Cct850x100 1

ជនជាតិបរទេសចំនួនជិត២ម៉ឺននាក់កំពុងរស់និងប្រកបអាជីវកម្មក្នុងខេត្តព្រះសីហនុ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ជនជាតិបរទេសចំនួនជិត២ម៉ឺននាក់កំពុងរស់និងប្រកបអាជីវកម្មនៅក្នុងខេត្តព្រះសីហនុ។ ក្នុងនោះសង្គេតឃើញថាវត្តមានជនជាតិចិនក្នុងខេត្តព្រះសីហនុឈរលើលំដាប់លេខ១ បន្ទាប់មកឥណ្ឌូនេស៊ី និងជនជាតិចម្រុះផ្សេងទៀត។ នេះបើតាមប្រសាសន៍របស់លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ។

លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុបានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា គិតនៅក្នុងខែនេះ ទិន្នន័យរបស់ជនជាតិបរទេសក្នុងខេត្តព្រះសីហនុមានចំនួនសរុបជិត២ម៉ឺននាក់។ ក្នុងនោះមានជនជាតិចិនច្រើនជាងគេដែលមានចំនួនជាង១ម៉ឺននាក់ ព្រោះនៅតំបន់គ្រប់គ្រងសេដ្ឋកិច្ចពិសេសសម្បូរដោយជនជាតិចិន។

បើតាមលោក ជួន ណារិន្ទ ជនបរទេសជិត២ម៉ឺននាក់មករស់នៅក្នុងខេត្តព្រះសីហនុ ភាគច្រើនមកក្នុងគោលបំណងមករស់នៅក្នុងរយៈពេលខ្លី ឬវែង និងមានការបើកប្រកបអាជីវកម្មតូចធំដូចជាផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន ក៏ដូចជាបម្រើការផ្នែកជាបគ្គលិកជំនាញបច្ចេកទេសផ្សេងៗ។

គួរបញ្ជាក់ថា កន្លងទៅវត្តមាននៃជនជាតិចិនយ៉ាងគំហុកនៅក្នុងខេត្តព្រះសីហនុ បានធ្វើឱ្យអាគារនៅក្នុងខេត្តនេះមានការរីកលូតលាស់ដូចផ្សិតក្នុងពេលតែមួយប៉ព្រិចភ្នែក។ ប៉ុន្តែនៅពេលដែលរដ្ឋាភិបាលកម្ពុជាបិទលែងឱ្យមានល្បែងអនឡាញ ជនជាតិចិនជាច្រើនក៏បានចាកចេញពីកម្ពុជាវិញដែរ។ ការចាកចេញនេះបានឱ្យវិស័យអចលនទ្រព្យនៅក្នុងខេត្តនេះនៅទ្រឹង ហើយការអភិវឌ្ឍនានាក៏ហាក់មិនដើរលឿនផងដែរ។ អ្នកជំនាញផ្នែកអចលនទ្រព្យ និង សេដ្ឋកិច្ចបានបង្ហាញពីការព្រួយបារម្ភពីអនាគតនៃខេត្តព្រះសីហនុ។

លោក ជួន ណារិន្ទ បានឲ្យដឹងថា ចំនួនជនបរទេសនៅក្នុងខេត្តព្រះសីហនុ គឺអាស្រ័យការចេញចូលលើជើងយន្តហោះ។ ជាក់ស្តែងក្នុងមួយសប្តាស៍មានពីរជើងជាមធ្យមអាចមានចំនួនប្រហែលជាង១០០នាក់ ហើយក៏មានជនបរទេសខ្លះក៏ត្រឡប់ទៅវិញដែរ។ ជាទូទៅសង្គេតឃើញថាជនជាតិបរទេសដែលមកខេត្តព្រះសីហនុមានការកើនឡើង ប៉ុន្តែស្ថិតនៅក្នុងកម្រិតទាបមួយ។

ទាក់ទងសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងខេត្តព្រះសីហនុវិញ មានភាពល្អប្រសើរធម្មតា ដោយសារមានការដឹកនាំរបស់ក្រសួងមហាផ្ទៃដែលមានការចង្អុលបង្ហាញពីសម្តេច ស ខេង បូករួមជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ៕

ពាក្យទាក់ទង: ជនបរទេស
Khcct banner

អត្ថបទទាក់ទង