Cctimesw1140xh150cm copy

លោកញាន ផល្លឹក ចាប់ផ្តើមផលិត«រថយន្តអង្គរ»អគ្គិសនីឡើងវិញ ក្រោយផ្អាក៥ឆ្នាំដោយសារបញ្ហាសុខភាព

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ញាន ផល្លឹក ជាស្ថាបនិក«រថយន្តអង្គរ»អគ្គិសនី។
(រូបភាព៖ Angkor Car)

ភ្នំពេញ៖ លោក ញាន ផល្លឹក ជាស្ថាបនិក«រថយន្តអង្គរ»ប្រើប្រាស់ថាមពលអគ្គិសនីនៅក្នុងប្រទេសកម្ពុជា ដោយផ្ទាល់ដៃ។ លោកបានសម្រេចចិត្តចាប់ផ្តើមផលិត«រថយន្តអង្គរ»អគ្គិសនីនេះឡើងវិញ ក្រោយពីលោកបានផ្អាកអស់រយៈពេល៥ឆ្នាំ ដោយសារបញ្ហាសុខភាព។

ក្នុងកិច្ចសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ លោក ញាន ផល្លឹក បានថ្លែងថា លោកបានផ្អាកការផលិតរថយន្តអង្គរអស់រយៈពេល៥ឆ្នាំ ដោយសារបញ្ហាសុខភាព ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះឃើញថាមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរជំរុញឲ្យលោកបន្តការផលិតថយន្តអង្គរ។ លោកក៏សម្រេចចិត្តចាប់ផ្តើមផលិតរថយន្តអង្គរអគ្គិសនីនេះឡើងវិញ។

លោក ញាន ផល្លឹក បានបន្តថា ក្នុងការផលិតរថយន្តអង្គរនេះ លោកបានធ្វើការសិក្សាស្រាវជ្រាវរយៈពេល៤ឆ្នាំ ដើម្បីស្វែងរកបច្ចេកវិទ្យាថ្មីប្លែកខុសពីគេ ពោលគឺលោកចាប់ផ្តើមស្រាវជ្រាវតាំងពីឆ្នាំ២០០០មកម្ល៉េះ។ បន្ទាប់ពីបានធ្វើការសិក្សាស្រាវជ្រាវហើយ លោកក៏បានសម្រេចចិត្តចាប់ផ្តើមផលិតរថយន្តអង្គរនេះ ដោយចំណាយពេលជិត២ឆ្នាំទើបអាចផលិតរថយន្តអង្គរនេះមួយបាន។

លោក ញាន ផល្លឹក បានថ្លែងថា នៅពេល«រថយន្តអង្គរ»អគ្គិសនីនេះលេចចេញជារូបរាងគឺមានប្រជាពលរដ្ឋខ្មែរ ក៏ដូចជាបណ្តាសារព័ត៌មានក្នុងស្រុក និងក្រៅស្រុកផ្ទុះការចាប់អារម្មណ៍ និងបានគាំទ្រនូវគំនិតច្នៃប្រឌិតក្នុងការផលិតរថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនី។ រថយន្តអង្គរនេះមានលក្ខណៈពិសេសដូចជាទ្វាឡានអត់ដៃបើក បញ្ជាបើកទ្វាដោយស័្វយប្រវត្តិ ឡានស្គាល់ម្ចាស់ និង ដៃចង្កូតឡានជាដើម។

លោកបន្ថែមថា មានមនុស្សជាច្រើនបានចាប់អារម្មណ៍ចង់ទិញរថយន្តអង្គរនេះទៅជិះ ប៉ុន្តែលោកមិនអាចលក់បានទេ ដោយហេតុថា នេះជារថយន្តផលិតដោយដៃ មិនមានបច្ចេកទេសត្រឹមត្រូវ និងមិនត្រូវតាមស្តង់ដារអន្តរជាតិ។ លោកផលិតរថយន្តនេះដោយសារតែការចូលចិត្តក្នុងការកែច្នៃអ្វីដែលប្លែក ដើម្បីទុកជាស្នាដៃដល់ប្រជាពលរដ្ឋខ្មែរ និងបង្ហាញដល់អន្តរជាតិឲ្យបានឃើញ។

លោកបន្តថា ក្នុងការផលិតរថយន្តអង្គរអគ្គិសនីគឺមានការលំបាក ព្រោះការផលិតដោយដៃផ្ទាល់ មានគ្នាតិច និងត្រូវប្រើពេលវេលាយូរក្នុងការផលិត។ រីឯសម្ភារៈក្នុងការផលិតវិញ គឺភាគច្រើនយកមកពីក្នុងស្រុកដូចជា គ្រឿងរថយន្តជជុះ គ្រឿងរថយន្តកាប់សាច់ យកមកផ្គុំបង្កើតជារថយន្ត។

លោក ញាន ផល្លឹក បានឲ្យដឹងទៀតថា នាពេលអនាគតលោកមានគម្រោងផលិតរថយន្តប្រើប្រាស់គ្រឿងអគ្គិសនី ដោយលោកបានធ្វើគម្រោងដាក់ក្នុងផែនការនៅក្នុងប្លង់មានដូចជា ឡានក្រុង ឡានវែន៦កៅអី ឡានវែន១២កៅអី ឡានទេសចរណ៍ ឡានស្ព័រ និងបន្ទាប់មកមាន កង់បី ម៉ូតូ ស្កូតទ័រ កង់ ដ្រូន។ បន្ថែមនេះលោក មានគម្រោងផលិតទូក ដោយប្រើប្រាស់សូឡាដើរដោយថាមពលអគ្គិសនី៕


(រូបភាព៖ Angkor Car)
(រូបភាព៖ Angkor Car)


(រូបភាព៖ Angkor Car)
(រូបភាព៖ Angkor Car)
(រូបភាព៖ Angkor Car)
(រូបភាព៖ Angkor Car)


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង