Cct850x100 1

រដ្ឋាភិបាលត្រៀមលើកលែងពន្ធដល់ក្រុមហ៊ុនដែលប៉ះពាល់ដោយសារ EBA

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖សម្តេច ហ៊ុន សែន បានចុះហត្ថលេខាលើសេចក្តីសម្រេចមួយ ដើម្បីជួយដល់ក្រុមហ៊ុនដែលប៉ះពាល់ដោយសារប្រព័ន្ធអនុគ្រោះពន្ធ EBAរបស់សហភាពអឺរ៉ុប។នេះបើតាមការថ្លែងរបស់សម្តេចហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត វិទ្យាស្ថានវ៉ាន់ដាគណនេយ្យ នៅព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។

បើតាមសម្តេច រាជរដ្ឋាភិបាលបានត្រៀមក្នុងការលើកលែងពន្ធដល់រោងចក្រទាំងឡាយណា ដែលរងផលប៉ះពាល់ពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ២០ភាគរយ ពីគណៈកម្មការអឺរ៉ុប។សម្ដេចបានលើកឡើងថា “កម្ពុជាយើងក៏បានត្រៀមទុកពីចម្ងាយសម្រាប់ផលប៉ះពាល់ទៅលើបញ្ហាEBA ហើយកម្ពុជាបានបញ្ជាក់ច្បាស់ថា យើងមិនទៅស្នើសុំ 20%នោះត្រឡប់មកវិញទេ”។

សម្ដេចបន្តថា កម្ពុជាបានត្រៀមបម្រុងនៅខាងនេះហើយ ហើយការបាត់EBA ២០% នោះកុំទៅខ្វល់អី។ក្នុងនោះដែរ សម្ដេចក៏បានចុះហត្ថលេខាយល់ព្រមរួចហើយ ប្រសិនជាប៉ះពាល់មានប៉ុន្មានភាគរយ សម្ដេចនឹងលើកលែងពន្ធឲ្យទៅតាមភាពជាក់ស្ដែង ដើម្បីឲ្យរោងចក្រនៅតែប្រកួតប្រជែងបាន។

សម្ដេចមានប្រសាសន៍ថា៖« កុំយកអធិបតេយ្យជាតិ ទៅប្ដូរជាមួយEBA ព្រោះវាគង់តែបាត់ទេ គ្រាន់តែវាបាត់មុនឬក្រោយតែប៉ុណ្ណឹង ឥឡូវបាត់ ២០%វាមិនមានបញ្ហាអ្វីទេ»។

គួរបញ្ជាក់ដែរថា គណៈកម្មការអឺរ៉ុបនៅក្នុងសំណុំរឿង EBA ត្រូវបានប្រកាសជាផ្លូវការ កាលពីថ្ងៃទី១២ ខែកុម្ភៈ កន្លងទៅ ដោយសម្រេចដកការអនុគ្រោះពន្ធ «ជាបណ្ដោះអាសន្ន» ពីកម្ពុជាលើទំនិញចំនួន៤០ប្រភេទ ដែលភាគច្រើនជា សម្លៀកបំពាក់ ផលិតផលធ្វើដំណើរទាំងអស់ និង ផលិតផលស្ករ ដែលផលិតផលទាំងអស់នេះ នាំចេញពីកម្ពុជាទៅអឺរ៉ុបក្នុងតម្លៃសរុបប្រមាណ ១ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំ ឬស្មើនឹង១ភាគ៥នៃតម្លៃនាំចេញប្រចាំឆ្នាំពីកម្ពុជាទៅអឺរ៉ុប។

ចំពោះសេចក្ដីសម្រេចនេះ មិនដាច់ណាត់ពេកទេ ដោយសហភាពអឺរ៉ុបអះអាងថា កម្ពុជាអាចទទួលបានការអនុគ្រោះពន្ធត្រឡប់មកវិញ បើរដ្ឋាភិបាលកម្ពុជាព្រមស្ដារស្ថានភាពសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងសិទ្ធិការងារឲ្យប្រសើរឡើងជាងសព្វថ្ងៃ៕

ពាក្យទាក់ទង: EBA
Khcct banner

អត្ថបទទាក់ទង