ភ្នំពេញ៖ ស្នងការនគរបាលជាតិ នៅថ្ងៃទី២ ឧសភានេះ សម្រេចផ្អាកការផាកពិន័យចំពោះរថយន្តលើសសុពលភាព «ឆៀក»។ ការសម្រេចនេះដោយសាពេលថ្មីៗ សង្គេតឃើញពលរដ្ឋសម្រុកមកធ្វើឆៀករថយន្តច្រើនកុះករ ធ្វើឱ្យកកស្ទះដំណើរការធ្វើមិនទាន់។
លោក ហ៊ឹម យ៉ាន នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ បានជូនដំណឹងដល់សមត្ថកិច្ចរបស់អគ្គស្នងការរងនគរបាលជាតិនៅគ្រប់រាជធានី-ខេត្តទាំងអស់ ផ្អាកពិន័យរថយន្តលើសសុពលភាពឆៀកសិន ព្រោះកាលពីថ្ងៃទី១ ឧសភា ឆ្នាំ២០២០ មានរថយន្តជាច្រើនកំពុងទៅឆៀក តែមិនទាន់ឆៀកបាន ព្រោះពលរដ្ឋសម្រុកមកធ្វើឆៀករថយន្តច្រើនកុះករ ធ្វើឱ្យកកស្ទះដំណើរការ។
លោក ហ៊ឹម យ៉ាន បានបន្តថា រឿងនេះក៏មិនមាននៅក្នុងរបៀបវារៈនៃការត្រួតពិនិត្យរបស់ស្នងការនគរបាលជាតិដែរ។ ចំពោះរថយន្ត៩ចំណុចមិនទាន់បានចែងទេ ចាំជំហានខាងមុខទៀត ដើម្បីរង់ចាំបញ្ជាជាថ្មី។
គួរបញ្ជាក់ថា ត្រឹមតែមួយថ្ងៃ ពោលគឺនៅទី០១ ឧសភា ឆ្នាំ២០២០ កន្លងទៅនេះ សមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់បានរថយន្តល្មើសច្បាប់ ១៤៨គ្រឿង និងម៉ូតូ ១១៧៤គ្រឿង។ នេះបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕