Cctimesw1140xh150cm copy

ចាប់ពីពេលនេះទៅ មិនមានការបិទផ្សារ សាលារៀន ឬរោងចក្រទៀតទេ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សិស្សសាលាដែលបានចូលរៀននៅថ្ងៃនេះ។
រូបភាព៖ Mr.GO

ភ្នំពេញ៖ ចាប់ពីពេលនេះទៅ រដ្ឋាភិបាលនឹងសម្រេចថាមិនមានការបិទប្រទេស បិទសាលារៀន បិទផ្សារឬរោងចក្រទេ ហើយភាគរយដែលបិទគឺមានតិចណាស់។ យ៉ាងណា ដើម្បីធានាបានដល់ការបើកប្រទេសឡើងវិញ រដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវគោលការណ៍ចំនួន៣ក្នុងការអនុវត្តដោយស្មារតីប្រុងប្រយ័ត្ន និងតុល្យភាពចំបាច់ការពារសុខភាព អាយុជីវិត និងសុវត្ថិភាពនៃការរស់នៅរបស់ពលរដ្ឋតាមបែបគន្លងថ្មីផងដែរ។

យោងតាមប្រសាសន៍សម្ដេចហ៊ុន សែន ថ្លែងក្នុងសន្និសិទ្ធការសែតក្នុងការឱកាសបិទកម្មវិធីចាក់វ៉ាក់សាំងជុំទីមួយ បានឱ្យដឹងថា រដ្ឋាភិបាលកំពុងរៀបចំបញ្ចប់ និងដាក់ចេញនូវពេលឆាប់ខាងមុខ នូវយុទ្ធសាស្រ្តជាតិស្ដីពីការរស់នៅតាមមកន្លងថ្មីក្នុងបរិបទកូវីដ១៩ស្របតាមអភិក្រម ១) ការបើកឡើងវិញស្របតាមសភាពការណ៍ជាក់ស្ដែងត្រូវបានអនុញ្ញាត ២) ការបើកឡើងវិញដោយប្រយ័ត្នប្រយែង ដោយផ្អែកលើវិសេសភាពនៃតំបន់ឬវិស័យ ឬអនុវិស័យនៃប្រភេទសកម្មភាពសង្គមសេដ្ឋកិច្ច ផ្សាភ្ជាប់ជាមួយវិធាន និងស្ដង់ដារប្រតិបត្តិនៃសុវត្ថិភាពពីជំងឺកូវីដ១៩ និង៣) ការរក្សាភាពបត់បែន តាមរយៈការអនុវត្តយុទ្ធសាស្រ្តបើកបិទតាមសភាពការណ៍ត្រឹមត្រូវ។

សម្ដេចបញ្ជាក់ថា ចំណុចបើកបិទនេះ ក្នុងករណីដែលគ្មានហានិភ័យនៃជំងឺឆ្លងប្រភេទថ្មីណាមួយកើតឡើង ការបិទគឺមានលទ្ធភាពតិចណាស់ដែលនឹងបិទប្រទេស។

សម្ដេចមានប្រសសន៍ថា៖ «បទពិសោធន៍ឈឺចាប់ យើងបានទទួលមេរៀនរួចហើយ ព្រោះកាលបិទកន្លងទៅបញ្ចៀសគ្រោះថ្នាក់ យើងមិនធ្លាក់ជ្រោះមរណៈទេ ប៉ុន្តែយើងលំបាកណាស់ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ដោះស្រាយជីវភាពប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់»។

សម្ដេចបន្តទៀតថា ចាប់ពីពេលនេះតទៅ បើផ្សារណាមួយរកឃើញថាមានអ្នកឆ្លងកូវីដ១៩ មិនចាំបាច់បិទផ្សារទាំងមូល និងធ្វើតេស្តទៅលើមនុស្សទាំងអស់នោះដែរ។

ចំណែករោងចក្រវិញ បើកម្មករម្នាក់ឆ្លង គឺយកកម្មករហ្នឹងទៅព្យាបាលហើយអ្នកដែលប៉ះពាល់អាចយកទៅចត្តាឡីស័កបាន កុំបិទរោងចក្រទាំងមូល។ ដោយឡែក សម្រាប់សាលារៀនដែលបើកនៅថ្ងៃនេះ បើមានអ្នកឆ្លងគឺយកតែអ្នកឆ្លងទៅព្យាបាល និងបាញ់ថ្នាំសម្លាប់មេរោគ រួចបន្តការរៀនបន្តទៀត។

សម្ដេចបន្តថ្លែងថា រដ្ឋាភិបាលកំពុងធ្វើកំណែទម្រង់ ដើម្បីប្រែក្លាយវិវត្តិឱ្យទៅជាកាឡានុវត្តភាព ដែលនៅពេលខាងមុខនេះយុទ្ធសាស្រ្តនឹងជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ តាមបែបគន្លងថ្មីនឹងដាក់ឱ្យដំណើរការនាពេលខាងមុខនេះ។

ទន្ទឹមនឹងនេះ យន្តការដែលមានការពាក់ព័ន្ធ និងបន្តតាមដានវាយតម្លៃពីការវិវត្តន៍នៃសភាពការណ៍ឱ្យបានជាប់ជាប្រចាំ ពិសេសអត្រាអ្នកឆ្លងជំងឺកូវីដដែលឈានទៅរកសភាពធ្ងន់ធ្ងរ អត្រាអ្នកស្លាប់ដោយសារកូវីដ១៩ និងកត្តាហានិភ័យនានាដែលអាចកើតមានដោយមេរោគកូវីដប្រភេទថ្មីផ្សេងទៀត ដើម្បីឱ្យរដ្ឋាភិបាលមានមូលដ្ឋានគ្រប់គ្រាន់ ក្នុងការដាក់ចេញនូវវិធានការណ៍ចាំបាច់នានាបានទាន់ពេល និងប្រសិទ្ធភាពខ្ពស់។

ពិសេសគឺបន្តតាមដាន និងវាយតម្លៃពីប្រសិទ្ធភាពវ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញ ដើម្បីរដ្ឋាភិបាលអាចចាត់វិធានការណ៍ជំហានបន្ត ព្រោះបើតម្រូវឱ្យចាក់ដូសទី៤ ក៏ត្រូវតែចាក់បើមិនចាក់នឹងបាត់បង់ប្រសិទ្ធភាពរបស់វ៉ាក់សាំង ដូច្នេះកម្ពុជានឹងត្រៀមទុនបម្រុងមួយចំនួនដើម្បីត្រៀមសម្រាប់ចាក់ដូសទី៤ជូនពលរដ្ឋ ហើយខាងក្រសួងទទួលបន្ទុក ត្រូវសិក្សាមើលចាក់ដូសទី៣ហើយការវិវត្តន៍យ៉ាងមិច។

ក្នុងនោះ យន្តការណ៍ដែលពាក់ព័ន្ធត្រូវបើកទូលាយដល់សេវាសុខាភិបាលឯកជនដើម្បីអនុញ្ញាតឱ្យអ្នកទាំងនោះអាចចូលរួមយ៉ាងសកម្ម និងឱ្យបានពេញលេញទាំងការព្យាបាលកូវីដ១៩ និងការផ្គត់ផ្គងឱសថ និងចាក់វ៉ាក់សាំងកូវីដ១៩ក្នុងតម្លៃសមរម្យ។ និងយន្តការណ៍ចុងក្រោយគឺ សាធារណៈជនគ្រប់រូបត្រូវចូលរួមប្រកបដោយសា្មរតីទទួលខុសត្រូវ ក្នុងការអនុវត្តវិធានការណ៍បង្ការការការពារខ្លួនពីកូវីដ១៩ ពិសេស៣កុំ៣ការពារ ។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង