Cctimesw1140xh150cm copy

លោកជួន ថាបូរ៉ាលាក់ខ្លួនពួន«ដាំទំពាំងបាយជូរ»ជាមួយភរិយាក្នុងមហិច្ឆតាថាខ្មែរអាចធ្វើបាន

បទយកការណ៍
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោក ជួន ថាបូរ៉ា ជាម្ចាស់ចម្ការទំពាំងបាយជូរមួយកន្លែង នៅក្នុងខេត្តកំពង់ស្ពឺ។

កំពង់ស្ពឺ៖ លោក ជួន ថាបូរ៉ា ជាម្ចាស់ចម្ការទំពាំងបាយជូរមួយកន្លែង នៅក្នុងខេត្តកំពង់ស្ពឺ។លោកបានពួកសំងំខ្លួនជាមួយ និង ភរិយា រៀបចំចម្ការដាំផ្លែទំពាំងបាយជូរប្រមាណជាង១៤ហិតា។លោក និងភរិយាបានបង្ហើបពីគម្រោងរបស់ខ្លួនថា “លោកមានមហិច្ឆតាផលិតទំពាំងបាយជូរហូបផ្លែ និងស្រាក្រហម ដែលជាស្នាដៃខ្មែរ សម្រាប់ផ្គត់ផ្គង់ក្នុងតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

ថ្វីបើរូបលោកមិនមានបទពិសោធន៍ក្នុងការដាំដុះដំណាំក៏ដោយ តែលោក ជួន ថាបូរ៉ា បានរៀនសូត្រពីអ្នកជំនាញ ហើយអ្វីដែលកាន់តែពិសេស គឺលោកមានជំនាញក្នុងការផលិតស្រាក្រហមរយៈពេល៥ឆ្នាំមកហើយ។

ក្នុងបទសម្ភាសន៍ជាមួយក្រុមការងារស៊ីស៊ីថាមស៍លោក ជួន ថាបូរ៉ា បានថ្លែងថា ផ្ដើមពីជំនាញចេះផលិតស្រាក្រហម បានជម្រុញឲ្យលោកបង្កើតផ្ទៃដីដំដុះដំណាំទំពាំងបាយជូរដោយខ្លួនឯងលើផ្ទៃដីប្រមាណ១៤ ហិកតា ក្នុងទឹកដីនៃខេត្តកំពង់ស្ពឺ។ដើមចមដំបូងនៃការដាំដំណាំទំពាំងបាយជូនេះ ដោយសារតែរូបលោកចេះផលិតស្រាក្រហម និងចង់ឲ្យគេដឹងថា នៅស្រុកខ្មែរក៏អាចដំាដំណាំប្រភេទនេះ និងផលិតស្រាក្រហមបានដែរ។

លោកបន្តថា ពីដំបូងឡើយ គឺលោកចេះតែធ្វើស្រាតែប៉ុណ្ណោះ ដោយសារតែមានលោកពូ បង្ហាត់បង្រៀនពីស្រុកបារាំង នឹងរៀនធ្វើស្រានេះតាំងពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៩ ហើយកាលនោះមិនទាន់មានផ្លែទំពាំងបាយជូរក្នុងស្រុកទេ តម្រូវឲ្យលោកទិញផ្លែពីវៀតណាមមកផលិតជាស្រា ដោយលោកគិតថា ចាំតែទិញផ្លែពីគេ ដោយមិនបានដាំនៅក្នុងស្រុក គឺមិនអាចឈរជើងបានយូរនោះទេ ទើបសម្រេចចិត្តរកដីដាំដុះ ដោយគិតថាចង់ផលិតតែស្រាមួយមុខប៉ុណ្ណោះ ប៉ុន្តែក៏មានគេណែនាំឲ្យដាំពពួកហូបផ្លែឲ្យបានច្រើន ព្រោះវាមានទីផ្សារស្រួលលក់ ម្យ៉ាងផលិតជាស្រាទាល់តែរយៈពេលមួយឆ្នាំទើបអាចលក់បាន។

ម្ចាស់ចម្ការទំពាំងបាយជូររូបនេះ បានឲ្យដឹងទៀតថា ដើមឡើយលោកមិនដឹងទេថាស្រុកយើងអាចដំាដំណាំប្រភេទនេះកើត លុះពេលនាំវិស្វករមកមើលដីដាំដុះទើបគេថាអាចដាំបាន ពេលនោះហើយតម្រូវឲ្យលោកស្វះស្វែងរកបទពិសោធន៍នៃការដំាដុះពីប្រទេសវៀតណាម ដើម្បីរកពូជផ្សាំ។

លោកបន្ថែមថា ទម្រាំតែដំាបានគឺត្រូវចំណាយរយៈពេលមួយឆ្នាំ ដើម្បីរៀបចំដីឲ្យត្រូវតាមស្ដង់ដារ ដោយដាំពូជទំពាំងបាយជូរព្រៃសិន រួចបានផ្សាំគ្នាជាមួយពូជស្រុក ធ្វើដូចនេះទើបវាធន់នឹងអាកាសធាតុស្រុកយើង។

បើតាមលោកបូរ៉ា ការចាប់ផ្ដើមដាំដំណាំនេះ គឺផ្ដើមចេញតាមបែបគ្រួសារប៉ុណ្ណោះ និងដាំបានជាង៥ ហិកតា ដោយដាំបានមួយឆ្នាំក៏ជួបគ្រោះធម្មជាតិក្នុងកំឡុងឆ្នាំ២០១៧ ដោយសារតែទំពាំងបាយជូរគឺមិនអាចធន់នឹងទឹកភ្លៀងបានទេ។ចំពោះផលនៃដំណាំប្រភេទនេះ គឺអាស្រ័យលើសុខភាពនៃដើមទំពាំងបាយជូរបើវាល្អគឺបានផលច្រើន តែបើវាមានបញ្ហាគឺផ្លៃមិនសូវបានច្រើនទេ។

លោកបានលើកជាឧទាហរណ៍ថា៖កាលណាផ្លែជិតទុំពេលត្រូវទឹកភ្លៀងគឺវាប្រេះខូចហើយ តែដោយសារតែបទពិសោធន៍កន្លងមកលោកក៏អាចគ្រប់គ្រងមើលថែដំណាំទាំងនេះ ដោយផ្ដល់ផលល្អគ្រាន់បើ បានប្រហែល២តោនកន្លះហើយ ដោយរំពឹងថាការប្រមូលផលលើកក្រោយនឹងទទួលបានផលច្រើនជាងនេះ។ ចំពោះការប្រមូលទិន្នផលទាំងអស់គឺសម្រាប់តែផ្គត់ផ្គង់តែក្នុងខេត្តកំពង់ស្ពឺតែប៉ុណ្ណោះ ហើយសល់មួយចំនួនគឺសម្រាប់ផលិតជាស្រាក្រហម។

លោកបូរ៉ា មានប្រសាសន៍ថា៖«តាមពិតទៅ ខ្ញុំមិនមានជំនាញផ្នែកដំាដុះនោះទេ ជំនាញខ្ញុំគឺចេះតែផលិតថាតែប៉ុណ្ណោះ ដូច្នេះហើយ បានជាជួបការលំបាកច្រើន ទាំងការដាំដុះ និងការចំនាញទុនដោយជួលអ្នកជំនាញមកបង្រៀនទាំងស្រុង តែរហូតមកដល់ពេលនេះគឺខ្ញុំចេះច្រើនណាស់ដោយអាចមើលថែ និងអាចដាំដុះដោយមិនចាំបាច់ត្រូវត្រូវការអ្នកជំនាញមកជួយទៀតឡើយ»។

ក្រៅពីនេះ លោកគ្រោងនឹងដាំឲ្យសព្វផ្ទៃដីទាំងអស់តែម្ដង តែគឺត្រូវការជំនួយបន្ថែម ហើយលោកក៏មិនទៅរកអ្នកក្រៅដែរ គឺសហការគ្នាជាមួយបងប្អូនឯងតែប៉ុណ្ណោះ ហើយសព្វថ្ងៃលោកមានពូជទំពាំងបាយជូរមិនក្រោម១០ប្រភេទនោះទេ មានទាំងពូជព្រៃខ្មៅ និងក្រហម ចំណែកពូជហូបផ្លៃក៏មានច្រើនប្រភេទដែរដូចជាពូជអត់គ្រាប់ពីអាមេរិក ,ពូជធ្វើស្រាពីប្រទេសជប៉ុន,បារាំង និងអ៊ីតាលី និងមានពូជធ្វើតំណាប់របស់ឥណ្ឌាផងដែរ។

លោកថា ទម្រាំដាំដុះដំណាំទំពាំងបាយជូរបានដូចសព្វថ្ងៃនេះ តម្រូវឲ្យលោកចំនាញដើមទុនមិនក្រោមកន្លះលានដុល្លារនោះទេ ហើយការចំនាញច្រើនបែបនេះ ក៏ដោយសារតែលោកមិនមានបទពិសោធន៍ដាំដុះ និងជួបផលលំបាកជាច្រើនតាំងពីចាប់ផ្ដើមដាំ ដូចជាជួបគ្រោះធម្មជាតិជាដើម។

លោកបញ្ជាក់ផងដែរថា បើមានអ្នកចង់វិនិយោគទាល់តែពង្រីកដីដាំដុះបន្ថែមទៀត ព្រោះការដាំដុះនាពេលនេះត្រឹមលក្ខណៈគ្រួសារ មិនអាចផ្គត់ផ្គង់ទីផ្សារក្រៅស្រុកបានទេ ជាមួយគ្នានេះដែរ នៅពេលដែលដំណើរការដំាដុះបានជោគជ័យ និងអាចផ្គត់ផ្គង់ទីផ្សារបាន លោកនឹងសុំសិទ្ធក្រសួងពាណិជ្ជកម្ម ដើម្បីបង្ហាញពីផលិតផលខ្មែរដែលមានស្ដង់ដារ មានការវេចខ្ចប់ត្រឹមត្រូវ ដោយចង់បង្ហាញថាខ្មែរក៏អាចផលិតស្រាក្រហម និងដាំដំណាំទំពាំងបាយជូរបានដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង