Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្តេចព្រះនរោត្តម សីហនុ«ព្រះបិតាឯករាជ្យជាតិ»ជាទីពុំអាចបំភ្លេចបាន

បទយកការណ៍
/
អ្នកយកព័ត៌មាន:
គួន សំបូរ
/
សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ 

ភ្នំពេញ៖ ថ្ងៃទី៩ វិច្ឆិកា១៩៥៣ ដល់ ៩ វិច្ឆិកា២០២១នេះ គឺជាខួបគម្រប់ ៦៨ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។ ជាទិវាបុណ្យដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរទាំងមូល បាននឹកឃើញដល់ស្នាព្រះហស្ថរបស់អតីតព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលទ្រង់បានខិតខំប្រឹងប្រែង ទាមទារឯករាជ្យ ពីអាណានិគមនិយម បារាំង ហើយនាំឯករាជ្យភាព សន្តិភាព សម្រាប់ប្រទេសកម្ពុជា។

«សម្តេចព្រះបាទ នរោត្តម សីហនុ ព្រះវររាជបិតាទ្រង់ប្រសូត្រនៅថ្ងៃអង្គារ ១១កើត ខែកក្ដិក ឆ្នាំច ចត្វាស័ក ព.ស.២៤៥៦ ដែល ត្រូវនឹងថ្ងៃទី៣១ ខែតុលា ក្នុងឆ្នាំ១៩២២។ ព្រះអង្គប្រសូតនៅព្រះបរមរាជវាំងនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះបិតាព្រះអង្គព្រះ នាម ព្រះបាទ នរោត្តម សុរាម្រិត រីឯព្រះមាតា សម្តេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុម: នារីរដ្ឋ។

ថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១ ព្រះអង្គបានឡើងគ្រងរាជសម្បត្តិ។ ក្នុងឋានៈព្រះអង្គជាព្រះមហាក្សត្រ ទ្រង់បានបំពេញព្រះរាជ បូជនីយកិច្ចធំៗជាច្រើន សម្រាប់ជាតិមាតុភូមិកម្ពុជាដូចជា៖ ជោគជ័យក្នុងការទាមទារឱ្យប្រទេសថៃ សងមកប្រទេសកម្ពុជាវិញ នូវ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ធំ និង ខេត្តស្ទឹងត្រែង ដែលប្រទេសថៃបានយកទៅនាសម័យសង្គ្រាម។ ព្រះអង្គ បានឈ្នះក្ដីប្រាសាទព្រះវិហារជាមួយប្រទេសថៃ នៅឯទីក្រុងឡាអេ នៅឆ្នាំ១៩៦២ ហើយបានទាមទារឯករាជភាពនៃប្រទេសកម្ពុជាពីសារណរដ្ឋបារាំងបានដោយជោគជ័យនៅឆ្នាំ១៩៥៣។

ការទាមទារឯករាជ្យពីសាធារណរដ្ឋបារាំងនៅពេលនោះ គឺមិនការបង្ហូរឈាមនោះទេ ខណៈដែលនៅប្រទេសជិតខាងកម្ពុជា ចម្បាំងជាមួយបារាំង ទម្រាំបានឯករាជ្យ។ ក្រោយទទួលបានឯករាជ្យពីបារាំង ក្រោមការដឹងនាំរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋប្រទេសកម្ពុជា បានរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យរួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និង វិស័យឧស្សាហកម្មនានាជាដើម ហើយត្រូវគេប្រសិទ្ធនាមថា ប្រទេសកម្ពុជាជាកោះសន្តិភាព។

យោងតាមឯកសារមួយចំនួន បានឱ្យដឹងនា ស្ថានភាពប្រជាពលរដ្ឋខ្មែររស់នៅក្នុងសម័យនោះ មានសេចក្តីថ្លៃថ្នូរ សំបូរសប្បាយ ហើយវាជការគ្រប់ឋានៈមានប្រាក់បៀវត្សរ៍គ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់គ្រួសារ។រីឯសេវាសាធារណៈ បានបម្រើប្រជាពលរដ្ឋ គឺមាន ភាពសំបូរបែប ជាពិសេស វិស័យសុខាភិបាល និង វិស័យអប់រំ ដែលគុណភាពខ្ពស់។

បើទោះបីជាប្រទេសកម្ពុជាកំពុងតែរីកចម្រើនលើគ្រប់វិស័យ និងប្រជាពលរដ្ឋខ្មែររស់នៅប្រកបដោយសុខសន្តិភាពនោះ សម្តេច ព្រះនរោត្តម សីហនុ ត្រូវលោកសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីតំណែងជាព្រះប្រមុខរដ្ឋ នៅពេលដែល ព្រះអង្គយាងចេញទៅបំពេញព្រះទស្សនកិច្ចនៅឯក្រៅប្រទេស។ក្រោយមកកម្ពុជា បានផ្លាស់ប្តូររបបនយោបាយ ហើយបានធ្លាក់ ចូលទៅក្នុងសង្គ្រាមស៊ីវិល។

នៅកំឡុងទសវត្សរ៍ឆ្នាំ១៩៨០ សម្តេចព្រះនរោត្តម សីហនុ ទ្រង់ត្រូវបានគេជ្រើសរើសជាដៃគូពិភាក្សាដ៏សំខាន់មួយដើម្បីឈាន ទៅរកការដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា។នយោបាយចរចាបង្រួបបង្រួមជាតិជាតិកម្ពុជា បានអូសបណ្តាយជាច្រើនឆ្នាំ រហូតបង្កើតឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ តាមរយៈកិច្ចព្រមព្រៀងនេះ ជំរុញឱ្យ ភាគីវៀតណាមដកកងទ័ពចេញពីប្រទេសកម្ពុជា និង ធានាឯករាជ្យ អធិបតេយ្យកម្ពុជាជាថ្មី។

ព្រះអង្គជាបានប្រមូលផ្តុំឱ្យអ្នកតស៊ូ និង អ្នកស្នេហាជាតិមាតុភូមិគ្រប់និន្នាការនយោបាយ មករួបរួមគ្នាដើម្បីកសាងប្រទេសជាតិ ឡើងវិញ និងបើកឱ្យមានការបោះឆ្នោតជាសកលនៅឆ្នាំ១៩៩៣។ ព្រះអង្គបានដាក់រាជ្យវិញនៅដើមខែតុលា ឆ្នាំ២០០៤ ហើយ ក្រោយមករដ្ឋសភានៃប្រទេសកម្ពុជា បានថ្វាយព្រះឋានៈព្រះអង្គជា ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវី រក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ។

ម្លោះហើយបានជា នៅថ្ងៃទិវាបុណ្យឯករាជ្យជាតិ រាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ក្រោមព្រះរាជាធិបតី ភាពរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយមានពិធី ប្រទានភ្លើងជ័យ ពិធីដាក់កម្រផ្កា និង ការបង្ហោះសត្វព្រាបពណ៌ស រួមទាំងប៉េងប៉ោងព្រោងព្រាតយ៉ាងស្រស់ស្អាតពេញអាកាស វេហា។ នៅពេលយប់ក៏មានការបាញ់កាំជ្រួចអបអរសាទរ ហើយប្រជាពលរដ្ឋសិស្សនិស្សិត និងមន្ត្រីរាជការទាំងអស់ ត្រូវបាន អនុញ្ញាតឱ្យឈប់សម្រាកមួយថ្ងៃ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង