Cct850x100 1

ខួប៤ឆ្នាំនៃការបាញ់សម្លាប់លោកកែម ឡី៖អាជ្ញាធររារាំងក្រុមសកម្មជនមិនឱ្យមានការជួបជុំ

នយោបាយ
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/

ភ្នំពេញ៖ថ្ងៃទី ១០ កក្កដា ឆ្នាំ២០២០នេះ គឺជាខួបគម្រប់៤ឆ្នាំនៃឃាតកម្មបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយនិងសង្គមដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា។មុនពីរថ្ងៃនេះខួបមកដល់ក្រុមសកម្មជនបរិស្ថានមានគ្នាប្រមាណពី២០ ទៅ៣០នាក់បានមកជួបជុំគ្នាដាក់កម្រងផ្កានៅក្នុងហាងស្តាម៉ាតកាល់តិច (Star Mart Caltex) ស្តុបបូកគោ។ ប៉ុន្តែការជួបជុំគ្នានេះត្រូវបានអាជ្ញាធរហាមឃាត់។

តាំងពីព្រឹកព្រលឹមក្រុមសកម្មជនបរិស្ថាន ក្នុងនោះមានព្រះសង្ឃផងប្រមាណពី២០ ទៅ៣០នាក់និងអង្គ បានមកប្រជុំគ្នានៅក្នុងហាងស្តាម៉ាតកាល់តិច (Star Mart Caltex) ស្តុបបូកគោដែលជាកន្លែងឃាតកម្មបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយនិងសង្គមដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា។ការប្រមូលផ្តុំគ្នានេះ ក្នុងគោលបំណងសម្តែងនូវក្តីនិករលឹកដាក់កម្រងផ្កាឧទ្ទិសជូនវិញ្ញាណក្ខន្ធសពលោកបណ្ឌិត កែម ឡី។

ប៉ុន្តែសកម្មភាពនៃការជួបជុំរបស់ពួកគេ ត្រូវបានអាជ្ញាធរទីក្រុងភ្នំពេញ រារាំង។ក្រុមសកម្មជនបរិស្ថាន បានចាត់ទុកការរារាំងរបស់ក្រុមអាជ្ញាធរថា ជាការបិទសិទ្ធិសេរីភាព និងការបញ្ចេញមតីរបស់ពួកគេដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ ដោយក្រុមសកម្មជនអះអាងថា សកម្មភាពរបស់ពួកគេជាការជួបជុំអហិង្សា។

អាជ្ញាធរខណ្ឌចំការមន នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ឲ្យដឹងថា ការារាំងនេះ គឺម្ចាស់ស្ថានីយប្រេងឥន្ធនៈកាល់តិចបានស្នើសុំមកអាជ្ញាធរឱ្យជួយចាត់វិធានការនានា ដើម្បីធានានូវប្រក្រតីភាពនៃការប្រកបអាជីវកម្ម សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខ និងធានាបាននូវហានិភ័យនៃអគ្គិភ័យ ដែលអាចកើតមានជាយថាហេតុ នៅក្នុងស្ថានីយប្រេង។រដ្ឋបាលខណ្ឌចំការមនសង្កត់ធ្ងន់ថា «រដ្ឋបាលខណ្ឌគ្មានជម្រើសអ្វីក្រៅពីការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ចំពោះជនទាំងឡាយណា ដែលប្រព្រឹត្តផ្ទុយនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា»។

គួររំលឹកជូនថា លោក កែម ឡី អ្នកវិភាគនយោបាយនិងសង្គមមិនសំចៃមាត់នោះ ត្រូវបានឃាតករបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ កក្កដា ឆ្នាំ ២០១៦ នៅហាងស្តាម៉ាតកាល់តិច ស្តុបបូកគោ។ ភ្លាមៗ អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ អឿត អាង ហៅជួបសម្លាប់ និងបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ អឿត អាង ហៅជួបសម្លាប់ បានសារភាពថា ខ្លួនគឺជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ដោយសារជំពាក់ប្រាក់៣ពាន់ដុល្លារ៕


ពាក្យទាក់ទង: នយោបាយ កែម ឡី
Khcct banner

អត្ថបទទាក់ទង