Cct850x100 1

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ “ស្បៀងរបស់កម្ពុជាមានគ្រប់គ្រាន់ គ្មានការខ្វះខាតទេ”

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានថ្លែងថា វិស័យកសិកម្មគឺមិនមានផលប៉ះពាល់នោះទេ ពោលគឺអាចបំពេញតម្រូវការប្រជាពលរដ្ឋក្នុងស្រុកបានគ្រប់គ្រាន់រហូតដល់ ៦០ ទៅ៧០ភាគរយ។ការថ្លែងរបស់ រដ្ឋមន្រ្តីក្រសួង កសិកម្មបែបនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋមួយចំនួនមានការបារម្ភខ្លាចកម្ពុជាខ្វះផលិតលទ្ធផលស្បៀងដោយសារតែប្រទេសជិតខាងកម្ពុជា មានវៀតណាម និងថៃបិទព្រំដែន។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០០មក កម្ពុជាគឺទទួលបាននៅសន្តិសុខស្បៀងគ្រប់គ្រាន់ ដោយផលិតស្បៀងបាន៤លានតោនក្នុងមួយឆ្នាំ លើផ្ទៃដីប្រមាណជា២លាន ៦សែនតោន។នៅឆ្នាំ ២០១៩ កម្ពុជាសម្រេចទៅលើការអនុវត្តការងារបង្កបង្កើនផលលើផ្ទៃដី៣លាន៣សែន៣មឺនហិកតា និងទទួលបានផលសរុប១០លាន៨សែន៨មឺនតោន ដែលអាចនៅសល់ស្បៀងប្រមាណ៥លាន៧សែន៦មឺនតោន ហើយគិតអង្កប្រមាណជា៣លាន៦សែន៩មឺនតោន ដែលជាស្បៀងក្នុងរយៈពេលផលិតក្នុងឆ្នាំ២០១៩-២០២០។

ឯកឧត្តមបានមានប្រសាសន៍ថា៖«ជាបន្តបន្ទាប់គឺខាងក្រសួងបន្តខិតខំជម្រុញការផលិតស្បៀង មានការកើនឡើង ទាក់ទងនឹងបញ្ហាកូវីដ១៩នេះ យើងក៏ចាត់វិធានការបន្តបន្ទាប់ដែរ ដោយប្រមូលស្បៀងតាមក្រុមហ៊ុនមួយចំនួនបានទិញស្តុកទុកក្នុងឃ្លាំង និងប្រមូលទិញដាក់ក្នុងឃ្លាំងក្នុងស្រុក យើងឃើញថាសន្និធិស្បៀងរបស់កម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់ ចំពោះបញ្ហាប្រឈមការរាលដាលនៃជំយើងឺកូវីដ១៩នេះ»។

បើតាមឯកឧត្តម វេង សាខុន ក្រសួងក៏បានកាត់បន្ថយការនាំចូលផលិតផលកសិកម្ម ដូចជាបន្លែបង្ការ សាច់សត្វ ដើម្បីជាចំណុចចាប់ផ្ដើម ក្នុងការជម្រុញ នឹងលើកកម្ពស់ផលិតផលក្នុងស្រុក។សម្រាប់ក្រសួងក៏បានដាក់ចេញនូវវិធានការ៤សំខាន់ៗ ទី១) ការខិតខំប្រឹងប្រែងឲ្យមន្ត្រីអនុវត្តគម្រោងទាំងអស់ដែលទទួលបន្ទុក គិតគូរឆ្លើយតបជាបន្ទាន់ក្នុងការអនុវត្តគម្រោងទៅនឹងសេចក្ដីត្រូវការរបស់ប្រទេស របស់ពលរដ្ឋ និងពលករដែលត្រឡប់មកវិញមានការងារធ្វើក្នុងវិស័យកសិកម្ម។ទី២) នេះជារដូវចាប់ផ្ដើមការដាំដុះ ដែលនឹងមកដល់នាពេលខាងមុខ ក្រសួងអំពាវនាវឲ្យមានការដាំដុះជាបន្ទាន់ស្របតាមតម្រូវការ ទី៣)ប្រមូលសន្និធិស្បៀងទាំងអស់ ដែលមានក្នុងស្តុកតាមរោងម៉ាស៊ីន សហគម គិតជាអង្កគឺ១លាន ៥សែនតោន ដែលអាចផ្គត់ផ្គង់ប្រជាជន១៦លាននាក់ក្នុងរយៈពេល៦ខែដោយមិនខ្វះទេ និងចុងក្រោយ ក្រសួងបានដាស់តឿនបណ្ដាមន្រ្តីរាជធានីខេត្តទាំងអស់ បន្តខិតខំជម្រុញ ដោយសង្កេតឃើញថាប្រជាកសិករសព្វថ្ងៃនេះ ចាប់ផ្ដើមធ្វើការដាំដុះស្រូវស្រាលនាដើមរដូវ ដែលចំណាយពេលតែ៨៥ ថ្ងៃគឺទទួលបានផល ដូចនេះគឺមិនមានបញ្ហាប្រឈមទាក់ទងនឹងបញ្ហាស្រូវនោះទេ។

ទាក់ទងនឹងវិស័យកសិកម្ម រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់ថា មិនមានផលប៉ះពាល់នោះទេ ពោលគឺអាចបំពេញតម្រូវការប្រជាពលរដ្ឋក្នុងស្រុកបានគ្រប់គ្រាន់រហូតដល់ ៦០ ទៅ៧០ភាគរយ។មិនប៉ះពាល់ ព្រោះនាពេលនេះគឺមិនមានតម្រូវការមង្គលការ ឬតម្រូវការសម្រាប់ភ្ញៀវទេសចរណ៍ទេ។

ប៉ុន្តែយ៉ាងណាក្តី ខណៈពេលប្រទេសកំពុងរងគ្រោះដោយសារកូវីដ១៩ គឺវាបានប៉ះពាល់ទៅលើដំណាំមួយចំនួនដូចជាដំណាំស្វាយនាពេលចុងរដូវនេះ ដោយមានបញ្ហាប្រឈមបន្តិចបន្តួច តែករណីនេះវៀតណាមនៅតែទទួលទិញ ឯការនាំចេញមានការចង្អៀត ចំណែកការនាំចេញស្វាយស្រស់ គឺនៅតែបន្តនាំចេញទៅ ប្រទេសកូរ៉េ ប៉ុន្តែមានលក្ខណៈតិចតួច ដោយសារតែបញ្ហាដឹកជញ្ជូន។ពាក់ព័ន្ធនឹងការធ្វើស្វាយក្រៀម កម្ពុជាកំពុងទាក់ទាញអ្នកវិនិយោគជាបន្តបន្ទាប់ ដោយមាន៦ទៅ៧រោងចក្រហើយដែលកំពុងតែដំណើរការ ប៉ុន្តែប្រឈមនឹងដំណាក់កាលនាពេលបច្ចុប្បន្ននេះ គឺកម្មករមានការរារែក ដោយសារកូវីដ១៩ និងការបញ្ជាទិញពីប្រទេសចិន និងបណ្ដាប្រទេសមួយចំនួនទៀតដូចជាកូរ៉េ ជប៉ុនជាដើម ដែលជាហេតុរោងចក្របានបិទមួយចំនួន ដែលបានជះឥទ្ធិពលក្នុងការប្រមូលផលស្វាយ ក្នុងការផលិតស្វាយស្ងួតនេះ។

ចំណែកឯផលិតផលកៅស៊ូ ក៏មានបញ្ហាប្រឈម ដោយសារតែរោងចក្រជាច្រើននៅជុំវិញពិភពលោកបានបិទ ហើយការបញ្ជាទិញរថយន្តក៏ថយចុះដោយសារវីរុសកូវីដ១៩។ចំពោះការនាំចូលផលិតផលកសិកម្មពីប្រទេសជិតខាងគឺនៅដំណើរការធម្មតា គ្រាន់តែកាត់បន្ថយមួយចំនួន ដូចជាការនាំស្រូវត្រូវបិទទាំងស្រុង តែចំពោះដំឡូងមី ស្វាយចន្ទី និងផលិតផលដទៃទៀតបាននឹងកំពុងចរាចរទៅប្រទេសជិតខាងជាធម្មតា តួយ៉ាងនាំចេញស្វាយចន្ទីចំនយន១២២ពាន់តោន រីឯដំណាំចេក នាំចេញប្រមាណ១០០ពាន់តោនផងដែរ ដោយបិទតែការចរាចរមនុស្សតែប៉ុណ្ណោះ។ ចំណែកឯការចិញ្ចឹមសត្វគឺមិនមានបញ្ហាទេ ដោយមានការនាំចូលខ្លះតែប៉ុណ្ណោះ ក្នុងមួយថ្ងៃនាំចូលជ្រូក៤ទៅ៥ពាន់ក្បាល ចំណែកត្រីចិញ្ចឹម និងត្រីធម្មជាតិ កម្ពុជាអាចផ្គត់ផ្គង់ដោយខ្លួនឯងក្នុងមួយឆ្នាំពី៩៨ ទៅ៩៩% ។

គួរបញ្ជាក់ថា ស្ថិតក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមបញ្ហាជំងឺឆ្លងសកលកូវីដ-១៩ និងជា ពិសេសស្របតាមការអំពាវនាវរបស់សម្តេច ហ៊ុន សែន ក្រសួងបានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួនក្នុងបំណងច្បាមយកកាលានុវត្តភាពបង្កើនផលិតភាពផលិតកម្ម ធានាដល់ការផ្គត់ផ្គង់ស្បៀងសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពល រដ្ឋ និងសេដ្ឋកិច្ចជាតិ៕

ពាក្យទាក់ទង: ក្រសួងកសិកម្ម
Khcct banner

អត្ថបទទាក់ទង