Yearendyearend1140x150

ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានកូវីដ០២នាក់ និងសះស្បើយ០២នាក់

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន០២ នាក់  និងករណីជាសះស្បើយចំនួន០២នាក់។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលព្រឹកថ្ងៃ ០៥ សីហា ឆ្នាំ២០២០។

ស្រ្តីជនជាតិខ្មែរ០១នាក់ បានជាសះស្បើយពីជំងឺកូវីដ១៩ បន្ទាប់ពីទទួលលទ្ធផលធ្វើតេស្ត អវិជ្ជមានវីរុសកូវីដ ចំនួន០២ដង និងត្រូវបានក្រសួងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត ដែលស្រ្តីជនជាតិខ្មែរនេះជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន។

ដោយឡែក កុមារីជនជាតិអាមេរិកកាំង ដែលស្នាក់នៅស្ថានទូតអាមេរិកប្រចំាកម្ពុជាក្នុងរាជធានាភ្នំពេញ បានជាសះស្បើយបន្ទាប់ពីការព្យាបាលកន្លងមក និងទទួលលទ្ធផលអវិជ្ជមានកូវីដ១៩ ក្នុងការធ្វើតេស្ត០២ដងដែលគ្រប់គ្រងដោយស្ថានទូតផ្ទាល់។ កុមារីរូបនេះ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមកកម្ពុជា។

ទន្ទឹមនឹងនេះ ក៏មានបុរសជនជាតិខ្មែរ០១នាក់ និងស្រ្តីជនជាតិកាហ្សាក់ស្ដង់ ០១នាក់ វិជ្ជមានកូវីដ១៩។ ដែលបុរសជាជនជាតិខ្មែរ អាយុ៣៥ ឆ្នាំ មានទីលំនៅក្នុងខេត្តកណ្ដាល តេស្តរកឃើញថាវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៤ សីហា ឆ្នាំ២០២០ ជាអ្នកដំណើរមកពីប្រទេសប៉ាគីស្ថាន បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកកម្ពុជា ហើយត្រូវបានធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កបុរី១០០ខ្នងតាំងពីពេលត្រឡប់មកកម្ពុជារហូតដល់ការធ្វើតេស្តលើកទី០២ ឃើញ វិជ្ជមានកូវីដ១៩នេះ។ បច្ចុប្បន្ន បុរសរូបនេះត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ក្នុងនោះដែរ ស្រ្តីជនជាតិកាហ្សាក់ស្ដង់អាយុ៤២ ឆ្នាំ បានធ្វើដំណើរមកពីប្រទេសកាហ្សាក់ស្ដង់ បន្តជើងហោះហើរមកពីកូរ៉េខាងត្បូង មកដល់កម្ពុជាថ្ងៃ ០៣ សីហា ឆ្នាំ២០២០។ ស្រី្តរូបនេះ បានធ្វើតេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃ០៤ សីហា ឆ្នាំ២០២០ បច្ចុប្បន្ន ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត។ចំពោះអ្នកដំណើរដែលធ្វើដំណើរមកជាមួយស្រ្តីខាងលើ មានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។

គិតមកត្រឹមថ្ងៃ ០៥ សីហា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកជាសះស្បើយកូវីដ១៩ ចំនួន២០២នាក់ ស្រ្តី ៤៥នាក់ និងបុរស១៥៧នាក់។ ចំនួនអ្នកមានវីរុសកូវីដ១៩ សរុបចំនួន២៤៣ ស្រ្តី៤៧នាក់ និងបុរស១៩៦នាក់ និងមានអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ចំនួន៤០នាក់ និងសម្រាកដោយឡែកនៅស្ថានទូតអាមេរិកចំនួន០១នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង