Cct850x100 1
1800px x h300px kh

ADB ផ្ដល់ប្រាក់កម្ចី ៤០ លានដុល្លារ សម្រាប់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុរបស់កម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័ត ប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន ៤០ លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកលទ្ធភាពទទួលបានឥណទាន ក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម (MSMEs) និងអនុវត្តកំណែទម្រង់ដើម្បីជំរុញស្ថិរភាពហិរញ្ញវត្ថុនិងធ្វើឱ្យប្រសើរឡើងនូវ ហេដ្ឋា រចនាសម្ព័ន្ធវិស័យហិរញ្ញវត្ថុ។

តាមរយៈ ADB បានឱ្យដឹងថា នេះជាកម្មវិធីរងទី៣ នៃកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន បន្ទាប់ពីកម្មវិធីរងចំនួនពីរ ពីមុនដែលត្រូវបានអនុវត្តពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ ដើម្បីជួយកម្ពុជាអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងស្ថិរភាពតាមរយៈការជំរុញបរិយាប័ន្នហិរញ្ញវត្ថុនិងស្ថិរភាពហិរញ្ញវត្ថុ។

លោកស្រី Benita Ainabe អ្នកឯកទេសផ្នែកហិរញ្ញវត្ថុ របស់ធនាគារអភិវឌ្ឍន៍អាស៊ី មាន ប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឱ្យ ការគ្រប់គ្រងវិបត្តិមានភាពប្រសើរឡើងក្នុងពេលមានជំងឺរាតត្បាតកូរីដ១៩។ ពិសេស ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុ រួមទាំងគម្រោងធានាឥណទានសាធារណៈសម្រាប់សហគ្រាសធុនតូចនិងមធ្យមដំបូងគេនៅកម្ពុជា។

លោកស្រីបន្ថែមថា នៅកម្ពុជាលទ្ធភាពទទួលបានផលិតផល និង សេវាកម្មហិរញ្ញវត្ថុ សម្រាប់ពលរដ្ឋក្រីក្រ នៅមានកម្រិតហើយចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅទាបមានតែ ២ ១,៧% នៃប្រជាពលរដ្ឋពេញវ័យរបស់ប្រទេស ប៉ុណ្ណោះដែលមានគណនីធនាគារ ហើយ MSMEs ប្រឈមការលំបាកដើម្បីទទួលបានហិរញ្ញប្បទាន និង ធានារ៉ាប់រងខ្នាតតូច។

ទន្ទឹមនឹងនេះ កម្មវិធីរងថ្មីនេះ គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជួយដល់សហគ្រាសធុនតូច និងមធ្យម (MSMEs) ឱ្យងើបឡើងពីជំងឺរាតត្បាត តាមរយៈការពង្រីកលទ្ធភាពទទួលបានឥណទាន។ វាក៏ជួយដល់កំណែទម្រង់ហិរញ្ញវត្ថុដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុ រួមទាំងការត្រួតពិនិត្យស្ថាប័នអន្តរវិស័យ ឱ្យកាន់តែប្រសើរឡើងពង្រឹងការគ្រប់គ្រងហានិភ័យឥណទាន និងគាំទ្រប្រព័ន្ធទូទាត់ប្រកបដោយភាពច្នៃប្រឌិត។

សូមជម្រាបជូនថា កំណែទម្រង់ទាំងនោះត្រូវបានបញ្ចូលក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលឆ្នាំ ២០១៩-២០២៣ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥ ។ កម្មវិធីរងថ្មីនេះ ជាផ្នែកមួយនេះយុទ្ធសាស្រ្តភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់កម្ពុជាឆ្នាំ២០១៩-២០២៣ ដែលគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ដើម្បីជំរុញលទ្ធភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និង ការធ្វើ ពិពិធកម្មសេដ្ឋកិច្ច។

ពាក្យទាក់ទង: សេដ្ឋកិច្ច ADB
Khcct banner

អត្ថបទទាក់ទង