ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរមួយចំនួនមានការព្រួយបារម្ភពីការបាត់បង់ប្រពៃណីប្រណាំងទូកសម្រាប់ពីធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ។ ការព្រួយបារម្ភនេះ កើតមានឡើងក្រោយរដ្ឋាភិបាលកម្ពុជាបានលុបចោលការប្រណាំងទូកនៅទីក្រុងភ្នំពេញសម្រាប់ឆ្នាំ២០២១នេះ និងកាលពីឆ្នាំ២០២០ ដើម្បីការពារប្រជាពលរដ្ឋពីការឆ្លងរាលដាលកូវីដ-១៩។
កញ្ញា ឡេង រម្យនា ជាប្រជាពលរដ្ឋមួយរូប បានប្រាប់ស៊ីស៊ីថាមស៍ថា រូបនាងមានការសោកស្តាយខ្លះដែរ ចំពោះបញ្ហានៃការខកខានការប្រណាំងទូកសម្រាប់ពិធីបុណ្យអុំទូកឆ្នាំមុន និងឆ្នាំនេះ ព្រោះការប្រណាំងទូកគឺជាប្រពៃណី និងទំនៀមទំលាប់ខ្មែរតាំងពីបុរាណកាលមក។
រម្យនាបន្តថា បើប្រពៃណីណៃការប្រណាំងទូកត្រូវបានខកខានពីមួយឆ្នាំទៅមួយឆ្នាំ នោះក្មេងៗជំនាន់ក្រោយ ក៏ដូចជាបរទេសនឹងមិនបានស្គាល់ពីទិដ្ឋភាពជាក់ស្តែងនៃការរៀបចំការប្រណាំងទូក និងមិនស្គាល់ពីភាពអ៊ូអរ និងការជួបជុំមិត្តភ័ក្តឬក្រុមគ្រួសារក្នុងការទស្សនាដោយផ្ទាល់ពីការប្រណាំងទូកឡើយ។
មួយវិញទៀត រម្យនាបន្ថែមថា ការខកខាននៃការប្រណាំងទូកនេះ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកីឡាករប្រណាំងទូកអាជីពមួយចំនួន ក៏ដូចជាបាត់បង់ធនធានមនុស្សនៅក្នុងការប្រណាំងទូកផងដែរ។ ប៉ុន្តែសម្រាប់ការលុបចោលការប្រណាំងទូកសម្រាប់ឆ្នាំ២០២០-២០២១នេះ គឺជាការគិតគូរដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរ ជារួមគឺការពារកុំឱ្យជួបជុំគ្នាច្រើន ដើម្បីការពារការឆ្លងរាលដាលកូវីដ-១៩។
ចំពោះរម្យនា ប្រសិនបើឆ្នាំក្រោយៗ មិនមានការរំខានពីជំងឺកូវីដ-១៩ និងបញ្ហាប្រឈមផ្សេងៗទេ រូបនាងពិតជាគាំទ្រឱ្យមានការរៀបចំការប្រណាំងទូកនៅក្នុងឱកាសពិធីបុណ្យអុំទូកឡើងវិញ ព្រោះវាជួយរំលេចឡើងវិញនូវប្រពៃណីទំនៀមទំលាប់ខ្មែរ និងជាពិសេសអាចឱ្យបរទេសឱ្យស្គាល់ពីប្រពៃណីខ្មែរកាន់តែច្បាស់ និងសម្បូរបែប។
កញ្ញា គៀន ស្រីលីស និស្សតិនៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រាប់ស៊ីស៊ីថាមស៍ដែរថា រូបនាងក៏មានការព្រួយបារម្ភខ្លះដែរចំពោះការលុបចោលការប្រណាំងទូកសម្រាប់ពិធីបុណ្យអុំទូករយៈពេល២ឆ្នាំកន្លងមកនេះ។
ស្រីលីស បន្តថា បើទោះជានៅរាជធានីភ្នំពេញមិនមានការប្រណាំងទូកក្នុងឱកាសពិធីបុណ្យអុំទូកក្តី ក៏ប៉ុន្តែនៅតាមបណ្តាខេត្តមួយចំនួនដែលរងផលប់ះពាល់តិចតួចពីកូវីដ-១៩ នៅតែមានការប្រណាំងទូកជាធម្មតា។ ដូចនេះ សម្រាប់រយៈពេល២ឆ្នាំនេះ គឺនាងមិនសូវជាភ័យខ្លាចចំពោះការបាត់បង់ប្រពៃណីអុំទូកទេ តែគួរតែការពារខ្លួនពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាមុនសិន។
ស្រីលីសបន្ថែមថា ប្រសិនបើប្រទេសកម្ពុជាអាចការពារពីការឆ្លងកូវីដបាន ក៏ដូចជាមិនមានឧបសគ្គផ្សេងៗមករារាំងនោះ រូបនាងជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងប្រារព្ធពិធីបុណ្យអុំទូក ក៏ដូចជាពិធីបុណ្យជាតិនានាវិញតាមធម្មតា។
កញ្ញា សារិន គីរី ជាអាជីវករលក់សម្លៀកបំពាក់ក៏បានប្រាប់ស៊ីស៊ីថាមស៍ថា ការព្រួយបារម្ភពីការបាត់បង់ប្រពៃណីអុំទូកគឺមានតិចតួចសម្រាប់នាង ពីព្រោះនៅតាមបណ្តាខេត្តនានាគឺនៅតែមានពិធីប្រណាំងទូកជាធម្មតា។ រូបនាងសង្ឃឹមថា ឆ្នាំក្រោយការប្រណាំងទូកក្នុងពិធីបុណ្យអុំទូក នឹងធ្វើបានរៀបចំឡើងវិញយ៉ាងអ៊ូអរ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជា។
គួរបញ្ជាក់ថា ពិធីបុណ្យអុំទូកអកអំបុក និងសំពះព្រះខែ គឺជាពិធីបុណ្យជាតិធំមួយ ក្នុងចំណោមពិធីបុណ្យជាតិជាច្រើនផ្សេងទៀត។ ប្រទេសកម្ពុជាតែងតែប្រារព្ធធ្វើពិធីបុណ្យនេះឡើងជារៀងរាល់ឆ្នាំ មានរយៈពេល៣ថ្ងៃនៃខែវិច្ឆិកា ដែលជាខែចេញវស្សា នៃរដូវ រកត្រី។ ពិធីបុណ្យអុំទូកត្រូវបានគេជឿថា មានការប្រារព្ធធ្វើតាំងពីសម័យបុរាណកាលមក ដែលអាចជានៅក្នុងឆ្នាំ១១៨១នៃគសករាជស្ថិតក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៧។
កាលពីឆ្នាំ២០២០ ពិធីបុណ្យជាតិដ៍ធំមួយនេះ ក៏ត្រូវបានលុបចោល ដោយសារតែបារម្ភពីឆ្លងរាលដាលកូវីដ-១៩។ សម្រាប់ឆ្នាំ២០២១នេះ ស្ថានភាពនៃជំងឺកូវីដ-១៩ នៅតែមិនទាន់មានភាពស្ងប់ស្ងាត់នៅឡើយ ដូចនេះរាជរដ្ឋាភិបាលកម្ពុជាសម្រេចលុបចោលពិធីបុណ្យអុំទូកជាថ្មីទៀតនៅឆ្នាំនេះផងដែរ៕