Cct850x100 1
1800px x h300px kh

«បុរសពីរនាក់»ស្លាប់ដោយសារជំងឺកូវីដ-១៩ ជាករណីទី៣៧ និងទី៣៨

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សេចក្ដីប្រកាសផ្លូវការរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដោយយោងតាមការផ្តល់ព័ត៌មានពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ករណីស្លាប់របស់ពលរដ្ឋចំនួន ០២នាក់ ជាករណីទី៣៧ និង៣៨ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រួមមានបុរសជនជាតិខ្មែរម្នាក់ អាយុ ៦៥ឆ្នាំ រស់នៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រសៀលម៉ោង០៤ និង០០នាទី និងបុរសម្នាក់ទៀតជាជនជាតិខ្មែរអាយុ ៧៧ឆ្នាំ រស់នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ល្ងាចម៉ោង០៦ និង៥០នាទី។

តាមរបាយការណ៍ដដែលខាងលើ បានបញ្ជាក់ពីប្រវត្តិនៃករណីស្លាប់របស់បុរសជនជាតិខ្មែរដែលមានអាយុ ៦៥ឆ្នាំ បានចូលមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២១ នៅវេលាម៉ោង ១១:១៥នាទី ក្នុងស្ថានភាពហត់ខ្លាំង ក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះភ្លាមៗ ព្រមទាំងយកសំណាកធ្វើការវិភាគ ជាលទ្ធផលមានវិជ្ជមានកូវីដ-១៩ ។ ដោយជំងឺមានការវិវត្តចេះតែធ្ងន់ធ្ងរឡើងៗ ហត់ដង្ហក់ខ្លាំង ក្រុមគ្រូពេទ្យបានខិតខំ ជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន អ្នកជំងឺក៍បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រសៀលម៉ោង០៤ និង០០នាទី។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ករណីបុរសជនជាតិខ្មែរអាយុ ៦៥ឆ្នាំ ខាងលើនេះបានបាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩។

ដោយឡែក ករណីស្លាប់របស់បុរសជនជាតិខ្មែរម្នាក់ទៀត មានអាយុ ៧៧ឆ្នាំ បានចូលមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ រសៀលម៉ោង០៣ និង២០នាទី ជាមួយនឹងស្ថានភាពហត់ដង្ហក់ខ្លាំង នៅលើអ្នកជំងឺមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ ដែលតម្រូវឱ្យគ្រូពេទ្យធ្វើការជួយសង្គ្រោះដោយមានប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផងដែរ និងបានយកសំណាកធ្វើវិភាគ ជាលទ្ធផលបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩ ។ ដោយការវិវត្តជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ ទោះជាក្រុមគ្រូពេទ្យបានខិតខំធ្វើការព្យាបាល តាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏អ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ល្ងាចម៉ោង០៦ និង៥០នាទី។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៧៧ឆ្នាំ បានបាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែមប្រចាំកាយ។

ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ និងសាធារណជន បានចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយ ក្រុមគ្រួសារនៃសព៕


Khcct banner

អត្ថបទទាក់ទង