![](https://cdn.cc-times.com/kh.cc-times.com/media/1975/large/97084742_2793615040765480_5508498966771138560_o.jpg?1589186442)
ភ្នំពេញ៖អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន នៅទី១១ ខែឧសភានេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយវិធានការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅអគ្គស្នងការដ្ឋាននគបាលជាតិ។ ក្នុងកិច្ចប្រជុំនោះ លោកហាមមន្ត្រីនគរបាលអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ទាំងអស់ ដាច់ខាតមិនត្រូវឃាត់អ្នកបើកបរ ដើម្បីត្រួតពិនិត្យឯកសារឡើយ លើកលែងតែមានអំពើល្មើសជាក់ស្ដែងប៉ុណ្ណោះ។
បើតាមលោក នេត សាវឿន អំពើល្មើសជាក់ស្ដែងទាំងអស់នោះដូចជា៖ ជិះមិនមានស្លាកលេខ មិនពាក់មួកសុវត្ថិភាព មិនពាក់ខ្សែក្រវ៉ាត់ និយាយទូរស័ព្ទពេលបើកបរជាដើម។
ជាមួយគ្នានោះលោក នេត សាវឿន បានប្រកាសការរឹតបន្តឹងអនុវត្តច្បាប់ត្រូវតែបង្កើនអោយបានខ្លាំងក្លាថែមទៀត រហូតទាល់តែសម្រេចអោយបាននូវគ្រោះថ្នាក់ជាអតិបរមា អោយមានការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកកាន់តែផុសផុល និងធានាបាននូវសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោកទូទាំងប្រទេសផងដែរ។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ បានអោយដឹងថាក្នុងរយៈពេល១០ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានយានយន្ត ចំនួន១៨,៤៥០គ្រឿង ល្មើសច្បាប់ ស្មើនឹង១៩,១៦០ករណី ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។ ក្នុងនោះអំពើល្មើសភាគច្រើន អត់មួកសុវត្ថិភាព អត់កញ្ចក់ និងជិះបញ្ជ្រាស ។ ដោយឡែក សម្រាប់អ្នកបើករថយន្ដ អំពើល្មើសរួមមាន មិនពាក់ខ្សែក្រវ៉ាត់ ល្មើសល្បឿន បណ្ណបើកបរ ដឹកលើសចំណុះ ផ្ទុកទំនិញលើស ផ្លាកលេខ និងភ្លើង។