Eqm5 on ads news
Alibaba cloud (1)
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Photo 2022 09 21 17.27.20
Photo 2022 08 27 11.03.25
Cc time 1800 x 300

យុវជន តាំង ហ៊ួងហាវ បង្កើត«ធុងអាហារចល័ត»ដើម្បីខ្មែរជួយខ្មែរក្នុងគ្រាលំបាក

យុវជន
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោក តាំង ហ៊ួងហាវ និងលោកតាស៊ីក្លូ។ 

ភ្នំពេញ៖ យុវជនខ្មែរមួយរូបបានផ្ដួចផ្ដើមគំនិតរៀបចំជាយុទ្ធនាការមួយមានឈ្មោះថា«លូខលហ្វលូខល»ដើម្បីបង្កើតជាធុងអាហារចល័ត ដោយប្រើប្រាស់ស៊ីក្លូក្នុងការចែកអាហារទៅដល់អ្នកខ្វះខាត និង ដើម្បីផ្ដល់ចំណូលបន្ថែមដល់អ្នកធាក់ស៊ីក្លូនៅក្រុងភ្នំពេញ ស្របពេលវិបត្តិកូវីដ។ គម្រោងធុងអាហារចល័ត គឺធ្វើឡើងដើម្បីខ្មែរ ពិសេស គឺសម្រាប់អ្នកដែលរកបានមួយថ្ងៃរស់មួយថ្ងៃ។

យុវជន តាំង ហ៊ួងហាវ អាយុ ២១ ឆ្នាំ បានផ្ដើមគំនិតរៀបចំយុទ្ធនាការមួយ ដែលមានឈ្មោះថា «លូខលហ្វលូខល» ក្នុងគោលបំណងផ្ដល់អាហារទៅដល់បុគ្គលដែលរកបានមួយថ្ងៃសម្រាប់តែមួយថ្ងៃដូចជា អ្នករស់នៅតាមជញ្ចើមផ្លូវ អ្នកធាក់ស៊ីក្លូ អ្នករើសអេតចាយ និងបុគ្គលខ្វះខាតផ្សេងៗទៀត និងដើម្បីជួយលើកស្ទួយអ្នកធាក់ស៊ីក្លូឱ្យមានចំណូលឡើងវិញ។

បើតាមការរៀបរាប់លោក ហ៊ួងហាវ បានឱ្យដឹងថា រូបលោកបានចាប់ផ្ដើមគម្រោងនេះតាំងពីខែមេសាមកម៉្លេះ គឺស្របពេលដែលបិទខ្ទប់់ ដូច្នេះធ្វើឱ្យលោកនឹកឃើញដល់អ្នកដែលខ្វះខាតទាំងនោះថាពួកគាត់បានអីទទួលទាន ស្របពេលដែលរូបលោកនៅផ្ទះជួបជុំគ្រួសារ មានអាហារឆ្ងាញ់ៗហូប។

លោកពន្យល់ថា រូបលោកពិតជាសំណាងទោះជួបប្រទះនឹងកូវីដក្ដី តែលោកបាននៅជួបជុំគ្រួសារ មានម្ហូបអាហារគ្រប់គ្រាន់ ចុះអ្នកធាក់ស៊ីក្លូ អ្នករស់តាមចញ្ចើមផ្លូវ និងជនខ្វះខាតទាំងឡាយគេបានអីហូប?គិតដល់ចំណុចនេះ ទើបលោកគិតរកវិធីថាធ្វើយ៉ាងមិចទើបអាចជួយពួកគាត់បាន។

មូលហេតុដែលយុវជនរូបនេះ ជ្រើសរើសស៊ីក្លូជាស្នូលក្នុងយុទ្ធនាការក៏ដោយសារតែជាការរំលឹកនូវអនុស្សាវរីយ៍មួយកាលពីកុមារភាពជាមួយលោកយាយរបស់ខ្លួន។ម្យ៉ាងទៀតលោកចង់លើកតម្កើង និងអភិរក្សស៊ីក្លូដែលជាយាន្តជំនិះដ៏ពេញនិយមនាសម័យកាលមុន ស្របពេលដែលចំនួនស៊ីក្លូនៅក្រុងភ្នំពេញសល់ប្រមាណជាង៣០០ស៊ីក្លូតែប៉ុណ្ណោះ។

យុវជន តាំង ហ៊ួងហាវ ថ្លែងថា “អ្នកធាក់ស៊ីក្លូបីដូចជាម្ចាស់ស្រុក ជាអ្នកចាស់ជំនាន់មុន ដែលអាចបន្តរៀបរាប់ដំណើររឿងដល់ក្មេងជំនាន់ក្រោយ ដូច្នេះលោកមិនចង់ឱ្យមានការបាត់បង់នោះទេ ទើបបង្កើតជាគម្រោងនេះឡើងដោយជ្រើសស៊ីក្លូជាផ្នែកមួយដ៏សំខាន់។”

យុទ្ធនាការរបស់យុវជន តាំង ហ៊ួងហាវ គឺលោកជាអ្នកផ្ដួចផ្ដើមឡើងតែម្នាក់ឯងប៉ុណ្ណោះ ហើយផ្ដើមរកជំនួយដំបូង គឺត្រឹមតែមិត្តភក្កិអ្នកស្គាល់គ្នា ប៉ុន្តែនៅពេលដែលលោកបានរៀបចំផែនការ និងគម្រោងសម្រាប់ស្វែងរកជំនួយក៏មានអ្នកគាំទ្រច្រើន រហូតធ្វើឱ្យគម្រោងនេះជោគជ័យ។ចាប់ផ្ដើមក្នុងខែមេសាមក មកដល់ពេលនេះយុទ្ធនាការនេះ លោកបានចែកម្ហូបអាហរជិត២ម៉ឺនម្ហូប និងលើសពី៨០០គ្រួសារ ដែលភាគច្រើននៅតំបន់ក្រហម និងតាមរយៈអង្គការផ្សេងៗ។ ក្នុងនោះទៀតសោទ ក៏បានជួយប្រជាជននៅតាមបណ្ដាខេត្តដូចជាប៉ោយប៉ែត សៀមរាបផងដែរ ហើយសម្រាប់ចែកដល់គ្រួសារខ្វះខាតទាំងនោះ មានដូចជា អង្ករ មី ត្រីខ ទឹកត្រី បន្លែជាដើម។

តាមរយៈកិច្ចសម្ភាសលោក ហ៊ួងហាវបានឱ្យដឹងថា គម្រោង Local4local គឺផ្ដោតទៅលើបុគ្គលដែលរកមួយថ្ងៃរស់មួយថ្ងៃ ដូចជាអ្នកធាក់ស៊ីក្លូ អ្នករស់នៅតាមផ្លូវ អ្នករើសអេតចាយ សន្តិសុខ ហើយបាយម្ហូបដែលប្រមូលបាន គឺពិតជាសំខាន់ណាស់ដើម្បីឱ្យពួកគាត់ចម្អែតក្រពះ និងអាចបន្តរស់ទៅមុខទៀត។លោកបញ្ជាក់ថា សព្វថ្ងៃនេះ Local4local គឺមានគម្រោងចំនួនប្រាំ ដែលគម្រោងពីរបានដំណើរការរួចហើយ និងគម្រោងបីទៀតកំពុងតែស្ថិតក្នុងដំណើរការនៅឡើយ។

បច្ចុប្បន្នសម្រាប់គម្រោងទីមួយ គឺគម្រោង«ធុងសហគមស៊ីក្លូចល័ត» មានទីតាំងអាហារចល័តចំនួនប្រាំមួយទីតាំង នឹងគ្រោងបង្កើតឱ្យបាន៩ ទៅ១០ទីតាំងទៀតនៅខែក្រោយ។ប្រាំមួយទីតាំងដែលចេញ៩:៣០ និងម៉ោង១០:៣០ និងមួយចំនួនទៀតចេញចន្លោះម៉ោង៤ ទៅម៉ោង៥ នៅតាមទីតាំងមួយចំនួនដូចជា ផ្សារថ្មី ផ្សារអូរឬស្សី មុខមាត់ទន្លេ និងផ្សាររាត្រីជាដើម។

សម្រាប់គម្រោង«ធុងសហគមស៊ីក្លូចល័ត» សព្វថ្ងៃនេះលោកបានសហការជាមួយសិល្បករខ្មែរ ដើម្បីគូរគំនូរនៅលើធុងសហគមស៊ីក្លូចល័ត ដើម្បីជំរុញឱ្យមានការយល់ដឹងបន្ថែមថា គម្រោងនេះគឺធ្វើដើម្បីអ្វី ហើយធុងដែលមាននេះសម្រាប់ដាក់អ្វី ព្រោះមកដល់ពេលនេះ អ្នកខ្លះមិនទាន់ហ៊ានដាក់របស់ចូលក្នុងធុងនៅឡើយទេព្រោះមានការស្ទាក់ស្ទើ។ ហើយគម្រោងធុងសហគមស៊ីក្លូចល័ត គឺជាគម្រោងមួយដែលលោកកំពុងផ្ដោតសំខាន់ ព្រោះថា អ្នកមានតិចក្ដី ច្រើនក្ដីគឺអាចចូលរួមបរិច្ចាគបានទាំងអស់មិនថាទឹកមួយដប បាយមួយកញ្ចប់ គឺសុទ្ធតែសំខាន់ និងអាចជួយទៅដល់អ្នកដែលត្រូវការចាំបាច់។

សម្រាប់គម្រោងទីពីរ គឺ«ការចែកប័ណ្ណពិសារអារហារសម្រាប់អ្នកធាក់ស៊ីក្លូ» លោកថាដោយពីមុនគឺតម្រូវឱ្យអ្នកធាក់ស៊ីក្លូជួបជុំគ្នា ហើយចែកប័ណ្ណនេះ តែដោយសារតែការរក្សាគម្លាតគឺតម្រូវឱ្យប្រើប្រាស់ប័ណ្ណនេះប្ដូរយកអាហារនៅទីតាំងណាក៏បានដែរ សម្រាប់ហូបមួយឆ្អែត មានបាយ និងសម្ល ភេសជ្ជៈ។ សម្រាប់ប័ណ្ណពិសារអាហារនេះ ក្នុងម្នាក់ទទួលបានប្រាំពីរសន្លឹក និងអាចប្ដូរពេលណាក៏បាន នៅតាមទីតាំងដែលដាក់ជូន ឬអាចចែករំលែកទៅបុគ្គលណាក៏បាន។

សម្រាប់គម្រោងទីបីគឺ ការប្រកួតសិល្បៈមួយក្រោមប្រធានបទ«ស៊ីក្លូនាពេលអនាគត» លោកពន្យល់ថា បច្ចុប្បន្នស៊ីក្លូកំពុងថយចុះជារៀងរាល់ឆ្នាំ ដូច្នេះនៅក្នុងគម្រោងនេះ លោកចង់ឱ្យអ្នកចូលរួមប្រកួតភ្ជាប់ការច្នៃប្រឌិតតាមរយៈគំនូរជាមួយស៊ីក្លូ ថាពេលអនាគតស៊ីក្លូនឹងទៅជាយ៉ាណា ឬស្រមៃថា ស៊ីក្លូអាចបើកលឿនដូចឡានឬក៏យ៉ាងណា ពោលគឺធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញ និងច្នៃប្រឌិតខ្ពស់។

លោកបន្ថែមថា គម្រោងទីបីនេះគឺនឹងបើកឱ្យមានការប្រកួតរយៈពេលប្រាំមួយសប្ដាហ៍ ហើយប្រសិនជាមានការគាំទ្រលោក នឹងច្នៃគំនិតដែលឈ្នះការប្រកួតឱ្យចេញជារូបរាងពិតរបស់ស៊ីក្លូដែលឈ្នះការប្រកួតតែម្ដង។

សម្រាប់គម្រោងទី៤គឺជាកម្មវិធីស្ម័គ្រចិត្ត ដែលគ្រោងនឹងសហការជាមួយសាលារៀន ឬសហគមន៍ផ្សេងៗដើម្បីធ្វើជាផ្ទះបាយសហគមន៍មួយ ក្នុងគោលបំណងឱ្យសិស្សានុសិស្សដែលទំនេរថ្ងៃសៅរ៍ អាទិត្យ អាចមកធ្វើម្ហូប ហើយមកដាក់ក្នុងធុងសហគមចល័ត រួចចែកជូនទៅដល់អ្នកដែលត្រូវការ។

ដោយឡែក សម្រាប់គម្រោងចុងក្រោយគឺដំណើរកម្សាន្តចុងសប្ដាហ៍ដោយប្រើប្រាស់ស៊ីក្លូ។ លោកហ៊ួងហាវ បន្តថាជារៀងរាល់សប្ដាហ៍ គឺលោករៀបចំដំណើរកម្សាន្តស៊ីក្លូទៅតាមប្រធានបទផ្សេងៗគ្នា និងទៅកាន់ទីតាំងផ្សេងៗគ្នាក្នុងក្រុងភ្នំពេញ។

លោកនិយាយថា៖« ខ្ញុំចង់ឱ្យមានការទាក់ទាញទៅដល់មនុស្សគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈ មិនថាក្មេងមិនថាចាស់ទេ។ ហើយខ្ញុំមើលឃើញថា សកម្មភាពនេះគឺជាការផ្ដល់ចំណូលមួយដល់លោកតាស៊ីក្លូ ហើយសម្រាប់អ្នកដែលជិះក៏ទទួលបានអារម្មណ៍សប្បាយរីករាយផងដែរ»។

ទោះបីជាគម្រោងនេះទទួលបានជោគជ័យក៏ពិតមែន តែនៅពីក្រោយភាពជោគជ័យនេះក្នុងនាមលោកជាអ្នកផ្ដួចផ្ដើម ជួបនឹងបញ្ហាប្រឈមជាច្រើន ត្បិតលោកជានិស្សិតដែលកំពុងសិក្សាពេញម៉ោង ត្រូវធ្វើកិច្ចការសាលាផង និងត្រូវគិតគូរពីគម្រោងLocal4localផង ដែលទាំងនេះសុទ្ធតែជាទំនួលខុសត្រូវសម្រាប់រូបលោក ។

ជាងនេះទៅទៀត លោកត្រូវរៀបចំគម្រោង និងធ្វើរបាយការណ៍ផ្ញើទៅឱ្យអ្នកបរិច្ចាគនានា ដែលទាំងអស់នេះ ជាហេតុនាំឱ្យមានការនឿយហត់ គិតច្រើន និងមិនសូវមានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯងច្រើនប៉ុន្មានទេ។

ជាចុងក្រោយ លោករំពឹងថាអ្នកគ្រប់គ្នានឹងចូលរួមបរិច្ចាគក្នុងធុងសហគមស៊ីក្លូចល័ត ទោះតិចក្ដីច្រើនក្ដីអាចបរិច្ចាគបានទាំងអស់ ប្រសិនបើប្រទះនឹងអ្នកខ្វះខាតអាចប្រាប់ឱ្យពួកគាត់ទៅយកអាហារនៅទីតាំងរបស់ធុងអាហារចល័ត។

ជាងនេះទៅទៀត លោកសង្ឃឹមថា ហាង និងភោជនីយដ្ឋាននានា នឹងមានជាធុងអាហារសម្រាប់បរិច្ចាគឱ្យអ្នកធាក់ស៊ីក្លូយកមកចែករំលែកដល់អ្នកខ្វះខាតដទៃទៀត តិចឬច្រើន លោករំពឹងថាអាចទៅមុខទាំងអស់គ្នា ត្បិតតែវាពិបាកមែន តែរួបរួមគ្នា ជួយគ្នាក្នុងគ្រាលំបាកនេះ យើងនឹងអាចឆ្លងផុតគ្រាដ៏លំបាកនេះបាន៕

រូបភាព៖ លូខលហ្វលូខល និងលោក តាំង ហ៊ួងហាវ

ផ្ទាំងពាណិជ្ជកម្ម
Img 9694
ពាក្យទាក់ទង: យុវជន ស៊ីក្លូ
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង