Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

សិល្បៈចម្លាក់«សូនរូប»ប្រឈមនឹងការបាត់បង់ ដោយសារមិនសូវមានការចាប់អារម្មណ៍ពីយុវជន

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ មុខវិជ្ជាសូនរូបជាមុខវិជ្ជាមួយក្នុងចំណោមមុខវិជ្ជាជាច្រើនដែល ចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យវប្បធម៌ ប៉ុន្តែបច្ចុប្បន្នមុខជំនាញមិនសូវមានប្រជាពលរដ្ឋខ្មែរស្គាល់ច្បាស់ពីគុណតម្លៃនៃសិល្បៈបុរាណខ្មែរមួយនេះ។ បច្ចុប្បន្ននេះ មានយុវជនតិចតួចចាប់អារម្មណ៍សិក្សាជំនាញសិល្បៈចម្លាក់«សូនរូប»។ ការមិននិយមសិក្សាមុខជំនាញសូនរូបរបស់យុវវ័យបានធ្វើឲ្យមុខវិជ្ជានេះប្រឈមមុខនឹងការបាត់បង់ធនធានមនុស្សលើវិស័យចម្លាក់សូនរូប។

យុវជន តែ ប៊ុនម៉េង ជាសិស្សឆ្នាំទី៦ សិក្សាជំនាញសេរ៉ាមិចនៃសាលាមធ្យមវិចិត្រសិល្បៈ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា មូលហេតុដែលរូបគេសម្រេចចិត្តរៀននូវជំនាញនេះដោយសារការស្រឡាញ់ចូលចិត្ត និងការជំរុញពីម្តាយផ្ទាល់។ ឆ្នាំ២០២២នេះគឺជាឆ្នាំចុងក្រោយនៃការសិក្សាជំនាញសេរ៉ាមិចរបស់ ប៊ុនម៉េង ហើយបន្ទាប់ពីបញ្ចប់ការសិក្សាគេចង់ធ្វើជាគ្រូបង្រៀននៅជំនាញនេះ ដើម្បីបង្ហាត់បង្រៀន និងចែករំលែកចំណេះដឹងដល់អ្នកជំនាន់ក្រោយទៀត។

យុវជន តែ ប៊ុនម៉េង ជាសិស្សឆ្នាំទី៦ សិក្សាជំនាញសេរ៉ាមិចនៃសាលាមធ្យមវិចិត្រសិល្បៈ។

បើតាមយុវជន តែ ប៊ុនម៉េង បានឲ្យដឹងថា ជំនាញសេរ៉ាមិចគឺសិក្សាអំពីផ្នែកសិប្បកម្ម គ្រឿងស្មូន ដំណើរការបាញ់ចុងក្រោយនៃផលិតផល និងការច្នៃប្រឌិតរចនាម៉ូត គ្រឿងលម្អដែលផលិតពីដីឥដ្ឋដោយដៃ…។ សម្រាប់ ប៊ុនម៉េង ការសិក្សាជំនាញសេរ៉ាមិចនេះជួបការលំបាក និងហត់នឿយខ្លះដែរ ប៉ុន្តែនៅពេលបានជួបមិត្តភក្តិរៀនជាមួយគ្នានៅក្នុងសាលា គេហាក់ដូចភ្លេចនូវភាពហត់នឿយ។

ចំពោះយុវជន តែ ប៊ុនម៉េង យល់ឃើញថាការសិក្សាជំនាញសេរ៉ាមិចនេះ ជាជំនាញមួយដ៏ល្អដែលជាសិល្បៈបុរាណមួយដែលដូនតាខ្មែរបានបន្សល់ទុក សូម្បីតែជនបរទេសក៏មានចំណាប់អារម្មណ៍ខាងផ្នែកនេះដែរ។ ប៉ុន្តែក្រឡែកមកមើលបច្ចុប្បន្ននេះ យុវជនខ្មែរហាក់ដូចជាមិនសូវស្គាល់ និងមានចំណាប់អារម្មណ៍សិក្សាជំនាញនេះច្រើនទេ គឺមានតិចតួចប៉ុណ្ណោះ។

យុវជន សើយ ចន្ថា ជាសិស្សឆ្នាំទី២ សិក្សាជំនាញឃ្មុកស្មាច់នៃសាលាមធ្យមវិចិត្រសិល្បៈ។

យុវជន សើយ ចន្ថា ជាសិស្សឆ្នាំទី២ សិក្សាជំនាញឃ្មុកស្មាច់នៃសាលាមធ្យមវិចិត្រសិល្បៈ បានថ្លែងថា កត្តាដែលរូបគេបានសម្រេចចិត្តរៀនជំនាញនេះ ដោយសារការស្រឡាញ់។ យុវជន ចន្ថា បន្តថា ការសិក្សាជំនាញឃ្មុកស្មាច់នេះមានការលំបាកគួរសម និងទាមទារឲ្យមានការអត់ធ្មត់ ប្រឹងប្រែង។ បច្ចុប្បន្ន មិនសូវមានយុវជនមានចំណាប់រៀននូវជំនាញនេះទេ។

យុវជន សើយ ចន្ថា បានសំណូមពរដល់ប្រជាពលរដ្ឋខ្មែរ និងយុវជន បន្តគាំទ្រដល់សិល្បៈបុរាណខ្មែរ ដែលជាជាកេរ្តិ៍ដំណែកដែលខ្មែរមានតាំងពីយូរលង់ណាស់មកហើយ ជួយក្នុងការអភិរក្សសម្បត្តិនេះឲ្យបានគង់វង្ស ចៀសជាងការឈ្លោះប្រកែកគ្នានៅតាមបណ្តាញសង្គមបង្ហាញមតិថាខ្លួនស្រឡាញ់សិល្បៈវប្បធម៌ខ្មែរ។

យុវជន នី ជីវ៉ា ជាសិស្សឆ្នាំទី២ សិក្សាជំនាញក្រឡាភាគនៃសាលាមធ្យមវិចិត្រសិល្បៈ។

យុវជន នី ជីវ៉ា ជាសិស្សឆ្នាំទី២ សិក្សាជំនាញក្រឡាភាគនៃសាលាមធ្យមវិចិត្រសិល្បៈ បានថ្លែងថា ការរៀនជំនាញនេះជួបការលំបាកខ្លះដែរ ដូចជាការចុកដៃ និងត្រូវតែមានការអត់ធ្មត់។ ពេលជួបការលំបាក្នុងការសិក្សា ជីវ៉ាតែងតែសុំឲ្យសិស្សច្បងជួយពន្យល់បន្ថែម។ ជួលកាល ក៏មានការជួយលើទឹកចិត្តពពីមិត្តភក្តិដែលរៀនជំនាញជាមួយគ្នាផងដែរ។

ចំណែក លោកសាស្រ្តាចារ្យ ផាន់ ពន្លក ប្រធានសាលាសិល្បៈសូនរូបនៅសាលាមធ្យមវិចិត្រសិល្បៈបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ មិនសូវជាមានសិស្សចាប់អារម្មណ៍ជំនាញនេះច្រើនទេ។ ភាគច្រើនយុវជនច្រើនចាប់អារម្មណ៍លើជំនាញផ្សេងៗទៅវិញ។ នេះជាក្តីបារម្ភរបស់លោកសាស្រ្តាចារ្យ ផាន់ ពន្លក ដែលសង្គេតឃើញថា កាលណាយុវជនមិនសូវគាំទ្រ ថែរក្សា នូវសិល្បៈវប្បធម៌បុរាណខ្មែរ នោះនៅថ្ងៃអនាគតនឹងអាចបាត់បង់។

ចំណែក លោកសាស្រ្តាចារ្យ ផាន់ ពន្លក ប្រធានសាលាសិល្បៈសូនរូបនៅសាលាមធ្យមវិចិត្រសិល្បៈ។

លោកសាស្រ្តាចារ្យ ផាន់ ពន្លក បានថ្លែងថា ដូចពាក្យស្លោកខ្មែរតែងតែលើកឡើងថា «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន» ជាពិសេសយុវវ័យដែលបានឆ្លង កាត់ការសិក្សាទទួលស្គាល់ថាប្រទេសជាតិមួយរុងរឿងទៅបាន អាស័្រយទៅលើវប្បធម៌ ហើយកត្តាធនធានមនុស្សជាកត្តាចាំបាច់ក្នុងការជំរុញឲ្យ វប្បធម៌ខ្មែរមានការរីកចម្រើន។

ជាចុងក្រោយ លោកសាស្រ្តាចារ្យ ផាន់ ពន្លក បានសំណូមពរដល់ប្រជាពលរដ្ឋខ្មែរ ងាកមកចាប់អារម្មណ៍គាំទ្រសិល្បៈសូនរូប ព្រោះនេះជាសិល្បៈវប្បធម៌បុរាណដែលដូនតាខ្មែរជំនាន់ដើមបានបន្សល់ទុកមក។ បន្ថែមនេះពលរដ្ឋខ្មែរ ជាពិសេសយុវជនជួយចូលរួមក្នុងការផ្សព្វផ្សាយពីតម្លៃនៃសិល្បៈវប្បធម៌ជាតិខ្មែររបស់យើង ដើម្បីបាននៅស្ថិតស្ថេរគង់វង្សដល់កូនចៅជំនាន់ក្រោយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង