Cct850x100 1

សម្តេច ហ៊ុន សែន៖ផ្តាច់ EBAជាសិទ្ធិរបស់អឺរ៉ុប តែអឺរ៉ុបក៏ត្រូវគោរពសិទ្ធិកម្ពុជាដែរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ដោយ ទី សុវណ្ណី
/
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតដែលបានបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ២០២០។

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រឿងផ្តាច់ ឬមិនផ្តាច់ EBA ទាំងអស់នេះជាសេចក្តីសម្រេចជាសិទ្ធិរបស់សហភាពអឺរ៉ុប តែអឺរ៉ុបក៏ត្រូវគោរពសិទ្ធិរបស់កម្ពុជាផងដែរ។សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងចំអកផងដែរថា សេចក្តីថ្លែងការតបនឹងការសម្រេចដកEBA របស់សហភាពអឺរ៉ុប អាចធ្វើឡើងក្នុងថ្ងៃ៣១ ខែកុម្ភៈ ដែលន័យនេះចង់សំដៅថាសម្តេចនឹងមិនថ្លែងឆ្លើយតបនឹងការសម្រេចដកEBAទេ។ 

“ការបិទEBA ជាសិទ្ធិរបស់គេ និងជាការសម្រេចចិត្តរបស់គេ។ ការព្យួ EBA មិនមែនជាការភ័យក្លាចរបស់កម្ពុជាទេ រឿងដែលគួរអោយភ័យក្លាចគឺជំងឺកូរ៉ូណា ការភ័យក្លាចនឹងការរើសអើង វាជាការប៉ះទង្គិចយ៉ាងធំណាស់ ចំពោះប្រព័ន្ធទេសចរ និងទីផ្សារពាណិជ្ជកម្មនៅកម្ពុជា និងពិភពលោកទាំងមូល”។នេះជាការថ្លែងរបស់សម្តេចហ៊ុន សែន ក្នុងពិធីអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតដែលបានបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះ។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ជំងឺកូរ៉ូណា COVID-19 បានធ្វើឱ្យរោងចក្រមួយចំនួននៅប្រទេសក្រៅក៏ត្រូវបិទទ្វា មានកូរ៉េខាងត្បូង ជប៉ុន នឹងថៃ ក៏ដូចជាកម្ពុជាផងដែរ នេះគឺដោយសារការខ្វះវត្ថុធាតុដើមពីស្រុកក្រៅ ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក ហើយអាវក៏អាចឡើងថ្លៃព្រោះតែមានការបិទផ្នែកដឹកជញ្ជូន តាមផ្លូវគោក និងផ្លូវអាកាលមួយចំនួនពីប្រទេសក្រៅ។

ទាក់ទងនឹងបញ្ហាប្រព័ន្ធនុគ្រោះពន្ធ EBA សម្តេចបានសង្កត់ធ្ងន់ថា ផ្តាច់ ឬមិនផ្តាច់ ជាសេចក្តីសម្រេចរបស់គេ ជាសិទ្ធិគេ តែគេក៏ត្រូវគោរពសិទ្ធិរបស់យើងផងដែរ។បើគេអោយយើងយក តែបើគេមិនអោយក៏យើងមិនត្រូវការរបស់គេដែរ។សម្រាប់ការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA បើចូលជាធរមាន គឺចូលនៅខែសីហាឯណោះ។ ហើយសេចក្តីថ្លែងការរបស់ EBA ផ្សេងៗ ក៏នឹងមានក្នុងថ្ងៃ៣១ ខែកុម្ភៈផងដែរ។

សូមបញ្ជាក់ថា សេចក្តីសម្រេចរបស់សហភាពអឺរ៉ុប បានសម្រេចដកការអនុគ្រោះពន្ធ20%ក្រោមកម្មវិធីEBA លើទំនិញចំនួន៤០ប្រភេទរបស់កម្ពុជា។ មុខទំនិញទាំងនេះ គឺនៅក្នុងវិស័យកាត់ដេរ ផលិតផលធ្វើដំណើរ និង ស្ករ។ ទំនិញទាំងនេះ គឺមានតម្លៃនាំចេញទៅកាន់អឺរ៉ុបប្រមាណជាង១ពាន់លានដុល្លារអាមេរិក។ហើយសេចក្តីសម្រេចនេះ នឹងចូលជាធរមានចាប់ពីខែសីហាខាងមុខនេះតទៅ៕ 

ពាក្យទាក់ទង: EBA
Khcct banner

អត្ថបទទាក់ទង