Yearendyearend1140x150
Img 0571

យុវជនមួយក្រុមបង្កើតដ្រូនមានមនុស្សជិះ ហើយថ្ងៃខាងមុខនឹងវិវត្តន៍ទៅជាតាក់ស៊ីដ្រូន

យុវជន
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
និស្សិត ឡុញ វណ្ណសិដ្ឋ  រៀនឆ្នាំទីបួន នៃសាកលវិទ្យាល័យ NPIC ។

ភ្នំពេញ៖ ជាកូនកសិករមកពីខេត្តបន្ទាយមានជ័យ និស្សិត ឡុញ វណ្ណសិដ្ឋ និងមិត្តរួមក្រុមបានបង្កើតដ្រូនដែលមានមនុស្សជិះបាន ដើម្បីដឹកជញ្ជូនឥវ៉ាន់ផ្សេងៗ ដោយថ្ងៃខាងមុននឹងវិវត្តន៍ទៅជាតាក់ស៊ីដ្រូន ដ្រូនបាញ់ថ្នាំសម្លាប់សត្វល្អិត ឬប្រើសម្រាប់ពន្លត់អគ្គីភ័យជាដើម។

ដោយសារតែមានក្តីសុបិនតាំងពីក្មេងចង់សិក្សាផ្នែកវិស្វកម្ម និងបច្ចេកវិទ្យាទំនើប និស្សិតឡុញ វណ្ណសិដ្ឋ ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យ NPIC បានសម្រេចក្ដីបំណងក្នុងការបង្កើតដ្រូនដែលអាចផ្ទុកមនុស្ស និងអាចដឹកជញ្ជូនឥវ៉ាន់ផ្សេងៗបាន ដោយមានការជួយជ្រោមជ្រែងពីលោកសាស្ត្រាចារ្យ និងមិត្តរួមក្រុម។

បើតាមនិស្សិតឆ្នាំទី៤រូបនេះ បានឱ្យដឹងថា គម្រោងរបស់ខ្លួនត្រូវបានបំផុសគំនិតដោយការមើលវីដេអូ YouTube ហើយឆ្នៃប្រឌិតទៅតាមលទ្ធភាពដែលខ្លួនមាន ហើយទីបំផុតក្តីស្រម៉ៃរបស់និស្សិតរូបនេះ បានក្លាយជាការពិតដោយរូបគេ និងក្រុមគឺជាមនុស្សដំបូងដែលបានផលិតយន្តហោះដ្រូនដឹកមនុស្ស មុនគេនៅកម្ពុជា។

និស្សិតវណ្ណសិដ្ឋនិយាយថា៖«ខ្ញុំតែងតែមើល និងរៀនអំពីបច្ចេកវិទ្យាទំនើបនៅពេលខ្ញុំរៀននៅវិទ្យាល័យ។ ហើយជាញឹកញាប់ខ្ញុំបើកទូរសព្ទដៃចាស់ៗមើលថាមានអ្វីនៅខាងក្នុង ហើយបន្ទាប់មកខ្ញុំព្យាយាមជួសជុលវា»។

និស្សិតឆ្នាំទី៤រូបនេះបន្តថា ត្បិតតែឪពុកម្តាយរបស់គេជាកសិករ ប៉ុន្តែរូបគេមានមោទនភាពចំពោះការបង្កើតឡានដ្រូន ប៉ុន្តែនៅមានរឿងជាច្រើនទៀតដែលរូបគេត្រូវរៀនសូត្របន្ថែម។ហើយសម្រាប់គម្រោងយន្ត Drone នេះ រូបគេបានជួយក្នុងការបង្កើតឧបករណ៍បញ្ជាដែលជាផ្នែកមួយយ៉ាងសំខាន់។

ចំណែកនិស្សិតឆ្នាំទី៣ ជ្រោយ សុធារ៉ា ក៏បានលើកឡើងដែរថា ជាញឹកញយ រូកគេឃើញប្រទេសផ្សេងទៀតផលិតរថយន្តគ្មានមនុស្សបើក ហើយរូបគេចង់ដឹងចង់ឃើញពីរបៀបដែលពួកគេធ្វើវា។ នេះហើយជាដើមចមដែលរូកគេបានចូលរួមក្នុងគម្រោងនេះដើម្បីរៀនសូត្រ និងអនុវត្តបានច្រើនជាងការរៀនទ្រឹស្តីនៅក្នុងថ្នាក់។

និស្សិតឆ្នាំទី៣ម្នាក់នេះអះអាងថា ការបង្កើតដ្រូនមានមនុស្សបើកនេះមានការលំបាក ព្រោះរូបគែឃើញវាតែក្នុងវីដេអូតាមអ៊ីនធឺណិត ហើយគេមិនដឹងថាត្រូវចាប់ផ្តើមពីណាមុនគេទេ។ ដូច្នេះហើយបានជាក្រុមរបស់គេបានសិក្សា និងស្រាវជ្រាវខ្លះៗពីរបៀបបង្កើតវា។ បន្ទាប់មក ក្រុមទាំងមូលបានរចនារូបគំនូររបស់វា ហើយពិភាក្សាជាមួយសមាជិកក្រុម ដើម្បីមើលថាតើវានឹងល្អ និងរឹងមាំគ្រប់គ្រាន់ដែរឬទេ។ បន្ទាប់មកក្រុមរបស់គេបានបង្កើតតួយន្តហោះគ្មានមនុស្សបើក មេកានិក គ្រឿងអេឡិចត្រូនិក បន្ទាប់មករៀបចំកម្មវិធីដើម្បីបញ្ជា។

ជាអនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃសាកវិទ្យាល័យNPIC សាស្ត្រាចារ្យ ហួរ សុខអូន បានសម្ដែងការរីករាយ ខណៈដែលសិស្សខ្លួនបានសម្រេចក្ដីសុបិនក្នុងការបង្កើតយន្តហោះដ្រូននេះឡើង។

លោកសាស្រ្តាចារ្យមានប្រសាសន៍ថា៖«មូលហេតុដែលយើងបង្កើតរថយន្ត Drone នេះ គឺដូចដែលអ្នកបានដឹងហើយថា ពិភពបច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសផ្សេងៗ ដូច្នេះហើយបានជាយើងចង់អនុវត្តបច្ចេកវិទ្យាទំនើបនេះនៅក្នុងប្រទេសរបស់យើងផងដែរ»។

លោកហួរ សុខអូន បន្ថែមទៀតថា គម្រោងយន្តហោះ Drone នេះអាចផ្តល់ឱ្យនូវឱកាសមួយក្នុងការជួយដោះស្រាយបញ្ហាជីវិតប្រចាំថ្ងៃ ដូចជាការកកស្ទះចរាចរណ៍ជាដើម។ លោកមើលឃើញថាផ្លូវរបស់ប្រទេសយើងតូច ហើយមានឡានច្រើន ដូច្នេះនៅពេលអនាគត លោកចង់អភិវឌ្ឍឡាន Drone នេះឱ្យទៅជាតាក់ស៊ី Drone។

លោកបញ្ជាក់ថា ដ្រូនរថយន្តនេះ ក៏អាចប្រើប្រាស់ក្នុងវិស័យកសិកម្ម ដូចជាសម្រាប់ការបង្កបង្កើនផលដំណាំពីខាងលើផងដែរ។ វាអាចត្រូវបានប្រើដើម្បីពន្លត់ភ្លើង ខណៈសព្វថ្ងៃមានអគារខ្ពស់ៗជាច្រើនដែលរថយន្តពន្លត់អគ្គិភ័យមិនអាចទៅដល់បាន ដូច្នេះដ្រូននេះអាចមានប្រយោជន៍សម្រាប់កិច្ចការទាំងនេះ។

យ៉ាងណាមិញ លោកសាស្រ្តាចារ្យបានរៀបរាប់ថា សម្រាប់គម្រោងនេះចំណាយប្រាក់ច្រើន លោកបានស្នើសុំថវិកាពីរដ្ឋាភិបាល ដោយសារសាកលវិទ្យាល័យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ មិនតែប៉ុណ្ណោះ មានក្រុមហ៊ុនឯកជនមួយចំនួនដែលបានឧបត្ថម្ភការស្រាវជ្រាវនេះ និងមានមនុស្សជាច្រើនចាប់អារម្មណ៍លើគម្រោងរបស់និស្សិតលោក។

សូមជម្រាបជូនថា ដោយមើលឃើញពីការរីកចម្រើនយ៉ាងខ្លាំងក្នុងវិស័យបច្ចេកវិទ្យានៅក្នុងប្រទេសដទៃៗទៀត និស្សិតកម្ពុជាក៏បាននិងកំពុងតែខិតខំស្រាវជ្រាវផលិត ឧបករណ៏ប្រើប្រាស់ទំនើបៗ ដើម្បីជាប្រយោជន៍ និងជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនកម្ពុជាប្រចាំថ្ងៃផងដែរ។

ទន្ទឹមនឹងនេះ គម្រោងយន្តហោះដ្រូន នេះនឹងក្លាយជាឱកាសមួយ ដើម្បីជួយដោះស្រាយបញ្ហាដូចជា ការកកស្ទះចរាចរណ៍ ដោយថ្ងៃអនាគតយន្តហោះដ្រូននេះនឹងត្រូវបាន អភិវឌ្ឍទៅជា តាក់ស៊ី Drone មិនតែប៉ុណ្ណោះ យន្តហោះដ្រូននេះក៏អាចប្រើសម្រាប់បាញ់ជីលើដំណាំកសិកម្មនៅលើអាកាស ឬបាញ់ថ្នាំសម្លាប់សត្វល្អិត ពិសេសប្រើប្រាស់សម្រាប់ពន្លត់អគ្គីភ័យ នៅតាមអគារខ្ពស់ៗ ដែលរថយន្តពន្លត់អគ្គីភ័យមិនអាចទៅដល់ផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង