Yearendyearend1140x150

យូនីសេហ្វចាប់ផ្តើមយុទ្ធនាការតាមប្រព័ន្ធឌីជីថល ទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ យូនីសេហ្វកម្ពុជា

ភ្នំពេញ៖ យូនីសេហ្វកម្ពុជា និងក្រសួងសង្គមកិច្ច ធ្វើយុទ្ធនាការតាមប្រព័ន្ធឌីជីថលប្រកបដោយភាពច្នៃប្រឌិត ដែលមានឈ្មោះថា «តោះជជែកគ្នា (Let’s Chat)» ចាប់ពីថ្ងៃទី១ មិថុនា រហូតដល់ថ្ងៃទី៣០ សីហា ឆ្នាំ២០២៣ ដើម្បីកាត់បន្ថយហានិភ័យដែលក្មេងជំទង់នៅកម្ពុជាជួបប្រទះ បង្កដោយជនប្រព្រឹត្តអំពើកេងប្រវ័ញ្ចលើអនឡាញ និង ទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើអនឡាញលើកុមារ។

បើតាមរបាយការណ៍យូនីសេហ្វកម្ពុជា ឆ្នាំ២០២២ បានបង្ហាញថា នៅកម្ពុជាកុមារអាយុចន្លោះពី១២ ទៅ ១៧ឆ្នាំ កំពុងប្រើប្រាស់អ៊ីនធឺណិត មាន១១% ធ្លាប់ទទួលរងការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើអនឡាញ។ បញ្ហានេះរួមមានការផ្ញើសារគំរាមកុមារឲ្យចូលរួមក្នុងសកម្មភាពផ្លូវភេទ និងការផ្ញើរូបភាពអាសអាភាស ដោយពុំមានការយល់ព្រមពីភាគីម្ខាងទៀត។ កុមារ ១៦% បានក្លាយជាកម្មវត្ថុនៃការសរសេរមតិយោបល់ ដែលមានចរិតផ្លូវភេទអំពីពួកគេ ក្នុងចំនួននេះ មាន ៣១% បាននិយាយថា ការសរសេរបែបនេះកើតមានលើបណ្តាញទំនាក់ទំនងសង្គម។

លោកបណ្ឌិត វីល ផាកស៍ ប្រធានយូនីសេហ្វនៅកម្ពុជា មានប្រសាសន៍ថា ក្នុងបរិបទដែលការរាយការណ៍ពីករណីរំលោភបំពាន ឬកេងប្រវ័ញ្ចផ្លូវភេទលើអនឡាញ អាចជារឿងដែលគេគិតថាមិនគួរធ្វើ ឬជារឿងអាម៉ាសខ្លាំងពេក វាជាការសំខាន់ណាស់ដែលត្រូវបង្កើតនូវវិធីសាស្ត្រដែលផ្តល់ភាពងាយស្រួល និងបង្ហាញពីសមានចិត្តសម្រាប់ផ្តល់ព័ត៌មានអំពីប្រធានបទនេះ ប្រសិនបើយើងចង់ឲ្យមានការផ្លាស់ប្តូរឲ្យប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយហានិភ័យដែលក្មេងជំទង់ និងយុវជនកំពុងជួបប្រទះ។

យុទ្ធនាការ «តោះជជែកគ្នា» មានគោលបំណងជួយឲ្យក្មេងជំទង់យល់ដឹងពីល្បិចរបស់ជនទាំងនេះ ក៏ដូចជាជួយឲ្យពួកគេចេះកំណត់ដឹង និងយល់ពីអ្វីដែលត្រូវធ្វើ ប្រសិនបើពួកគេ ឬមិត្តភក្តិរ ក្លាយជាមុខសញ្ញារបស់ជនដែលលួងលោមល្បួងកុមារលើអនឡាញ និងអាចធ្វើការសម្រេចចិត្តប្រកបដោយសុវត្ថិភាព ដើម្បីកាត់បន្ថយហានិភ័យសម្រាប់ខ្លួនឯងផង និងសម្រាប់ក្មេងជំទង់ និងកុមារដទៃទៀតផង៕

រូបភាព៖ យូនីសេហ្វកម្ពុជា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង