Yearendyearend1140x150

ក្រសួងទេសចរណ៍៖កម្ពុជានៅតែរៀបចំខ្លួនជាប្រចាំ ទោះបីមិនទាន់អាចទទួលយកភ្ញៀវអន្តរជាតិបាន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីនៃក្រសួងទេសចរណ៍កម្ពុជា

ភ្នំពេញ៖ សម្រាប់កម្ពុជា ទោះបីមិនទាន់អាចទទួលយកទេសចរអន្តរជាតិបាន ក៏កម្ពុជានៅតែរៀបចំខ្លួនជាប់ជាប្រចាំដូចជា ពង្រឹងវិធានសុវត្ថិភាពទេសចរណ៍ ការលើកទឹកចិត្តឱ្យមានការវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងមានសុវត្ថិភាពខ្ពស់។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ថោង ខុន ថ្លែងក្នុងកិច្ចប្រជុំ «The 1st Destination Mekong Summit» តាមរយៈប្រព័ន្ធVideo Conference កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា ខណៈដែលសកលលោកកំពុងជួបនូវវិបត្តិនៃវីរុសកូវីដ១៩ កម្ពុជានៅតែរៀបចំខ្លួនជាប់ជាប្រចាំដូចជា ពង្រឹងវិធានសុវត្ថិភាពទេសចរណ៍ ការលើកទឹកចិត្តឱ្យមានការវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងមានសុវត្ថិភាពខ្ពស់ ការជំរុញឱ្យប្រជាពលរដ្ឋចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីដើរឱ្យទាន់នឹងសម័យកាលបដិវត្តឧស្សាហកម្ម ៤.០ ការលើកស្ទួយ និងជំរុញឱ្យមានការវិនិយោគលើវិស័យកសិកម្ម ការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ ពិសេសគឺការទប់ស្កាត់មិនឱ្យឆ្លងចូលទៅក្នុងសហគមន៍ប្រជាពលរដ្ឋ។

បើតាមឯកឧត្តម ថោង ខុន បានបង្ហើបឱ្យដឹងថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យមានការឈប់សម្រាករយៈពេល៥ថ្ងៃ ដើម្បីសងថ្ងៃឈប់សម្រាកកាលពីកំឡុងពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងទៅ ដោយកំឡុងពេល៥ថ្ងៃនេះ កម្ពុជាទទួលបានភ្ញៀវទេសចរក្នុងស្រុកប្រមាណ ១.៤លាននាក់។ អ្វីដែលឱ្យរីករាយនោះ គឺគ្មានរកឃើញថាមានករណីឆ្លងជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋ ឬភ្ញៀវទេសចរណាម្នាក់នោះឡើយ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានលើកបង្ហាញថា នៅចំពោះការតស៊ូប្រយុទ្ធប្រឆាំងជាមួយបិសាចកំណាចកូវីដនេះ ប្រទេសកម្ពុជាមិនបាននៅស្ងៀមនោះឡើយ ដោយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រោមការគាំទ្រពីសំណាក់អង្គការសុខភាពពិភពលោកផងនោះ បានដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងយ៉ាងសស្រាក់សស្រាំ និងមានការយកចិត្តទុកដាក់ជាទីបំផុត។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង ស្ថាប័ន អង្គភាពនានា ព្រមទាំងប្រជាពលរដ្ឋកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺសកលនេះ ក្នុងនោះក្រសួងទេសចរណ៍ក៏តែងចេញធ្វើសកម្មភាពជាប់ជាប្រចាំនៅតាមដែនសមត្ថកិច្ចរបស់ខ្លួន លើការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នៅតាមតំបន់រមណីយដ្ឋាន សហគមន៍ទេសចរណ៍ មូលដ្ឋានអាជីវកម្មសេវាកម្មស្នាក់នៅ មូលដ្ឋានអាជីវកម្មសេវាកម្មម្ហូបអាហារ អាជីវកម្មសេវាកម្មដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក។

សូមបញ្ជាក់ថា អ្វីដែលគួរឱ្យកត់សម្គាល់ក្នុងកិច្ចប្រជុំ«The 1st Destination Mekong Summit» ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ និងភ្ញៀវទេសចរអន្តរជាតិជាច្រើនបានសម្លឹងឃើញថា កម្រិតនៃការឆ្លងជំងឺកូវីដនៅក្រុមប្រទេសមហាអនុតំបន់ទន្លេមេគង្គ គឺនៅមានកម្រិតតិចតូចជាងតំបន់ដទៃ ដែលទៅថ្ងៃមុខគួរតែរៀបចំឱ្យមានទេសចរមកលេងកម្សាន្តបាន ប៉ុន្តែក៏ត្រូវតែធានាសុវត្ថិភាពទេសចរណ៍ខ្ពស់ និងច្បាស់លាស់ដែរ។

ប៉ុន្តែទោះជាយ៉ាងណា ក្រុមប្រទេសក្នុងតំបន់នេះមិនទាន់ហ៊ានទទួលយកភ្ញៀវទេសចរអន្តរជាតិបាននៅឡើយទេ ពីព្រោះហានិភ័យពីខាងក្រៅនៅមានកម្រិតខ្ពស់នៅឡើយ គឺមានតែភ្ញៀវទេសចរក្នុងស្រុកខ្លះៗប៉ុណ្ណោះ តួយ៉ាងដូចជាកម្ពុជា ថៃ ចិនជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង