Cct850x100 1
1800px x h300px kh

ស្រុកបន្ទាយស្រីរកឃើញអ្នកវិជ្ជមានកូវីដម្នាក់ ទើបត្រឡប់ពីភ្នំពេញ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបភាព អភិបាលស្រុកបន្ទាយស្រី 

ភ្នំពេញ៖  រកឃើញអ្នកវិជ្ជមានកូវីដ១៩ម្នាក់ក្នុងស្រុកបន្ទាយស្រី ដែលទើបតែត្រឡប់មកពីភ្នំពេញវិញ កាលពីថ្ងៃ៦ ឧសភា យ៉ាងណាមិញ បុគ្គលវិជ្ជមានរូបនេះ​មិនបានប៉ះពាល់ជាមួយបុគ្គលផ្សេងទៀតក្នុងសហគមន៍ទេ។ 

តាមរយៈអភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងថា ពលរដ្ឋមួយរូបនៅក្នុងឃុំព្រះដាក់ ឈ្មោះ រ៉ូន រាន់ អាយុ៣៨ឆ្នាំដែលទើបវិលត្រលប់មកពីភ្នំពេញ ត្រូវបានរកឃើញថាមានផ្ទុកវិជ្ជមានកូវីដ១៩ ប៉ុន្តែមិនមានប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍នោះទេ និងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនៅក្នុងមណ្ឌលចត្តាឡីស័ករបស់ស្រុកបន្ទាយស្រីតាំងពីថ្ងៃមកដល់ដំបូង។

តាមប្រភពដដែលបញ្ជាក់ថា ក្រុមការងារគ្រប់គ្រងកូវីដ១៩របស់ស្រុកបន្ទាយស្រីបានតម្រូវឱ្យក្រុមគ្រួសារលោករ៉ូន រាន់ រៀបចំម៉ូតូ២គ្រឿង ដើម្បីទៅទទួលយកពីចំណុចស្វាយធំនៃស្រុកបាគង ហើយបន្តដំណើរចូលទៅក្នុងមណ្ឌលចត្តាឡីស័កផ្ទាល់តែម្តង ដើម្បីត្រួតពិនិត្យសុខភាព ដោយបានគោរពតាមវិធានការសុវត្ថិភាព មិនមានប៉ះពាល់គ្នា និងប្រើប្រាស់ម៉ូតូដាច់ដោយឡែករៀងៗខ្លួន។ ដោយពិនិត្យឃើញមានរោគសញ្ញាគួរឱ្យសង្ស័យទៅលើឈ្មោះ រ៉ូន រាន់ ក្រុមការងារបានសម្រេចបញ្ជូនបន្តទៅយកសំណាក និងទទួលបានលទ្ធផលវិជ្ជមានកាលពីយប់ថ្ងៃ៧ឧសភានេះ។

ជាវិធានការបន្ថែម និងបន្ទាន់ រដ្ឋបាលស្រុកបានជូនដំណឹងភ្លាមៗទាំងយប់ដល់ក្រុមគ្រួសារអ្នកវិជ្ជមាន និងអ្នកនៅក្នុងមណ្ឌលចត្តាឡីស័កទាំងអស់ ព្រមទាំងសម្រេចធ្វើចត្តាឡីស័កនៅនឹងផ្ទះទៅលើភរិយាលោករ៉ូន រាន់ និងបន្តចត្តាឡីស័កអ្នកនៅក្នុងមណ្ឌលស្រាប់ទាំង១៣នាក់រយៈពេល១៤ថ្ងៃបន្ថែមទៀត ដើម្បីក្តោបឱ្យអស់អ្នកពាក់ព័ន្ធ និងធានាឱ្យបានថាមិនមានការឆ្លងបន្តចូលទៅក្នុងសហគមន៍។ 

ទន្ទឹមនឹងនេះ មិត្តភ័ក្តិរួមដំណើរជាមួយលោក រ៉ូន រាន់ មកពីភ្នំពេញ ក៏ត្រូវបានបញ្ជូនទៅធ្វើតេស្តយកសំណាកនៅក្នុងព្រឹកនេះផងដែរ ហើយរដ្ឋបាលស្រុកនឹងធ្វើការជូនដំណឹងពីលទ្ធផលនៅពេលក្រោយទៀត។

សូមជម្រាបជូនថា រហូតមកដល់ពេលនេះ ស្រុកបន្ទាយស្រីធ្លាប់មានការពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាច្រើនករណីរួចមកហើយ ប៉ុន្តែមិនទាន់មានការឆ្លងបន្តចូលទៅក្នុងសហគមន៍នៅឡើយទេ៕ 

Khcct banner

អត្ថបទទាក់ទង