Cct850x100 1
1800px x h300px kh

សម្ដេចហ៊ុន សែន៖ ប្រាក់ចំណូលពីប្រេង មិនទាន់ជះឥទ្ធិពលលើសេដ្ឋកិច្ចទេ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សម្ដេចក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន


ភ្នំពេញ៖នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេច ហ៊ុន សែន បានប្រកាសពីក្តីរំពឹងពីចំណុលដែលកម្ពុជាទទួលបានពីការបូមប្រេង ក្នុងទំហំទឹកប្រាក់ប្រមាណ៣០លានដុល្លារក្នុងមួយឆ្នាំ។ប៉ុន្តែចំណូលនេះ មិនទាន់អាចជាទំហំទឹកប្រាក់ដែលជួយឱ្យសេដ្ឋកិច្ចកម្ពុជារីកលូតលាស់នៅឡើយទេ ពោលទំហំនេះនៅស្តួចស្ដើងនៅឡើយ។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដែលប្រព្រឹត្តទៅនៅខណ្ឌជ្រោយចង្វា សម្តេចហ៊ុន សែន បានថ្លែងថា តាមការវាយតម្លៃកម្ពុជាអាចចម្រាញ់ប្រេងបានចន្លោះពី ៧ពាន់ ទៅ ៧,៥០០បារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលនេះជាចំនួនមួយតិចតួចនៅឡើយ តែជាការបោះជំហ៊ានមួយដ៏ល្អលើវិស័យប្រេង និងឧស្ម័ននៅកម្ពុជា។សម្រាប់សម្តេចចំណូលនេះ មិនទាន់ជះវិសាលភាពដល់សេដ្ឋកិច្ចកម្ពុជានោះទេ។

សម្ដេចសង្កត់ធ្ងន់ថា ផលចំណូលពីប្រេងដែលកម្ពុជាមានពេលនេះ បើតម្លៃប្រេងក្នុងរង្វង់៥៥ដុល្លារអាមេរិក ចំណូលរបស់កម្ពុជាក្នយងមួយឆ្នាំបានមិនដល់៣០លានដុល្លារទេ ដូច្នេះចំនួននេះមិនបានស្មើជាមួយនិងចំណូលមិនមែនសារពើពន្ធលើទិដ្ឋិការផ្នែកទេសចរណ៍ផង ពោលកម្ពុជាមិនអាចពឹងផ្អែកលើចំណូលប្រេងបានទេ។

សម្តេចបានបង្ហើបពីគម្រោងដែលកម្ពុជាគ្រោងនឹងបង្កើតរោងចក្រផលិតប្រេងខ្លួនឯងផងដែរ តែកំពុងស្ថិតក្នុងការពិភាក្សារកក្រុមហ៊ុនវិនិយោគដែលទុកចិត្តនិងអាចសម្រេចកិច្ចការនេះដោយរលូន។ហើយការដែលកម្ពុជាអាចផលិតប្រេងបានគឺមានប្រយោជន៍ច្រើន មិនត្រឹមតែទទួលបានប្រេងទេ ថែមទាំងអាចច្នៃជាជី និងកៅស៊ូចាក់ផ្លូវទៀតផង។

សូមជម្រាបជូនថា តំណក់ប្រេងដំបូងរបស់កម្ពុជា ដែលទទួលបាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នោះ គឺអណ្តូងទី១ឈ្មោះ AO1D ដំណើរការបាន ៣៣ថ្ងៃ បូមបាន ១,២៣៦បារ៉ែល ក្នុងមួយថ្ងៃ។ហើយក្នុងរយៈពេល ៣៣ថ្ងៃ ផលិតបាន ៤០,៧៨៨បារ៉ែល។

ទន្ទឹមនឹងនេះ អណ្ដូងទី២ទើបតែដំណើរការនៅថ្ងៃទី៣០ ខែ មករា ឆ្នាំ២០២១ឈ្មោះថា AO4D គឺកំពុងតែដំណើរការផលិតប្រេងដោយញែកភក់និងប្រេង។ ព្រោះពេលបូមមកដំបូងគឺមានតែភក់ទេ ដល់តែបូមភក់អស់ទើបបានប្រេងដែលលាយឡំជាមួយភក់នោះ ឥឡូវនេះទើបតែមានប្រេង ៤០,១៥៦បារ៉េល នៅសល់អណ្ដូងទី៣ ទី៤ និងទី៥ ដែលនឹងត្រូវបន្ដដំណើរការបូមបន្តបន្ទាប់ក្នុងឆ្នាំ២០២១នេះ៕

ពាក្យទាក់ទង: ប្រេង កម្ពុជា
Khcct banner

អត្ថបទទាក់ទង