន ទើបអភិបាលក្រុងលោករៀបចំឡដុតសំរាមនៅលើកោះតែម្ដង ដោយមិនតម្រូវដឹកជញ្ជូនសំរាមពីកោះមកក្រុងវិញដូចសព្វថ្ងៃទេ។

ចំណែកស្រុកពីរទៀតគឺ ស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ក៏មានឡដុតសំរាមផ្ទាល់ខ្លួនផងដែរ ខណៈស្រុកកំពង់សីលាកំពុងតែបន្ថែមចំនួនរថយន្តដឹកសំរាមបន្ថែមទៀតដើម្បីធ្វើការដឹកជញ្ជូនឱ្យទាន់ពេលវេលា។

ប្រធានមន្ទីរបរិស្ថានរូបនេះ បានលើកឡើងថា ក្នុងកិច្ចការថែរក្សាបរិស្ថានស្អាត ត្រូវមានសម្ភារៈក្នុងដៃ និងបង្កើនការអប់រំផ្សព្វផ្សាយទៅកាន់ពលរដ្ឋឱ្យយល់ដឹងពីតម្លៃនៃបរិស្ថាន ការទុកដាក់សំរាម តាមរយៈសកម្មភាពផ្សេងៗរបស់មន្ទីរបរិស្ថាន និងមន្ទីរទេសចរណ៍ និងសាលាក្រុង ដែលបច្ចុប្បន្នមានឡដុតសំរាមចំនួន៦ហើយក្នុងក្រុងនិងស្រុកមួយចំនួនក្នុងខេត្តព្រះសីហនុ។ ក្រៅតែពីឡដុតសំរាម ខេត្តព្រះសីហនុ ក៏មានទីលានចាក់សំរាមដ៏ធំប្រមាណ៥០ហិកតា តែបច្ចុប្បន្នបានកសាង១៥ហិកតាហើយសម្រាប់ផ្ទុកសំរាមរយៈពេល៥ឆ្នាំ។

ចំណែកឯកឧត្តម នេត្រ ភត្រា រដ្ឋលេខាធិការសក្រសួងបរិស្ថាន បានថ្លែងថា ទីលានចាក់សំរាមនៅក្នុងខេត្តព្រះសីហនុនេះ គឺជាទីលានធំជាងគេទី១ក្នុងប្រទេសកម្ពុជា សង់ឡើងស្របតាមលក្ខណៈស្ដង់ដាក្រោមថវិការរបស់រដ្ឋាភិបាល ហើយឆ្នាំ២០២២ខាងមុខនឹងដាក់ឱ្យដំណើរការទីលានចាក់សំរាមស្ដង់ដានៅ ខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិសាត់ ខេត្តកំពត ស្របពេលដែលខេត្តបាត់ដំបង សៀមរាប ព្រៃវែង បន្ទាយមានជ័យ នឹងមានការសាងសង់បន្ថែមទៀតនៅពេលខាងមុខ។

តាំងនាមជាក្រសួងបរិស្ថាន ឯកឧត្តមបន្ថែមថា ក្រសួងមានគោលដៅក្នុងការគ្រប់គ្រងសំណល់រឹងឱ្យបានល្អ ដែលជាផ្នែកមួយនៃគោលនយោបាយជាតិគ្រប់គ្រងសំរាមរឹងរបស់រដ្ឋាភិបាល ក្នុងនោះនឹងមានការផ្សព្វផ្សាយ និងការផ្ដល់ជាបច្ចេកទេសទៅរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីពង្រឹងសមត្ថភាពលើការគ្រប់គ្រងសំរាមតាមទីប្រជុះជន។

ឯកឧត្តមបន្តថា ក្នុងប្រទេសកម្ពុជាក្នុងមួយថ្ងៃមានការបញ្ចេញសំរាមជាង១ម៉ឺនតោន ហើយក្នុងមួយឆ្នាំមាន៤លានតោន។ ដោយឡែកក្នុងខេត្តព្រះសីហនុ សំរាមក្នុងមួយថ្ងៃមាន៣៥០ទៅ៤០០តោន ក្នុងនោះមាន៦៥%ជាសំណល់សរីរាង្គ ២០%ជាសំណល់ផ្លាស្ទិក និង១៥%ទៀតជាសំណល់រឹង។

ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថា កិច្ចការបន្ទាប់គឺការកែច្នៃ និងវែកសំរាមទៅតាមប្រភេទនីមួយៗ ដែលក្នុងនោះពលរដ្ឋត្រូវចូលរួមវេចខ្ចប់សំរាមនៅតាមប្រភេទនីមួយៗមុននឹងយកមកបោះចោល ដូច្នេះទីលានចាក់សំរាមនឹងអាចប្រើប្រាស់បានយូរ ដោយសារតែមានការវែកសំរាមបានត្រឹមត្រូវ និងកែច្នៃឡើងវិញ ស្របពេលដែលសំរាមកែច្នៃឡើងវិញមានត្រឹមតែ១០%តែប៉ុណ្ណោះ៕ 

Khcct banner

អត្ថបទទាក់ទង