Yearendyearend1140x150

គម្រោង«ដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា» គាំទ្រការបើកសាលាបឋមឡើងវិញ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបភាព៖  អង្គការ អេដ អេ អាក់ស្យុង

ភ្នំពេញ៖ គម្រោង «ដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា» នឹងបន្តការងាររបស់ខ្លួនដើម្បីធានានូវការបន្តការអប់រំប្រកបដោយគុណភាព និងការត្រឡប់មកចូលរៀនវិញក្នុងអន្តរកាលនេះប្រព្រឹត្តទៅដោយរលូនសម្រាប់កុមារ ខណៈដែលប្រទេសកម្ពុជាកំពុងតែរៀបចំការបើកគ្រឹះស្ថានបឋមសិក្សាឡើងវិញ បន្ទាប់ពីសាលារៀនត្រូវបានបិទទ្វារ ដោយសារជំងឺកូវីដ-១៩ អស់រយៈពេល ៨ ខែកន្លងមកនេះ។

បើតាមលោកស្រីបណ្ឌិត Mary Jo Pigozzi នាយកប្រតិបត្តិនៃកម្មវិធី Educate A Child បានមានប្រសាសន៍អំពីការបើកសាលារៀនឡើងវិញថា «យើងពិតជាមានចិត្តរំភើបរីករាយឥតឧបមាចំពោះការអភិវឌ្ឍនជាវិជ្ជមានក្នុងការបើកសាលារៀននៅទូទាំងប្រទេសកម្ពុជានេះ»។

លោកស្រីបន្តថា វាពិតជាមានរយៈពេលយូរណាស់មកហើយ ហើយក៏ជាការធ្វើដំណើរមួយដែលប្រកបដោយឧបសគ្គ ភាពតានតឹង និងការហត់នឿយ រួមជាមួយគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងកំឡុងវិបត្តិកូវីដ-១៩ អ្នកគ្រប់គ្នា រួមជាមួយនឹងដៃគូរបស់អង្គការ Aide Et Action និងគម្រោង “ដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា” បានតាមដានស្ថានការណ៍យ៉ាងម៉ត់ចត់ ដោយរំពឹងទុកថាក្រុមការងារនឹងមានឱកាសនេះមកដល់នៅពេលណាមួយមិនខាន។ ឥឡូវនេះ វាបានមកដល់ ហើយ ក្រុមការងារនៅតែបន្តធ្វើការដើម្បីធានាការចូលរៀនឡើងវិញក្នុងអន្តរកាលនេះប្រព្រឹត្តទៅដោយរលូនតាមដែលអាចធ្វើទៅបាន តាមរយៈការកែលម្អបរិស្ថានថ្នាក់រៀន ការបណ្តុះបណ្តាលគ្រូ និងការផ្តល់សម្ភារៈសិក្សាជាដើម។

នាយកប្រតិបត្តិនៃកម្មវិធី Educate A Child បានបញ្ជាក់ទៀតថា តាមរយៈគំនិតផ្តួចផ្តើមផ្សេងៗ ដូចជា ការផ្តល់ជាសម្ភារៈសិក្សាដល់កុមារា និងកុមារី ដែលជួបការលំបាកបំផុត ការគាំទ្រកម្មវិធីសិក្សាថ្នាក់ពន្លឿន កម្មវិធីថ្នាក់សមមូលសម្រាប់កុមារលើសអាយុ គាំទ្រការបើកថ្នាក់សមា-ហរណកម្មសម្រាប់កុមារដែលមានពិការភាពនៅតាមគ្រឹះស្ថានសាធារណៈ និងការបង្កើតកម្មវិធីដែលអាចប្រើជាលក្ខណៈឌីជីថល ឬតាមទូរស័ព្ទឆ្លាតវៃ៖ ខ្មែររៀនអាន «Khmer Rean Arn» និង បណ្ណាល័យខ្មែរ «Khmer Library» ដែលមានខ្លឹមសារជាច្រើនសម្រាប់ជាជំនួយដល់កុមារកម្ពុជាក្នុងការការសិក្សា និងការអាន។

រូបភាព៖ អង្គការ អេដ អេ អាក់ស្យុង

ពិសេសជាងនេះ ដោយមានកិច្ចខិតខំប្រឹងប្រែងទ្វេរដងដើម្បីធានានូវការបន្តការអប់រំក្នុងកំឡុងពេលដែលសាលារៀននៅកម្ពុជាត្រូវបានបិទទ្វារដោយសារវិបត្តិកូវីដ-១៩ គម្រោង «ដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា» បានផ្តល់វិទ្យុចំនួនជាង ៤០០០ គ្រឿងទៅដល់សិស្សជនជាតិដើមភាគតិចនៅខេត្តរតនៈគិរី មណ្ឌល គិរី និងក្រចេះ ដើម្បីឱ្យពួកគេនៅតែអាចបន្តការរៀនកម្មវិធីអប់រំពហុភាសា តាមរយៈការចាក់ផ្សាយតាមវិទ្យុ ជាភាសាជនជាតិដើមភាគតិច។ ដើម្បីជួយសម្រួលដល់គ្រូបង្រៀន អ្នកអាណាព្យាបាល និងកុមារសម្រាប់ការសិក្សាពីចម្ងាយ គម្រោងក៏បានបង្កើតនូវឯកសារជាលក្ខណៈអនឡាញជាច្រើនសម្រាប់ការរៀន និងបង្រៀន ដែលអាចស្វែងរកបានយ៉ាងងាយស្រួល និងទាញយកបានដោយឥតគិតថ្លៃ។ រហូតមកដល់សព្វថ្ងៃនេះ មានឯកសារសម្រាប់ការបណ្តុះបណ្តាលគ្រូចំនួន ៤៣ ខ្លឹមសារ សៀវភៅចំនួន ២៣៤៤ ចំណងជើង ដោយក្នុងនោះមានសៀវភៅចំនួន ៥៧២ ក្បាលជាសៀវភៅសំឡេង (Audiobooks)។

ទន្ទឹមនឹងនេះ ជាមួយនឹងការគាំទ្រពីរាជរដ្ឋាភិបាល និងដៃគូចម្រុះពីវិស័យផ្សេងៗ គម្រោង «ដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា» ប្តេជ្ញាប្រមូលកុមារចំនួនជាង ១១៦,០០០ នាក់ នៅទូទាំង ២៥ រាជធានី ខេត្តបានចូលរៀននៅត្រឹមឆ្នាំ ២០២៤។

សូមជម្រាបជូនថា គម្រោង «ដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា» គឺជាគម្រោងដ៏សំខាន់មួយ ដែលមានអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងអប់រំ យុវជន និងកីឡា និងមូលនិធិកាតាសម្រាប់ការអភិវឌ្ឍ (Qatar Fund for Development) កាលពីខែវិច្ឆិកា ឆ្នាំ២០២០ បានប្តេជ្ញាផ្តល់ថវិកាចំនួន ១៣ លានដុល្លារ ដើម្បីគាំទ្រដល់កុមារដែលបាត់បង់ឱកាសសិក្សានៅកម្ពុជា។

គម្រោងមួយនេះ គឺជាការសហការគ្នាជាមួយអង្គការដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ដែលដឹកនាំដោយអង្គការ អេដ អេ អាក់ស្យុង (Aide et Action) តាមរយៈភាពជាដៃគូជាមួយ Educate a Child ដែលជាកម្មវិធីជាសកលរបស់អង្គការ Education Above All Foundation ដែលបានផ្តល់នូវទឹកប្រាក់ចំនួនប្រហែល ២១លានដុល្លារ បន្ថែមទៀត ដើម្បីធានានូវការទទួលបានការអប់រំដែលមានគុណភាព ប្រកបដោយសមធម៌ សម្រាប់កុមារដែលជួបការលំបាកបំផុត នៅកម្ពុជា។ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង