Cct850x100 1

ក្រសួងពាណិជ្ជកម្ម៖“អោយតែស្វាយមានគុណភាពល្អ ពុំខ្វះទីផ្សារឡើយ”

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/


ផ្លែស្វាយ

ភ្នំពេញ៖ នៅពេលថ្មីៗនេះ មានសេចក្តីរាយការណ៍មួយចំនួន បានចុះផ្សាយថា ប្រជាពលរដ្ឋខ្មែរបានបង្ខំចិត្តត្រូវចាក់ចោលផលិតផលកសិកម្មជាផ្លែស្វាយចោលដោយសារគ្មានទីផ្សារក្នុងកាលៈទេសៈនៃជម្ងឺកូវីដ-១៩។ ក្រសួងពាណិជ្ជកម្ម បានចាត់ទុកផ្លែស្វាយនោះថា ជាស្វាយខូចគុណភាព ហើយក្រសួងបានបញ្ជាក់ថា អោយតែស្វាយមានគុណភាពល្អ ពុំខ្វះទីផ្សារឡើយ។

ក្រសួងពាណិជ្ជកម្ម បានពន្យល់ថា បច្ចុប្បន្ននេះ ទោះជាស្ថិតក្នុងកាលៈទេសៈនៃជម្ងឺកូវីដ-១៩ ក៏ដោយ ក៏កសិផលកម្ពុជានៅតែមានទីផ្សារទាំងសម្រាប់ការនាំចេញ និងទីផ្សារក្នុងស្រុក អោយតែទំនិញទាំងនោះមានគុណភាពស្របតាមតម្រូវការទីផ្សារ ពិសេសផ្លែស្វាយ។

បើតាមក្រសួងផ្លែស្វាយដែលមានគុណភាពល្អ រោងចក្រផលិតតំណាប់ស្វាយទទួលប្រមូលទិញក្នុងតម្លៃពី ៥០០រៀល ទៅ ៥៥០រៀលក្នុងមួយគីឡូក្រាម ចំណែកផ្លែស្វាយដែលខ្ចប់ក្នុងកញ្ចប់សំរាប់នាំចេញគឺ បានថ្លៃដល់ ៩០០រៀលក្នុងមួយគីឡូក្រាម។ ដូច្នេះ អោយតែស្វាយមានគុណភាពល្អ ពុំខ្វះទីផ្សារឡើយ។

ការបញ្ជាក់របស់ក្រសួងបែបនេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានមួយចំនួនបានចុះផ្សាយថា ប្រជាពលរដ្ឋខ្មែរបានបង្ខំចិត្តត្រូវចាក់ចោលផលិតផលកសិកម្មជាផ្លែស្វាយចោល ដោយសារគ្មានទីផ្សារក្នុងកាលៈទេសៈនៃជម្ងឺកូវីត-១៩។

ក្រសួងពាណិជ្ជកម្មបានបំភ្លើថា ស្វាយទាំងនោះ ជាស្វាយដែលខូចដោយសារទុំក្នុងកញ្ចប់ មានបរិមាណប្រហែលជាពីរតោន ដែលត្រូវតែចាក់ចោលដោយសារអ្នកទិញ មិនអាចទទួលទិញបាន ព្រោះមានបញ្ហាទាក់ទងនឹងគុណភាព។ ប្រិយមិត្ត និងសាធារណៈជនក៏អាចសម្គាល់មើលជាក់ស្តែងក្នុងរូបភាពដែលបង្ហាញរូបស្វាយទុំជោរពណ៌លឿង ដែលពុំអាចនឹងទុកឱកាសអោយដឹកជញ្ជូនទៅលក់ឯណាទៀតបាន សូម្បីតែយកទៅរោងចក្រធ្វើតំណាប់ស្វាយ កុំថាឡើយនាំចេញទៅបរទេសដែលត្រូវការរយៈពេលសំរាប់ដឹកជញ្ជូន ដូច្នេះទាមទារផ្លែស្វាយដែលមានគុណភាពតាមតម្រូវការទីផ្សារ។

ក្រសួងសូមអំពាវនាវយ៉ាងទទូច សូមប្រិយមិត្តហ្វេសប៊ុក មេត្តាពិចារណា និងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងដាក់បង្ហោះនូវរូបភាព ឫ ខ្លឹមសារណាមួយដែលជះឥទ្ធិពលអវិជ្ជមានដល់ការប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលដែលបច្ចុប្បន្ននេះកំពុងអនុវត្តគោលនយោបាយលើកស្ទួយវិស័យកសិកម្ម និងគាំទ្រ លើកទឹកចិត្តដល់ការនាំចេញកសិផល។

កាលពីដើមខែមេសា ឆ្នាំ២០២០ ក្រសួងកសិកម្ម អះអាងថា តម្លៃផ្លែស្វាយស្រស់ធ្លាក់ថ្លៃ ព្រោះរោងចក្រ និងសិប្បកម្មកែច្នៃមួយចំនួនបានបិទទ្វារបណ្តោះអាសន្ន ដោយសារបញ្ហានៃការរីករាលដាលនៃជំងឺកូវីដ១៩។ ក្រសួងកសិកម្ម បានឱ្យដឹងថា ជំងឺកូវីដ១៩ ធ្វើឱ្យអ្នកបញ្ជាទិញថមថយ ហើយរោងចក្រ និងសិប្បកម្មកែច្នៃតំណាប់ស្វាយមួយចំនួន បិទទ្វារបណ្តោះអាសន្ន បណ្តាលឱ្យប៉ះពាល់ដោយផ្ទាល់ ឬប្រយោលចំពោះសេដ្ឋកិច្ចជាតិ និងធ្វើឱ្យប្រែប្រួលនៃតម្លៃ លើទីផ្សារផលិតផលកសិកម្ម ជាពិសេសផលិតផលផ្លែស្វាយបានធ្លាក់ចុះ។

Khcct banner

អត្ថបទទាក់ទង